រាជរដ្ឋាភិបាល និងវិស័យឯកជនប្រារព្ធពិធីបរិច្ចាគឈាមដ៏ធំចុងឆ្នាំ២០២៣ ក្រោមប្រធានបទ “ចែករំលែកជីវិត គឺបរិច្ចាគឈាមទាំងអស់គ្នា”

ភ្នំពេញ៖ ក្រសួងសុខាភិបាល សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្រុមហ៊ុនទឹកពិសាវីតាល់ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងដៃគូជាច្រើនទៀត នៅថ្ងៃទី១១ ខែតុលានេះ បានរៀបចំកម្មវិធីបរិច្ចាគឈាមដ៏ធំចុងឆ្នាំ២០២៣ ក្រោមប្រធានបទ “ចែករំលែកជីវិត គឺបរិច្ចាគឈាមទាំងអស់គ្នា”។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅក្នុងពិធីបរិច្ចាគឈាមដ៏ធំចុងឆ្នាំ២០២៣ បានថ្លែងកោតសសើរចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់និស្សិត សាស្រ្តាចារ្យ និងអ្នកស្ម័គ្រចិត្តផ្តល់អំណោយឈាមទាំងអស់ ដែលមានសណ្តានចិត្តសប្បុរសក្នុងការបរិច្ចាគឈាមជាទៀងទាត់ ដែលទង្វើនេះបានបង្ហាញយ៉ាងច្បាស់នូវឆន្ទៈសាមគ្គីភាពរបស់យុវជនខ្មែរជំនាន់ថ្មី ដែលជាវប្បធម៌ចែករំលែកតាំងពីសម័យមុនៗរបស់ខ្មែរយើង ដែលគប្បីបន្តអនុវត្តឲ្យកាន់តែច្រើនក្នុងសង្គមខ្មែរយើងបច្ចប្បន្ននេះ។


ឯកឧត្តមសាស្រ្តាចារ្យក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនវីតាល់ និងមីជាតិ, មជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងដៃគូរៀបចំកម្មវិធីបរិច្ចាគឈាមទាំងអស់ ដែលតែងតែខ្នះខ្នែងផ្សព្វផ្សាយ និងប្រមូលឈាមសប្បុរសគ្រប់ទីកន្លែង ដើម្បីបំពេញបន្ថែមដល់តម្រូវការឈាមជាចាំបាច់។ លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី បានមានប្រសាសន៍ថា វីតាល់បានបន្តផ្តល់នូវការគាំទ្រដល់សកម្មភាពសង្គមនេះ ដោយដាក់ចេញនូវអាទិភាពការងារ មិនត្រឹមតែផ្តល់ជូននូវទឹកពិសារ និងផលិតផលដែលមានគុណភាពខ្ពស់, សុវត្ថិភាព, និងអនាម័យប៉ុណ្ណោះទេ តែការចូលរួមសកម្មភាពសង្គម គឺជាកិច្ចការមួយទៀតដែលវីតាល់បានចាត់ទុកជាអាទិភាពផងដែល។

តួយ៉ាងដូចអ្វីដែលបានកំពុងរៀបចំនាពេលនេះ គឺកើតឡើងបាន ក៏ដោយសារមានការគាំទ្រពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ផលិតផលវីតាល់ ដែលជានិច្ចកាលតែងតែបន្តរក្សាបេសកម្ម ក្នុងការកាត់ប្រាក់ចំណេញ២៥រៀល ពីវីតាល់១ដប បង្វិលចូលមូលនិធិ សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពសប្បុរសធម៌ និងការងារសង្គមនានា។ លោកជំទាវនាយិការបន្ថែមថា បូរេប្រទាននេះ បានជម្រុញទឹកចិត្តឱ្យវីតាល់បន្តចូលរួមឧបត្ថម្ភគាំទ្រដល់ការបង្កើតអោយមានគម្រោងថ្មីៗបន្ថែមទៀត ដើម្បីចូលរួមដោះស្រាយ និងឆ្លើយតបតម្រូវការសង្គមលើគ្រប់វិស័យ ពិសេសគឺយុទ្ធនាការ និងកម្មវិធីផ្តល់អំណោយឈាម ដោយស្ម័គ្រចិត្ដប្រកបក្តីមេត្តាករុណា និងមិនគិតកម្រៃរបស់អ្នកបរិច្ចាគឈាម។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្លែងថា ក្នុងនាមមជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា នៃក្រសួងសុខាភិបាល មន្ត្រីរាជការបុគ្គលិកទាំងអស់ មជ្ឈមណ្ឌលពិតជាមានកិត្តិយស ក្រៃលែងដោយបានរួមសហការ ជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងក្រុមហ៊ុនវីតាល់ របស់រយៈពេល១០ឆ្នាំមកហើយក្នុងការលើកកម្ពស់ការចលនានៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ព្រមជាមួយគោលបំណងធានាឲ្យបាននូវការផ្គត់ផ្គង់ឈាមប្រកបដោយសុវត្ថិភាពក្នុងបរិមាណគ្រប់គ្រាន់ទាន់ពេលវេលា ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះ និងអ្នកជម្ងឺទាំងអស់ ដែលត្រូវការឈាមជាចាំបាច់ និងក្នុងពេលបន្ទាន់បំផុត។

គួររំលឹកផងដែរថា កម្មវិធីបរិច្ចាគឈាមដែលសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានសហការជាមួយវីតាល់ក្នុងការរៀបចំតាំងពីឆ្នាំ២០១៣មក ទទួលបានអ្នកបរិច្ចាគឈាមសរុបជិត៤.០០០នាក់ហើយ។ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ព្រមទាំងក្រុមហ៊ុន វីតាល់ ដែលមានមូលនិធិ២៥រៀល នឹងបន្តរក្សានូវមូលដ្ឋាននៃការឧបត្ថម្ភគាំទ្រក្នុងគ្រប់សកម្មភាព និងយុទ្ធនាការ នៃការផ្តល់អំណោយឈាមដោយស្ម័គ្រចិត្តពីគ្រប់ស្ថាប័ន ដើម្បីចូលរួមចំណែកក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺដែលត្រូវការឈាមបន្ទាន់នៅកម្ពុជា៕

អត្ថបទ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner