ប្រេសិតប៉ាឡេស្ទីននៅ អ.ស.ប ចោទប្រកាន់អ៊ីស្រាអែលពីយុទ្ធនាការប្រល័យពូជសាសន៍នៅតំបន់ហ្គាស្សា

អ.ស.ប៖ ប្រេសិតប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិ(អ.ស.ប)កាលពីថ្ងៃអង្គារបានហៅការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាស្សាស្ទ្រីប និងការប្ដេជ្ញាបិទខ្ទប់តំបន់ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់មួយនេះ ថាមិនខុសអ្វីពីការប្រល័យពូជសាសន៍នោះទេ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោក Riyad Mansour បេសកជនអ.ស.ប របស់ប៉ាឡេស្ទីន បានសរសេរនៅក្នុងលិខិតមួយផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ថា ៖ «ការបំផ្លិចបំផ្លាញមនុស្សជាតិ និងការប៉ុនប៉ងទម្លាក់គ្រាប់បែកលើប្រជាជនដើម្បីយកឈ្នះ ការប្រើប្រាស់ភាពអត់ឃ្លានជាវិធីសាស្រ្តធ្វើសង្គ្រាម និងការលុបបំបាត់វត្តមានជាតិសាសន៍របស់ពួកគេ គឺគ្មានអ្វីខុសពីការប្រល័យពូជសាសន៍នោះទេ»។ លោកបានសរសេរបន្តថា៖ «ទង្វើទាំងនេះ ជាឧក្រិដ្ឋកម្មសង្គ្រាម»។

ការចោទប្រកាន់របស់លោក Mansour ធ្វើឡើងបន្ទាប់ពីជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់របស់ប៉ាឡេស្ទីន បានផ្ទុះឡើងជាថ្មីដ៏ធ្ងន់ធ្ងរ ក្រោយក្រុមហាម៉ាស់បើកការវាយប្រហារទ្រង់ទ្រាយធំដ៏គួរឱ្យភ្ញាក់ផ្អើល និងជាប្រវត្តិសាស្រ្តអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដែលសម្លាប់មនុស្សជាង ១ ២០០ នាក់ គិតត្រឹមព្រឹកថ្ងៃទីពុធ ដែលជាថ្ងៃទី៥នៃជម្លោះ។

អ៊ីស្រាអែលបានសងសឹកវិញ តាមរយៈការវាយប្រហារពីអាកាសលើតំបន់ហ្គាស្សា ដោយសម្លាប់មនុស្សជាង ៩០០ នាក់គិតត្រឹមព្រឹកថ្ងៃពុធដូចគ្នា។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានប្រកាសកាលពីថ្ងៃចន្ទពីការបិទខ្ទប់តំបន់ហ្គាហ្សាទាំងស្រុង ដែលមានប្រជាជនជាង ២,៣ លាននាក់រស់នៅ ដោយរាំងផ្លូវនាំចូលអាហារ ថ្នាំពេទ្យ និងឥន្ធនៈជាដើម។ សកម្មភាពទាំងនេះ បានធ្វើឱ្យមានការថ្កោលទោសពីសហគមន៍អន្តរជាតិ។

ជុំវិញបញ្ហានេះ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចេក ស៊ូលីវ៉ាន បាននិយាយកាលពីថ្ងៃអង្គារថា ការយល់ដឹងរបស់លោកគឺថា រដ្ឋាភិបាលអ៊ីស្រាអែលនឹងមិនបន្តអនុវត្តចំណាត់ការបិទខ្ទប់ហ្គាស្សានោះទេ ដោយថា ទីក្រុងវ៉ាស៊ីនតោនកំពុងនិយាយជាមួយរដ្ឋាភិបាលអ៊ីស្រាអែលអំពីសកម្មភាពបែបនេះ។

លោក ស៊ូលីវ៉ាន ក៏បាននិយាយផងដែរថា ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអង្គារ បានពិភាក្សាអំពី «ភាពខុសគ្នារវាងការប្រយុទ្ធនឹងក្រុមភេរវករហាម៉ាស់មួយទំហឹង និងរបៀបដែលយើងបែងចែករវាងភេរវករ និងជនស៊ីវិលស្លូតត្រង់»៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner