ទេសប្រេស៊ីល មានគម្រោងបើកស្ថានទូតប្រចាំនៅកម្ពុជា នាដើមឆ្នាំ២០២៤

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានទទួលជួប ពិភាក្សាការងារជាមួយឯកឧត្តម Maura Vieira រដ្ឋមន្ត្រីក្រសួងការបរទេសប្រេស៊ីល នៅទីស្តីការក្រសួងកសិកម្ម ។

ឯកឧត្តម Maura Vieira បាន លើកឡើងពីគម្រោងបើកស្ថានឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជានៅដើមឆ្នាំ២០២៤ និងចេតនាបង្កើនទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេសលើការវិនិយោគ និងការធ្វើពាណិជ្ជកម្ម។ ឯកឧត្តមក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា ប្រេស៊ីលគ្រោងនឹងរៀបចំឱ្យមានទស្សនៈកិច្ចផ្លូវការមួយទៀត ពីសំណាក់រដ្ឋមន្ត្រីកសិកម្មប្រេសុីលមកកាន់កម្ពុជានៅក្នុងឆ្នាំ២០២៤។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសម្តែងនូវការស្វាគមន៍ចំពោះការវិវត្តថ្មីនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រេសុីល និងបានឱ្យក្រុមការងារត្រៀមសម្របសម្រួល ដើម្បីទទួលទស្សនកិច្ចពីសំណាក់រដ្ឋមន្ត្រីកសិកម្មប្រេសុីលនៅក្នុងពេលវេលាសមស្របណាមួយ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសក្តានុពលនៃវិស័យកសិកម្មកម្ពុជា ដូចជាស្រូវដែលមានអតិរេកប្រមាណ ៦លានតោនក្នុងមួយឆ្នាំ សម្រាប់ការកែច្នៃនាំចេញ ព្រមទាំងដំណាំសក្តានុពលផ្សេងទៀត ជាអាទិ៍៖ ស្វាយចន្ទី ដំឡូងមី និងកៅស៊ូ។ លើសពីនេះទៀត កម្ពុជាជាសមាជិកអាស៊ានដែលមានទីផ្សារធំទូលាយ ព្រមទាំងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីផ្សារប្រទេសចិន ដែលនេះជាឱកាសសម្រាប់ការវិនិយោគលើការកែច្នៃនាំចេញ (Downstream)។ ទន្ទឹមនឹងនេះដែរ កម្ពុជាក៏មានច្បាប់វិនិយោគដ៏គួរឱ្យទាក់ទាញ សម្រាប់ការវិនិយោគពីខាងក្រៅប្រទេសផងដែរ ។

ភាគីទាំងពីរបានសាទរចំពោះការចាប់ផ្តើមនេះ និងបន្តយន្តការកិច្ចសហប្រតិបត្តិការ សិក្សាពីគ្នាទៅវិញទៅមកពីឱកាសវិនិយោគ ដើម្បីភាពរីកចម្រើនទាំងអស់គ្នា ជាពិសេសការធានាបាននូវសន្តិសុខស្បៀង និងនិរន្តរភាពបរិស្ថាន៕

ប្រភព៖ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner