អ.ស.ប៖ មនុស្សជិត២០ម៉ឺននាក់ត្រូវភៀសខ្លួន នៅតំបន់ហ្គាហ្សា ខណៈមានកង្វះខាតទឹក និងអគ្គិសនី

អ.ស.ប៖ ការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បានអះអាងថា មនុស្សជិត ២០ម៉ឺននាក់បានភៀសខ្លួន ចេញពីផ្ទះរបស់ពួកគេ នៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីការចាប់ផ្តើមនៃអរិភាព ហើយកំពុងត្រៀមខ្លួនរងគ្រោះពីការខ្វះខាតទឹក និងអគ្គិសនី ដោយសារតែការបិទផ្លូវ បន្ថែមទៀត។

លោក Jens Laerke អ្នកនាំពាក្យ ការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បានប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុងហ្សឺណែវថា «ការផ្លាស់ទីលំនៅបានកើនឡើងយ៉ាងខ្លាំង នៅទូទាំងតំបន់ Gaza ដោយបានកើនដល់ជាង ១៨៧៥០០ នាក់ ឬ ស្មើនឹងជិតមួយភាគដប់ នៃចំនួនប្រជាជនសរុប ក្នុងតំបន់ហ្គាហ្សា ហើយចំនួននេះ គឺរាប់ចាប់តាំងពីថ្ងៃសៅរ៍ ចុងសប្តាហ៍ ខណៈដែលពួកគេភាគច្រើន កំពុងជ្រកកោន នៅក្នុងសាលារៀន»។

អង្គការសុខភាពពិភពលោកក៏បានចេញរាយការណ៍ពីការវាយប្រហារចំនួន ១៣ លើក លើមូលដ្ឋានសុខាភិបាលនៅតំបន់ហ្គាហ្សា ចាប់តាំងពីចុងសប្តាហ៍មក ហើយបាននិយាយថា ការផ្គត់ផ្គង់វេជ្ជសាស្រ្តរបស់ខ្លួនដែលរក្សាទុក នៅទីនោះ ត្រូវបានប្រើប្រាស់អស់ហើយ។

គួររម្លឹកថា កាលពីចុងសប្តាហ៍ ក្រុមសកម្មប្រយុទ្ធហាម៉ាស់បានសម្លាប់មនុស្សជាង ៩០០ នាក់ក្នុងប្រទេសអ៊ីស្រាអែល បន្ទាប់ពីការជ្រៀតចូលទៅក្នុងសហគមន៍ភាគខាងត្បូង ដោយបានបាញ់សម្លាប់ហ្វូងមនុស្ស នៅក្នុងពិធីបុណ្យនៅលើវាលខ្សាច់មួយ និងបានចាប់ចំណាប់ខ្មាំង ចំនួន ១៥០ នាក់ ត្រលប់ទៅតំបន់ហ្គាហ្សាវិញ។

ជាការសងសឹកវិញ អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សា ដែលក្រុមមន្ត្រីបានរាយការណ៍ថា មនុស្ស ៩០០ នាក់បានស្លាប់ រហូតមកដល់ពេលនេះ។ កងទ័ពអ៊ីស្រាអែលបាននិយាយថា សាកសពជនសកម្មប្រយុទ្ធ ប្រហែល ១៥០០ នាក់ ត្រូវបានរកឃើញ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

ads banner