ឡាវ-កម្ពុជា ជាអ្នកជិតខាងដ៏ល្អ ដែលនឹងរួមចំណែកបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនរីកលូតលាស់ទៅមុខ

(ភ្នំពេញ)៖ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកទ្បើងផងដែរថា ចំណងមិត្តភាពឡាវ-កម្ពុជា ក្នុងនាមជាអ្នកជិតខាងដ៏ល្អ គឺមានដានប្រវត្តិសាស្ត្រអស់រយៈកាលជាយូរលង់ ហើយមូលដ្ឋានដ៏ល្អនេះ ក៏នឹងរួមចំណែកបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ ឱ្យកាន់តែមានការរីកចម្រើនរីកលូតលាស់ទៅមុខ បន្ថែមពីលើពីកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ នៅក្នុងវិស័យអប់រំ, ទេសចរណ៍ និងឧស្សាកម្ម ជាដើម ។ ឯកឧត្តម បួរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតឡាវប្រចំាព្រះរាជាណាចក្រកម្ពុជា បានលើកឡើងដូច្នេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ កម្ពុជា នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ។

ឯកឧត្តម បួរកែវ ភូមិវង្សសៃ បានសម្តែងនូវការអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្រដ៏លើសលប់ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា កាលពីខែកក្កដា កន្លងទៅ ព្រមជាមួយនឹងការចូលរួមអបអរសាទរចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តីកម្ពុជា ក្នុងអាណត្តិថ្មីនេះ ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញនូវជំនឿជឿជាក់ថា កម្ពុជានឹងកាន់តែរីកចម្រើនលូតលាស់ខ្លាំងក្លាទៅមុខ នៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ។

ជាការឆ្លើយតប សម្តេចធិបតីនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី នៅក្នុងជំនួបនេះ ដើម្បីពិភាក្សាអំពីទិសដៅនៃការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដោយក្នុងនេះ សម្តេចធិបតី ក៏បានរំឭកផងដែរអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបមុនៗរវាង សម្តេចធិបតី ជាមួយនឹង ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ចំនួនពីរដង នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងការចូលរួមក្នុងកម្មវិធីពិព័រណ៍ចិន-អាស៊ាន លើកទី២០ នៅក្នុងប្រទេសចិន ។ សម្តេចធិបតី ក៏បានបញ្ជាក់ថា ពិតមែនតែចំណងការទូតផ្លូវការរវាងប្រទេសទាំងពីរ មានរយៈពេលតែ ៦៧ ឆ្នាំ ប៉ុន្តែទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ពិតមានលក្ខណៈប្រវត្តិសាស្ត្រយូរអង្វែង ។

ដោយឡែក សម្តេចធិបតី ក៏បានរំឭកផងដែរអំពីលទ្ធផលនៃជំនួបជាមួយ ឯកឧត្តមប្រធានាធិបតីឡាវ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការក្នុងមុខតំណែងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ របស់ សម្តេចធិបតី ទៅកាន់ប្រទេសឡាវ កាលពីឆ្នាំ២០២២ ដោយក្នុងនេះ ឯកឧត្តមប្រធានាធិបតីឡាវ បានបញ្ជាក់អំពីបំណងក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងរដ្ឋាភិបាល, ស្ថាប័នសភា, ប្រជាជន និងកងទ័ព ក៏ដូចជារវាងយុវជននៃប្រទេសទាំងពីរ ។ ចំពោះកិច្ចសហប្រតិបត្តិការផ្នែកយោធា, សម្តេចធិបតី បានជំរុញ និងលើកទឹកចិត្តឱ្យបន្តអនុវត្ត “លំហាត់រួមត្រីភាគីស្តីពីការសង្គ្រោះគ្រោះមហន្តរាយ កម្ពុជា-ឡាវ-វៀតណាម (CLV)” ដែលត្រូវបានរៀបចំឡើងកាលពីខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ ។

សម្តេចធិបតី និង ឯកឧត្តមឯកអគ្គរដ្ឋទូតឡាវ បានឯកភាពគ្នាលើទិសដៅ នៃការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន៖ វិស័យថាមពល, ទេសចរណ៍, ពាណិជ្ជកម្ម, ការបោះបង្គោលព្រំដែន និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធស្ពាន-ផ្លូវ ជាដើម ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner