អូស្ដ្រាលីបរាជ័យក្នុងការចរចាចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប
ស៊ីដនី៖ អូស្ដ្រាលីបរាជ័យជាថ្មីម្ដងទៀត ក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប ហើយរដ្ឋាភិបាលទាំងពីរអាចនឹងត្រូវចំណាយពេលយូរជាងនេះ ដើម្បីត្រលប់មកកាន់តុចរចារម្ដងទៀត។
អូស្ដ្រាលី បានព្យាយាមធ្វើការចរចាលើកិច្ចព្រមព្រៀងនេះ តាំងពីឆ្នាំ២០១៨ ប៉ុន្ដែមានភាពជាប់គាំង ដោយសារការខ្វែងយោបល់គ្នាអំពីការនាំចូលសាច់គោ និងសាច់ចៀមទៅកាន់ទីផ្សារអឺរ៉ុប។ រដ្ឋមន្ដ្រីកសិកម្មអូស្ដ្រាលី លោក Murray Watt ថ្លែងថា ភាគីសហភាពអឺរ៉ុប នៅតែរក្សាជំហររបស់ខ្លួនដដែល ទៅលើចំណុចដែលមិនយល់ស្របក្នុងកិច្ចព្រមព្រៀងនេះ។
យ៉ាងណាមិញ ខណៈដែលប្រទេសអូស្ដ្រាលីទាមទារឱ្យសហភាពអឺរ៉ុបបើកចំហរទីផ្សារឱ្យកាន់តែទូលាយជាងមុន ជុំវិញការនាំចូលនូវផលិតផលកសិកម្ម សហភាពអឺរ៉ុបទាមទារការបើកចំហរទីផ្សារនៃធនធានធម្មជាតិសំខាន់ៗនានា ដើម្បីកាន់បន្ថយការពឹងផ្អែករបស់អឺរ៉ុបទៅលើប្រទេសរុស្ស៊ី និងចិន ក្នុងវិស័យថាមពល។
គួរបញ្ជាក់ថា ការចរចាកិច្ចព្រមព្រៀងរវាងអូស្ដ្រាលី និងសហភាពអឺរ៉ុបនេះ ធ្លាប់បរាជ័យម្ដងរួចមកហើយ កាលពីខែកក្កដា ដោយសហភាពអឺរ៉ុបពុំអនុញ្ញាតឱ្យការនាំចូលផលិតផលកសិកម្មរបស់អូស្ដ្រាលី ចូលទៅកាន់ទីផ្សារអឺរ៉ុបមានភាពទូលំទូលាយជាងមុន៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា