ជនជាតិថៃក្រុមដំបូងភៀសខ្លួនពីអ៊ីស្រាអែល មកដល់ទីក្រុងបាងកក

បាងកក៖ ជនជាតិថៃក្រុមដំបូង ដែលរត់គេចពីជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស បានទៅដល់អាកាសយានដ្ឋានសុវណ្ណភូមិ ក្នុងរាជធានីបាងកក ប្រទេសថៃ។

នាយករដ្ឋមន្ត្រីថៃ Srettha Thavisin បាននិយាយ នាថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលាថា ជនជាតិថៃចំនួន ២១ នាក់ត្រូវបានសម្លាប់ នៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ ដែលបានកើនឡើងពី ចំនួនមនុស្ស ២០ នាក់ កាលពីលើកមុន។

យោងតាមក្រសួងការងាររបស់ប្រទេសថៃបានឲ្យដឹងថា មានជនជាតិថៃប្រមាណ ៣០.០០០ នាក់ ស្ថិតក្នុងប្រទេសអ៊ីស្រាអែល ដែលភាគច្រើនធ្វើការក្នុងវិស័យកសិកម្ម។ ពលរដ្ឋថៃ ចំនួន១៤នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ក្នុងជម្លោះនេះ។

ក្រុមគ្រួសារដែលមានការព្រួយបារម្ភបានប្រមូលផ្តុំគ្នា នៅព្រឹកថ្ងៃព្រហស្បតិ៍ នៅឯអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ នៃទីក្រុងបាងកក ដើម្បីរង់ចាំការមកដល់នៃជើងហោះហើរដឹកជនជាតិថៃ ចំនួន ១៥ នាក់ រួមមានទាំង អ្នករងរបួស ជាច្រើននាក់។

លោកស្រី Yanisa Thaweekaew ដែលមានកូនប្រុស ឈ្មោះ Supipat Kongkaew បានធ្វើការនៅកសិដ្ឋាន avocado របស់អ៊ីស្រាអែល តាំងពីឆ្នាំមុន បាននិយាយថា លោកស្រីមិនបានគេង ប៉ុន្មានថ្ងៃនេះ។

លោកស្រីបានប្រាប់ AFP ថា «កូនប្រុសរបស់ខ្ញុំគឺជាអ្វីគ្រប់យ៉ាងសម្រាប់ខ្ញុំ។ ខ្ញុំព្រួយបារម្ភ។ គាត់គឺជាកូនប្រុសតែមួយគត់ដែលខ្ញុំមាន»។

ប្រជាជនថៃជាង ៥០០០នាក់កំពុងទាមទារការវិលត្រឡប់ទៅកាន់ប្រទេសថៃវិញ ហើយអ្នកការទូតកំពុងស្វែងរកជម្រើសជម្លៀស ចេញតាមសមុទ្រ និងដីគោក ដែលអំណោយផល។

ជើងហោះហើរធ្វើមាតុភូមិនិវត្តរបស់ថៃបន្ថែមទៀតគ្រោងនឹងចាកចេញ ពីអ៊ីស្រាអែលនៅថ្ងៃអាទិត្យ សប្តាហ៍នេះ និងថ្ងៃពុធ សប្តាហ៍ក្រោយ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner