ក្រុមហ៊ុនអាកាសចរណ៍អ៊ីស្រាអែលបង្កើនចំនួនជើងហោះហើរដើម្បីដឹកអ្នកដំណើរ

ហ៊្សេរុយសាឡិម៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ក្រុមហ៊ុនអាកាសចរណ៍អ៊ីស្រាអែល មានដូចជាក្រុមហ៊ុន El Al ក្រុមហ៊ុន Israir និងក្រុមហ៊ុន Arkia បានបង្កើនជើងហោះហើររបស់ពួកគេបន្ថែមទៀត ដើម្បីអាចដឹកទាហានកងចល័ត ឬទាហានបម្រុង ត្រឡប់ទៅកាន់ទឹកដីអ៊ីស្រាអែលពីតំបន់ហ្កាស្សាវិញ។ នេះបើយោងតាមគេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ និងអាជ្ញាធរអាកាសយានដ្ឋានរបស់អ៊ីស្រាអែល។ យ៉ាងណាក៏ដោយ ការបង្កើនជើងហោះហើរនេះ បង្កឱ្យមានការព្រួយបារម្ភថានឹងអាចជួបបញ្ហាកង្វះបុគ្គលិកគ្រប់គ្រាន់ក្នុងការបម្រើការ។

បន្ទាប់ពីការចាប់ផ្ដើមវាយប្រហារកាលពីចុងសប្តាហ៍កន្លងទៅនេះរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ (Hamas) អ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានត្រៀមទាហានបម្រុងទាំងអស់ចំនួនប្រមាណ ៣ សែននាក់។ ពួកគេក៏បានណែនាំឱ្យពលរដ្ឋដែលរស់នៅតំបន់ ហ្កាស្សា របស់ប៉ាឡេស្ទីន ជម្លៀសខ្លួនចេញផងដែរ ហេតុនេះហើយក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ នឹងកាន់តែត្រូវបង្កើនជើងហោះហើរបន្ថែមទៀត។

ខណៈពេលដែលក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗជាច្រើនបានលុបចោលជើងហោះហើរចេញ និងចូលប្រទេសអ៊ីស្រាអែល ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកវិញ បានខិតខំបង្កើនជើងហោះហើរយ៉ាងច្រើននៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ គួរកត់សម្គាល់ថា ជនជាតិអ៊ីស្រាអែលជាច្រើននាក់ក៏បានធ្វើដំណើរចេញទៅក្រៅប្រទេសកាលពីសប្តាហ៍មុន ពោលគឺអំឡុងពេលថ្ងៃឈប់សម្រាករបស់ជនជាតិជ្វីហ្វ។

ក្រុមហ៊ុនអាកាសចរណ៍អ៊ីស្រាអែល បានប្រកាសនៅលើគេហទំព័ររបស់ពួកគេថា ពួកគេកំពុងផ្តល់ជើងហោះហើរពីទីតាំងបីផ្សេងៗគ្នាដូចជាប្រទេសតួកគី ប្រទេសក្រិក និងប្រទេសហ្សកហ្ស៊ី ក្នុងគោលបំណងជួយពលរដ្ឋអ៊ីស្រាអែលត្រឡប់ទៅអ៊ីស្រាអែលវិញ។

បើទោះបីជាមានការភ័យខ្លាចថាអាចនឹងជួបបញ្ហាកង្វះបុគ្គលិកនៅក្រុមហ៊ុនអាកាសចរណ៍ ប៉ុន្តែមនុស្សភាគច្រើនក៏មានការព្រួយបារម្ភថា មិនមានជើងហោះហើរគ្រប់គ្រាន់ដើម្បីដឹកអ្នកដំណើរផងដែរ។ ក្រុមហ៊ុនអាកាសចរណ៍ Israir បានឱ្យដឹងថា កាលវិភាគជើងហោះហើររបស់ខ្លួនអាចនឹងត្រូវបានកាត់បន្ថយនៅប៉ុន្មានថ្ងៃខាងមុខ ដោយសារតែបុគ្គលិកអាកាសចរណ៍ជនជាតិបរទេស បានស្នើសុំផ្អាកការងារហើយត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញ ខណៈដែលបុគ្គលិកអ៊ីស្រាអែលមួយចំនួនក៏ត្រូវបានរដ្ឋាភិបាលកែនចូលបម្រើទ័ព។

ជើងហោះហើរដែលជម្លៀសជនបរទេសក៏បានចាកចេញពីអាកាសយានដ្ឋានបេនហ្គូរ៉ុន (Ben Gurion) របស់ទីក្រុងតេលអាវីវ (Tel Aviv) ផងដែរ។ ជាក់ស្ដែង ប្រទេសអ៊ីស្លង់បានលើកឡើងកាលពីយប់ថ្ងៃចន្ទថា ខ្លួនបានបញ្ជូនជនជាតិអ៊ីស្លង់ចំនួន ១២៦ នាក់ ជនជាតិហ្វារ៉ូ ៥ នាក់ ន័រវេស ៤ នាក់ និងអាល្លឺម៉ង់ ១២ នាក់ ដែលបានជាប់គាំងក្នុងប្រទេសអ៊ីស្រាអែល។

អាជ្ញាធរអាកាសយានដ្ឋានអ៊ីស្រាអែលបាននិយាយថា អ្នកដំណើរចំនួនប្រមាណ ៦៧០០០ នាក់ត្រូវបានគេរំពឹងថានឹងធ្វើដំណើរឆ្លងកាត់ទីក្រុងបេនហ្គូរ៉ុននៅថ្ងៃអង្គារនេះ។ តួលេខនេះទាបជាងចំនួនអ្នកដំណើរនៅថ្ងៃធម្មតាដែលមានចំនួនប្រមាណ ៨០០០០ នាក់។

ក្រុមអាជ្ញាធរ បានលើកឡើងពីកង្វល់ផ្នែកសន្តិសុខ ហើយបាននិយាយថា ជើងហោះហើរទៅកាន់ស្ថានីយទី៣ នៅអាកាសយានដ្ឋានបេនហ្គូរ៉ុន នឹងត្រូវបានរឹតបន្តឹងជាងមុន៕ ប្រែសម្រួល៖ ធា សុណា

ads banner