មេដឹកនាំក្រុមហាម៉ាសព្រមានពីការផ្ទុះជម្លោះក្នុងតំបន់ និងសរសើរជំហររបស់អារ៉ាប់
ដូហា៖ មេដឹកនាំក្រុមហាម៉ាស លោក អ៊ីស្មែល ហានីយេហ៍ បានសរសើរជំហររបស់បណ្តាប្រទេសអារ៉ាប់ ជាពិសេសអេហ្ស៊ីប ដែលបដិសេដការភៀសខ្លួនរបស់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ចូលទៅក្នុងប្រទេសជិតខាង។
មេដឹកនាំក្រុមហាម៉ាស លោក អ៊ីស្មែល ហានីយេហ៍ បានព្រមានពីលទ្ធភាពផ្ទុះជម្លោះក្នុងតំបន់ដែលអាចកើតមានឡើង ប្រសិនបើអ៊ីស្រាអែលនៅតែបន្តសកម្មភាពយោធារបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សាស្ទី្រប។ លោក អ៊ីស្មែល បន្តថា យើងបានអំពាវនាវដល់មនុស្សគ្រប់គ្នា ឱ្យពន្លឿនការផ្តល់ជំនួយដល់ប្រជាជនរបស់យើងនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។
ប្រជាជនតំបន់ហ្កាហ្សាបច្ចុប្បន្ន កំពុងរស់នៅក្នុងគ្រោះមហន្តរាយមនុស្សធម៌ ដោយសារតែភាពឃោរឃៅរបស់ពួក Zionist-Nazi ដែលលោកចង់សំដៅលើអ៊ីស្រាអែល។ លោកបន្ថែមថា យើងសូមព្រមានគ្រប់ៗគ្នាថា ជម្លោះនេះអាចក្លាយទៅជាសមរភូមិក្នុងតំបន់ ប្រសិនបើការឈ្លានពាន, ភាពឃោរឃៅ, ការកាប់សម្លាប់ និងការបង្ហូរឈាម ក៏ដូចជាការបំផ្លិចបំផ្លាញប្រឆាំងនឹងប្រជាជនរបស់យើងនៅក្នុងតំបន់ហ្កាហ្សា នៅតែបន្ត។
ទន្ទឹមគ្នា មេដឹកនាំក្រុមហាម៉ាសរូបនេះ បានកោតសរសើរចំពោះជំហររបស់ប្រទេសអារ៉ាប់ និងឥស្លាម ជាពិសេសអេហ្ស៊ីប ចាប់តាំងពីពួកគេកំពុងនិយាយអំពីការផ្លាស់ទីលំនៅរបស់ប្រជាជនហ្កាហ្សាទៅកាន់ប្រទេសអេហ្ស៊ីប ហើយក្រោយមកការផ្លាស់ទីលំនៅរបស់ប្រជាជននៅតំបន់ West Bank ទៅកាន់ប្រទេសហ្ស៊កដានី ខ្ញុំសូមអំពាវនាវឱ្យគាំទ្រ និងប្រកាន់ខ្ជាប់នូវគោលជំហរបែបនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា