កម្ពុជាប្តេជ្ញាចិត្តចូលរួមជាមួយសហគមន៍អន្តរជាតិ លើការត្រួតពិនិត្យ និង កាត់បន្ថយការប្រើប្រាស់សារធាតុហាយដ្រូភ្លុយអរ៉ូកាបូន
(ភ្នំពេញ)៖ ជំហរ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការអនុវត្តពិធីសារ ម៉ុងរ៉េអាល់ និងវិសោធនកម្ម ជាពិសេសវិសោធនកម្មទីក្រុងគីហ្គាលី ដែលបានដាក់ឲ្យមានការត្រួតពិនិត្យ និង កាត់បន្ថយការប្រើប្រាស់ សារធាតុ “ហាយដ្រូភ្លុយអរ៉ូកាបូន” ស្របតាមកតព្វកិច្ចភាគីនៃពិធី សារម៉ុងរ៉េអាល់ប្រកបដោយប្រសិទ្ធភាពស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។នេះជាការ លើកឡើងពីសំណាក់ ឯកឧត្តម ប៉ាក សុខារ៉ាវុត អនុរដ្ឋលេខាធិការ ក្រសួង បរិស្ថាន ក្នុងពេល ចូលរួមកិច្ចប្រជុំនៅទីក្រុងណៃរូប៊ី ប្រទេស កេនយ៉ា។
គួរបញ្ជាក់ថានាឱកាសនៃកិច្ចប្រជុំដែលបានរៀបចំឡើងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាក សុខារ៉ាវុត បានជួបពិភាក្សាជាមួយនឹងដៃគូអភិវឌ្ឍន៍មួយចំនួនរួមមានកម្មវិធីបរិស្ថានសហប្រជាជាតិ កម្មវិធីអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ សម្ព័ន្ធប្រែប្រួលអាកាសធាតុ និងមន្ត្រីជាន់ខ្ពស់នៃលេខាធិការដ្ឋាន ថវិកាពហុភាគី ដើម្បីស្វែងរកជំនួយបច្ចេកទេសនិងថវិកា ក្នុងការអនុវត្ដពិធីសារម៉ុងរ៉េអាល់ និងបានចូលរួមធ្វើជាវាគ្មិនក្នុង ព្រឹត្តិការណ៍ (Side Events)ចំនួនពីរ ដើម្បីចែករំលែកបទពិសោធន៍ ពីការអនុវត្តផែនការមជាតិនៅកម្ពុជាផងដែរ។ ជាមួយគ្នា នេះ កម្ពុជាត្រូវបានជ្រើសរើសជាសហសមាជិក គណៈកម្មាធិការប្រតិបត្តិ ជាមួយប្រទេសចិន និងប្រទេសឥណ្ឌា ដើម្បីសហការរៀបចំកិច្ចប្រជុំ គណៈកម្មាធិការប្រតិបត្តិលើកទី៩៣ ៩៤ និង៩៥ ដែលនឹងប្រព្រឹត្ត ទៅ នៅទី ក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដាសម្រាប់ឆ្នាំ២០២៣ និង ២០២៤ផងដែរ៕
ដោយ៖ម៉ាដេប៉ូ