អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ជោគជ័យ នៃដំណើរចូលរួមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ នៅសាធារណរដ្ឋប្រជាមានិតចិន
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា រួមដំណើរដោយ លោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ធ្វើដំណើរចាកចេញពីរដ្ឋធានីប៉េកាំង នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ បន្ទាប់ពីបានអញ្ជើញចូលរួម វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ តបតាមការអញ្ជើញរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។
សម្ដេចធិបតី បានជួបសម្ដែងការគួរសមជាមួយ ឯកឧត្តមប្រធានាធិបតី ជួបពិភាក្សាការងារជាមួយ ឯកឧត្តមនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំជាន់ខ្ពស់ចិន ព្រមទាំងទទួលជួបប្រធានក្រុមហ៊ុនចិនលំដាប់អន្តរជាតិជាច្រើន ដោយសម្រេចបានជោគជ័យយ៉ាងធំធេង ដែលជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ជាមួយគ្នានេះដែរ សម្ដេចធិបតី ក៏បានជួបពិភាក្សាការងារទ្វេភាគី ជាមួយ ប្រធានាធិបតីវៀតណាម និងប្រធានរដ្ឋឡាវ ផងដែរ។
ថ្នាក់ដឹកកម្ពុជា-ចិន បានឯកភាពគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ក្នុងកម្រិតខ្ពស់ និងគ្រប់ជ្រុងជ្រោយ ជាពិសេស តាមរយៈការជំរុញការអនុវត្ត កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការបង្កើត «ច្រករបៀងមច្ឆា និងអង្ករ» និង «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» បន្តពង្រឹង មិត្តភាពដែកថែប តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស វិស័យទេសចរណ៍ ថាមពល ពាណិជ្ជកម្ម វិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ជាពិសេស បានឯកភាពកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-ចិន ដើម្បីជំរុញកំណើនវិស័យទេសចរណ៍។
កម្ពុជាចិន ក៏បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ ចំនួន១០ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពផលិត ការវិនិយោគ ការអភិវឌ្ឍបៃតង ការអភិវឌ្ឍខ្សែបញ្ជូនអគ្គិសនីជនបទ គម្រោងជួសជុលប្រាសាទព្រះវិហារ គម្រោងផ្លូវជនបទ ការអភិវឌ្ឍផ្លូវរថភ្លើង ការសាងសង់សួនឧស្សាហកម្ម ការអភិវឌ្ឍវារីអគ្គិសនីបូមទឹកស្តុកទុក និងការពង្រឹងកិច្ចសហ-ប្រតិបត្តិការលើបរិវត្តកម្មឌីជីថល។
សម្ដេចធិបតី បានទទួលជួបប្រធានក្រុមហ៊ុនចិនលំដាប់អន្តរជាតិជាបន្តបន្ទាប់ សរុប ចំនួន៨ ដោយប្រធានក្រុមហ៊ុនទាំងនោះ បានបញ្ជាក់ពីអំពីគម្រោងទស្សនកិច្ចប្រទេសកម្ពុជា ដើម្បីពង្រីកសក្ដានុពលវិនិយោគដែលមានស្រាប់ និងសិក្សាលើគម្រោងថ្មីៗបន្ថែមទៀត ដូចជាវិស័យថាមពល ទឹកស្អាត ធនាគារ ការចិញ្ចឹមសត្វ អចលនទ្រព្យ សុខាភិបាល ផ្កាយរណប ការគ្រប់គ្រងប្រព័ន្ធទិន្នន័យរដ្ឋបាលអេឡិចត្រូនិក ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងក្នុងវិស័យគមនាគមន៍ មានដូចជា គម្រោងផ្លូវរថភ្លើងធុនស្រាលភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅកាន់ក្រុងសៀមរាប និងភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ទៅកាន់រាជធានីភ្នំពេញ និង គម្រោងផ្លូវដែកតភ្ជាប់ភ្នំពេញ-សៀមរាប និងភ្នំពេញ-ប៉ោយប៉ែត។
សម្ដេចធិបតី ក៏បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុន វិស័យឯកជនចិន ក្នុងនោះក៏មានកិច្ចព្រមព្រៀងក្របខណ្ឌគម្រោងផ្លូវនាវាចរណ៍ ព្រែកជីកហ្វូណនតេជោ និងគម្រោងជាមួយក្រុមហ៊ុន Alibaba ក៏ដូចជាក្រុមហ៊ុន ហួវៃ ថេកណូឡជី ខអិលធីឌី។
សូមបញ្ជាក់ថា ក្នុងក្របខណ្ឌវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ ជាមួយនឹងការអញ្ជើញចូលរួមពីបណ្ដាមេដឹកនាំមកពីប្រមាណ ១៤០ ប្រទេស និងជាង ៣០ អង្គការអន្តរជាតិ សម្ដេចធិបតី បានថ្លែងសុន្ទរថាគន្លឹះក្រោមប្រធានបទ «សេដ្ឋកិច្ចឌីជីថល ជាប្រភពថ្មីនៃកំណើន» ដោយបានចូលរួមអបអរសាទរចំពោះរដ្ឋាភិបាលចិន និងប្រទេសចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវទាំងអស់ នាខួបលើកទី ១០ នៃគំនិតផ្ដួចផ្ដើមដ៏អស្ចារ្យនេះ ព្រមទាំងបានការកោតសរសើរយ៉ាងស្មោះស្ម័គ្រ ចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានបំពេញនូវទំនួលខុសត្រូវដ៏ធំធេង និងបានអនុវត្តយ៉ាងប្រសើរនូវភាពជាអ្នកដឹកនាំសកលដ៏ច្បាស់លាស់។
សម្ដេចធិបតី បានថ្លែងលើកទឹកចិត្តដល់ការបង្កើនមូលនិធិសម្រាប់ការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល រួមទាំងការតភ្ជាប់មជ្ឈមណ្ឌលទិន្នន័យ និងសន្តិសុខ និងវេទិកាឌីជីថលផ្សេងទៀត ក្នុងប្រទេសកំពុងអភិវឌ្ឍ ជាពិសេសតាមរយៈគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ និងបានទាញចំណាប់អារម្មណ៍អង្គវេទិកា អំពីសក្ដានុពល នៃប្រជាជនវ័យក្មេងប្រកបដោយថាមពល និងមានចំណេះដឹងខាងបច្ចេកវិទ្យារបស់កម្ពុជា និងការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តថ្មីៗដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងរឹងមាំរបស់កម្ពុជា ក្នុងការផ្លាស់ប្តូរពីគំរូសេដ្ឋកិច្ចបែបប្រពៃណី ទៅជាសេដ្ឋកិច្ចឌីជីថល ប្រកបដោយភាពធន់។
សម្ដេចធិបតី បានប្រកាសស្វាគមន៍ដៃគូសំខាន់ៗទាំងក្នុងវិស័យសាធារណៈ និងឯកជន ដើម្បីស្វែងរកឱកាសដ៏ច្រើនដែលកម្ពុជាអាចផ្តល់ជូននៅក្នុងវិស័យសេដ្ឋកិច្ចឌីជីថល និងបានសង្កត់ធ្ងន់ក្នុងន័យដើមថា «យើងត្រូវចូលរួមទាំងអស់គ្នាដើម្បីចាប់យកឱកាសនៅចំពោះមុខ ទទួលយកបដិវត្តន៍ឌីជីថល និងត្រួសត្រាយផ្លូវសម្រាប់យុគសម័យថ្មី នៃការរីកចម្រើន និងវិបុលភាព តាមរយៈសេដ្ឋកិច្ចឌីជីថល»៕