ឡាវព្រួយបារម្ភខ្លាំង ខណៈចំនួនអ្នកស្លាប់ និងកើតជំងឺគ្រុនឈាមហក់ឡើងខ្ពស់

វៀងចន្ទន៍៖ អាជ្ញាធរសុខាភិបាល និងសាធារណៈជនទូទៅព្រួយបារម្ភខ្លាំង អំពីការកើនឡើងចំនួនអ្នកស្លាប់ដោយសារជំងឺគ្រុនឈាម ខណៈក្រសួងសុខាភិបាលបានរាយការណ៍ថ្មីៗនេះថា ក្មេងស្រីអាយុ ៤ឆ្នាំម្នាក់បានស្លាប់ ព្រោះជំងឺគ្រុនឈាម នាំឱ្យចំនួនអ្នកស្លាប់កើនដល់ ១៩នាក់នៅប្រទេសឡាវក្នុងឆ្នាំ២០២៣។

ក្រសួងសុខាភិបាលឡាវបញ្ជាក់ថា ជំងឺគ្រុនឈាមនៅតែបន្តគំរាមកំហែងដល់សុខភាពសាធារណៈ និងឆក់យកអាយុជីវិតមនុស្សជារៀងរាល់ឆ្នាំ ស្របពេលដែលមនុស្សរាប់ពាន់នាក់ធ្លាក់ខ្លួនឈឺដោយសារមេរោគនេះ។ មន្ត្រីសុខាភិបាលឡាវនិយាយថា ទោះបីជារដូវវស្សាជិតឈានចូលមកដល់ក៏ដោយ ក៏ប្រជាពលរដ្ឋគួរតែបន្តអនុវត្តតាមវិធានការបង្ការជំងឺគ្រុនឈាមតាមស្តង់ដារ ព្រោះករណីកាន់តែច្រើនកំពុងត្រូវបានកត់ត្រាជារៀងរាល់ថ្ងៃ។

បន្ថែមលើនេះ ក្រសួងសុខាភិបាលឡាវបានណែនាំដល់អាជ្ញាធរសុខាភិបាលខេត្ត ធ្វើអនាម័យសាលារៀន ខណៈបុគ្គលិកពេទ្យក៏បានណែនាំអ្នកដែលមានរោគសញ្ញាស្រាល ដែលកំពុងសម្រាកព្យាបាលដោយខ្លួនឯងនៅផ្ទះ មកពិនិត្យឈាមជារៀងរាល់ថ្ងៃ ព្រោះការណ៍នេះអាចឱ្យពួកគេធ្វើការវាយតម្លៃថាតើករណីឆ្លងនោះ វិវត្តន៍កាន់តែអាក្រក់ដែរឬអត់។

គិតមកទល់ចុងឆ្នាំ២០២៣ ប្រទេសឡាវមានអ្នកកើតជំងឺគ្រុនឈាមប្រមាណ ៣២,០៥៤នាក់ហើយ នេះបើយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលព័ត៌មាន និងអប់រំដើម្បីសុខភាពរបស់ក្រសួងសុខាភិបាលឡាវ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។ ក្នុងនោះខេត្តឧត្តមសាយ មានអ្នកកើតជំងឺគ្រុនឈាមច្រើនជាងគេ រហូតដល់ ៥.៣៧៤នាក់ បន្ទាប់មករដ្ឋធានីវៀងចន្ទន៍មានចំនួន ៥,០៥៦នាក់ និង ៣,៧៧៦នាក់ទៀតនៅក្នុងខេត្តខាំមួន៕

ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner