រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើឱ្យប្រតិភូចិនក្រុងស៉ិនជិន ផ្ដល់អាទិភាពលើការវិនិយោគ និងជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍នៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានការអនុញ្ញាតឱ្យប្រតិភូធុរជនចិនប្រមាណ៧០រូបដែលតំណាងឱ្យក្រុមហ៊ុនធំៗចំនួន៥៤ មកពីក្រុងស៉ិនជិន ខេត្តក្វាងទុង ចូលជួបពិភាក្សា ដើម្បីស្វែងយល់អំពីសក្ដានុពលនានាសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញវិស័យទេសចរណ៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងទេសចរណ៍។

ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យប្រតិភូចិនក្រុងស៉ិនជិន ផ្ដល់អាទិភាពលើការវិនិយោគឱ្យបានច្រើន និងជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍នៅកម្ពុជាទៅដល់ទីផ្សារទេសចរណ៍ក្រុងស៉ិនជិន និងប្រទេសចិន ក៏ដូចជាទីផ្សារអន្តរជាតិផ្សេងទៀត ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកាន់កម្ពុជាកាន់ច្រើនឡើង។

គណៈប្រតិភូចិនក្រុងស៊ិនជិនបានគាំទ្រចំពោះសំណើរបស់ឯកឧត្តម រដ្ឋមន្រ្ដី សុខ សូកេន ក្នុងការជំរុញរំហូរទេសចរចិនមកកម្ពុជា ដោយស្នើសុំឱ្យមានកិច្ចសហការផ្សព្វផ្សាយរួមគ្នាពីសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ប្រជាជនចិនដែលរស់នៅក្នុងទីក្រុងស៊ិនជិន។

គណៈប្រតិភូចិនបានគោរពស្នើឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងទេសចរណ៍ ទៅទស្សនកិច្ចស្វែងយល់វិស័យទេសចរណ៍ក្រុងស៊ិនជិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ក្រុងស៊ិនជិនអោយកាន់តែរឹងមាំ។ លោក វ័ង ស៉ឺ បានបន្តថា គំនិតដែលចង់មកធ្វើធុរកិច្ច វិនិយោគ និងបង្កើតកិច្ចសហប្រតិបត្តិការនៅកម្ពុជានេះ គឺបានផុសចេញឡើងតាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើទស្សនកិច្ចនៅប្រទេសចិន កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ ដោយក្នុងនោះសម្ដេចធិបតីនាយរដ្ឋមន្ត្រីបានបំផុសទាក់ទាញអ្នកវិនិយោគ និងធុរជននៅប្រទេសចិនមកស្វែងរកឱកាសវិនិយោគនៅប្រទេសកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម សុខ សូកេន ក៏នឹងជំរុញឱ្យមានដំណើរការពេញលេញនូវក្រុមប្រឹក្សាផ្សព្វផ្សាយ និងទីផ្សារទេសចរណ៍កម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យមានការចូលរួមពីផ្នែកឯកជន និងប្រតិបត្តិករទេសចរណ៍ផ្សេងៗកាន់តែខ្លាំង។ ភាគីកម្ពុជាក៏បានស្នើឱ្យមានការតភ្ជាប់ជើងហោះហើរពីក្រុងស៉ិនជិនមកកាន់កម្ពុជាផងដែរ ដែលជាមធ្យោបាយដ៏សំខាន់ក្នុងការទាក់ទាញ និងដឹកជញ្ជូនភ្ញៀវទេសចរទៅមកកម្ពុជា-ស៉ិនជិន ខណៈគោលដៅក្រុងស៉ិនជិនក៏មានភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាច្រើនផងដែរ ពោលគឺឈរលើលំដាប់ទី៥ក្នុងចំណោមភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា ។

ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកនូវចក្ខុវិស័យក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ក្រោមគំនិតផ្ដួចផ្ដើមយុទ្ធសាស្រ្ដក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ដោយផ្ដោតលើសសរស្ដម្ភយុទ្ធសាស្រ្ដចំនួន៥ ហៅកាត់ថា «បង្កើន៥-5BUILD» ព្រមទាំងមានសមាសធាតុគាំទ្រចំនួន៣ ហៅកាត់ថា «អភិវឌ្ឍ៣-3Ds» អភិក្រម «ភាពច្នៃប្រឌិតនៃការគិត» ព្រមជាមួយជាមួយនឹងការដាក់ចេញនូវគោលនយោបាយ ផែនការមេ ផែនការយុទ្ធសាស្ត្រជាតិ ផែនការអភិវឌ្ឍន៍ទេសចរណ៍ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ដើម្បីបង្កើនកិច្ចសហការគ្រប់ជ្រុងជ្រោយ វិជ្ជមាន និងមានភាពរលូនក្នុងដំណើរការនៃការស្តារ និងអភិវឌ្ឍន៍វិស័យទេសចរណ៍៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner