លោក បៃដិន ៖ រុស្ស៊ី និងក្រុមហាម៉ាសជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ
វ៉ាស៊ីនតោន៖ មេដឹកនាំអាមេរិកនៅថ្ងៃព្រហស្បតិ៍ទី១៩ ខែតុលា ឆ្នាំ២០២៣ បានថ្លែងថា ទាំងរុស្ស៊ី និងក្រុមហាម៉ាស កំពុងបំផ្លាញលទ្ធិប្រជាធិបតេយ្យ នៅក្នុងសន្ទរកថាដ៏រំជើបរំជួលមួយទៅកាន់ប្រទេសជាតិ ចេញពីសេតវិមាន ជាទីដែលលោកអំពាវនាវសុំជំនួយអាមេរិកដល់អ៊ុយក្រែន និងអ៊ីស្រាអែល។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានគូសបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងក្រុមហាម៉ាស បានតំណាងឱ្យការគំរាមកំហែងផ្សេងៗគ្នា ប៉ុន្តែពួកគេបានចែករំលែករឿងនេះដូចគ្នា នោះគឺពួកគេទាំងពីរចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យចោលទាំងស្រុង។
បច្ចុប្បន្នលោក បៃដិន ដែលកំពុងស្វែងរកអាណត្តិទី២ ក្នុងឆ្នាំ២០២៤ បាននឹងកំពុងជំរុញឱ្យសភាអាមេរិកអនុម័តកញ្ចប់ថវិកាដ៏ធំសម្បើមមានចំនួនប្រមាណ ១០០ពាន់លានដុល្លារ។ ក្នុងនោះរួមមានមូលនិធិជួយដល់អ៊ីស្រាអែល នៅក្នុងសង្គ្រាមប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ក៏ដូចជាជួយដល់អ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា កញ្ចប់ជំនួយខាងលើនេះ ក្នុងនោះ ១០ពាន់លានដុល្លារជាជំនួយសង្គ្រោះបន្ទាន់សម្រាប់អ៊ីស្រាអែល និង ៦០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ប៉ុន្តែព័ត៌មានលម្អិតពេញលេញអាចនឹងចេញផ្សាយនៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា