គណៈប្រតិភូរដ្ឋសភាកម្ពុជា-វៀតណាម-ឡាវបំពេញទស្សនកិច្ចរួមគ្នាជាប្រវត្តិសាស្ត្រដំបូងនៅតំបន់ត្រីកោណអភិវឌ្ឍន៍នៃព្រំដែនរួម

អត្ថបទដោយ៖
CPA

ភ្នំពេញ៖​គណៈប្រតិភូកម្ពុជា-វៀតណាម-ឡាវ នៃក្របខ័ណ្ឌរដ្ឋសភា(CVL) បានទៅបំពេញទស្សនកិច្ចរួមគ្នានៅតំ​បន់ត្រីកោណអភិវឌ្ឍន៍នៃបណ្តោយព្រំដែនរួមគ្នាទាំង៣ ប្រទេស ដែល​ជាដំណើរទស្សនកិច្ច​ប្រវត្តិសាស្ត្រលើ​កដំបូងបង្អស់ ទៅទស្សនាស្តូបទាំង៣ ប្រទេស និងរោងចក្រគំរូក្នុងតំបន់អភិវឌ្ឍ។​

ដំណើរទស្សនកិច្ចនេះធ្វើឡើងនៅថ្ងៃទី១៧ ខែតុលាឆ្នាំ២០២៣ ដែលភាគីប្រតិភូរដ្ឋសភាកម្ពុជាដឹកនាំដោ​យឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងភាគីតំណាងរាស្រ្តរដ្ឋសភាវៀតណាម និងឡាវ។ នេះបើយោងតាមសេចក្តីប្រ​កាសរបស់រដ្ឋសភា នៅថ្ងៃទី១៨ ខែតុលា។​

សេចក្តីប្រកាសបន្តថា ភាគីកម្ពុជាបានទៅទស្សនាដោយឆ្លងកាត់តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ខេត្តរតន​គិរី ដោយមានការទទួលស្វាគមន៍ពីគណប្រតិភូវៀតណាម ដឹកនាំដោយមានឯកឧត្តម ឡេ អាញ់ ទួន(Lê Anh Tuấn) អនុប្រធានប្រចាំការគណៈកម្មការកិច្ចការបរទេសរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម។​

គណៈប្រតិភូទាំងបី ប្រទេសបានឡើងទៅទស្សនាលើកំពូលភ្នំដែលមានស្តូបឈ្មោះរបស់ប្រទេសទាំង៣ ហើយបន្តដំណើរទៅទស្សនារោងចក្រកែច្នៃផ្លែផាស់សិន ឈ្មោះថា Quicornac ដែលចាត់ទុកជាគំរូនៃការអភិវឌ្ឍន៍នៅនឹងកន្លែងសម្រាប់ខេត្តជាប់បណ្តាព្រំដែនផ្សេងទៀត។​

ប្រភពដដែលបានឱ្យដឹងថា ៖ «នៅថ្ងៃទី១ នៃដំណើរទស្សនកិច្ច គណៈប្រតិភូរដ្ឋសភាកម្ពុជាបានសង្កេតឃើញការអភិវឌ្ឍរបស់ភាគីវៀតណាមដែលបានអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ជាប់ព្រំដែនបាន​យ៉ាងល្អ ហើយបានផ្តើមអភិវឌ្ឍថាមពលអគ្គិសនីកកើតឡើងវិញ ដោយបានកសាងបង្គោលផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ជាដើមនៅលើកំពូលភ្នំក្នុងខេត្តជាប់ព្រំដែនរបស់ខ្លួន»​។

រដ្ឋសភាបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចរួមលើកទី១ ជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ឡាវ និងវៀតណាម ដែលរដ្ឋសភាប្រទេសទាំងបីបានធ្វើទស្សនកិច្ចក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ដែលជាគំនិតផ្តួចផ្តើមឡើ​ងដោយអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងគោលដៅកសាងព្រំដែនសន្តិភាព និងការអភិវឌ្ឍន៍ប្រក​បដោយចីរភាព។​

ពាក់ព័ន្ធនឹងបញ្ហានេះ បណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ដែល​ធ្លាប់បានទៅដល់តំបន់ត្រីកោណអភិវឌ្ឍនេះ​ផ្ទាល់ បាន​ប្រាប់​ថា ដំណើរទស្សនកិច្ចរួមគ្នារវាងភាគី CVL នេះជាការល្អ ដែលអា​ចបង្កើនការស្វែងយល់ពីគ្នា និងរៀនសូត្រពីគ្នា បន្តរៀបចំគម្រោងអភិ​វឌ្ឍន៍តំបន់ត្រីកោណអភិវឌ្ឍ​នេះបន្ថែម។​លោកបន្តថា កម្ពុជានៅមិនទាន់បានទាញយកផលប្រយោជន៍ច្រើនពីតំបន់នោះ​នៅឡើយទេ ដែលកម្ពុជាហា​ក់នៅរៀបចំខ្លួនយឺតជាងវៀតណាម និងឡា​វ ជាពិសេសវៀតណាមបានធ្វើការអភិវឌ្ឍន៍យ៉ាងល្អនៅតំបន់ជាប់ព្រំដែន។ ​

បណ្ឌិត យង់ ពៅ បាន​ប្រាប់ថា ៖ «សម្រាប់កម្ពុជា នៅជាតំបន់វាលរហោស្ថាននៅឡើយ មនុស្សរស់នៅតិច​។ ដោយឡែកខាងវៀតណាមវិញជាគំរូ ជាតំបន់ដែលអភិវឌ្ឍន៍ខ្លាំង កម្ពុជាគួរគិតគូរបន្ថែមការអភិវឌ្ឍន៍តំប​ន់កន្ទុយនាគរបស់ខ្លួន»​៕​

ដោយ៖សំបាន ច័ន្ទដារ៉ា

ads banner