Nokia កាត់បន្ថយបុគ្គលិកកើនដល់ ១៤,០០០នាក់ ខណៈតម្រូវការ 5G ធ្លាក់ចុះខ្លាំង
ហែលស៊ិនគី៖ ក្រុមហ៊ុនទុរគមនាគមន៍យក្សហ្វាំងឡង់ Nokia នៅថ្ងៃព្រហស្បតិ៍ទី១៩ ខែតុលា ឆ្នាំ២០២៣ បានប្រកាសកាត់បន្ថយបុគ្គលិកកើនឡើងដល់ ១៤,០០០នាក់ ខណៈដែលប្រាក់ចំណូលបានធ្លាក់ចុះ ព្រោះតម្រូវការឧបករណ៍ 5G របស់ខ្លួនបានថយចុះខ្លាំងនៅតំបន់អាមេរិកខាងជើង។
នាយកប្រតិបត្តិក្រុមហ៊ុន Nokia លោក Pekka Lundmark បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣នេះ យើងបានមើលឃើញការកើនឡើងផលប៉ះពាល់លើអាជីវកម្មរបស់យើង ជុំវិញបញ្ហាប្រឈមម៉ាក្រូសេដ្ឋកិច្ច។ ទន្ទឹមគ្នា កម្មវិធីសន្សំប្រាក់របស់ Nokia ត្រូវបានគេរំពឹងថា នឹងកាត់បន្ថយបុគ្គលិកមកត្រឹម ៧២,០០០នាក់ ដោយកាត់បន្ថយការចំណាយរហូតដល់ ១.២ពាន់លានអឺរ៉ូ ឬប្រមាណ ១.១៤ពាន់លានដុល្លារនៅឆ្នាំ២០២៦។
កម្មវិធីនេះដែរ នឹងផ្តោតលើតំបន់អាជីវកម្ម, បណ្តាញទូរស័ព្ទចល័ត, សេវាកម្ម Cloud និងបណ្តាញអ៊ីនធើណិត និងមុខងារសាជីវកម្ម។ ក្រុមហ៊ុន Nokia បានរាយការណ៍ថា ប្រាក់ចំណេញរបស់ខ្លួនបានឈានដល់ ១៣៣លានអឺរ៉ូនៅក្នុងត្រីមាសទី៣ តួលេខនេះបានធ្លាក់ចុះ ៦៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា