ការប្រកួតកីឡាវាយសីជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ និងអាយុក្រោម ១៧ឆ្នាំថ្នាក់តំបន់បានបើកជាផ្លូវការ
(ភ្នំពេញ)៖ ការប្រកួតជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ និងអាយុ ក្រោម ១៧ឆ្នាំថ្នាក់តំបន់បានបើកជាផ្លូវកា ក្រោមវត្តមាន ឯកឧត្តម លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធ កីឡា វាយសីកម្ពុជា និង មានការអញ្ជើញចូលរួមពីលោក Wajid Ali ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កីឡាវាយសី នៃសហព័ន្ធកីឡាវាយសី អាស៊ី និងវត្តមានប្រតិភូ អត្តពលិក និងទស្សនិកជាច្រើនផងដែរ ។
ឯកឧត្តម លី កុសល មានប្រសាសន៍ថា នេះជាលើកដំបូងហើយ ដែលកម្ពុជាបានទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ ក្នុងគោលបំណង ពង្រឹង និងពង្រីកចំណងមិត្តភាពឲ្យកាន់តែរឹងមាំ និងទូលំទូលាយ រវាងថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនីក្នុងតំបន់ ពិសេសចែករំលែក បទពិសោធន៍ និងបច្ចេកទេសល្អៗ និងជំរុញទឹកចិត្តដល់អត្តពលិក ទាំង អស់ ឲ្យមានឆន្ទៈមុះមុត ស្មារីរឹងមាំ ឈានទៅរកគោលដៅ ពិតប្រាកដ គឺការដណ្ដើមមេដាយមាសជូនប្រទេសជាតិខ្លួន ។
ឯកឧត្តមថា ការប្រកួតនេះ អាចប្រព្រឹត្តទៅបាន ដោយសារមានការ ឧបត្ថម្ភគាំទ្រពីថ្នាក់ដឹកនាំ BA ។ លើសពីនេះ សហព័ន្ធកីឡាវាយសី អន្ដរជាតិ មិនត្រឹមតែផ្ដល់ថវិកាសម្រាប់បម្រើឲ្យការប្រកួតនោះទេ ថែមទាំ ងបញ្ជូនមន្ដ្រីបច្ចេកទេស ដូចជាអាជ្ញាកណ្ដាល និង Umpires ជាដើម មកកម្ពុជា ដើម្បីជួយរៀបចំការប្រកួតនេះឲ្យបាន ត្រឹមត្រូវ ស្រមតាមនិយាមអន្ដរជាតិទៀតផង ។
ឯកឧត្តម ប្រធានសហព័ន្ធខាងលើបន្ថែមថា កម្មវិធីប្រកួត លើកដំបូងនេះ ធ្វើឲ្យយើងកាន់តែយល់ច្បាស់ និងខិតខំកាន់ តែជិតស្និត រវាងសហព័ន្ធកីឡាវាយសីកម្ពុជា និងសហព័ន្ធ កីឡាវាយសីអន្ដរជាតិ ក៏ដូចជាបណ្ដាប្រទេសជាមិត្តដទៃទៀត បានបង្កើននូវចំណងមិត្ដភាព សាមគ្គីភាព និងកិច្ចសហការល្អ ក្នុងស្មារតីស្រលាញ់រាប់អានគ្នាកាន់តែជិតស្និទ្ន និងកក់ក្ដៅ ក្នុងនាម មហាគ្រួសារកីឡាវាយសីតែមួយនៃតំបន់អាស៊ីអាគ្នេយ៍នេះ។
សហព័ន្ធ កីឡាវាយសីកម្ពុជា ញញឹម និងសង្ឃឹមទុកជាមុនយ៉ាង មុតមាំថា សហព័ន្ធកីឡាវាយសីអាស៊ី(BA) និងសហព័ន្ធកីឡា វាយសីអន្ដរជាតិ(BWF) ជួយឧបត្ថម្ភគាំទ្រដល់ជំហរដឹកនាំ របស់កម្ពុជា ព្រមជាមួយនឹងការជួយផ្ដល់ថវិកា និងសម្ភារកីឡា ដើម្បីកម្ពុជាអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំធ្វើម្ចាស់ផ្ទះនៃការប្រកួតលក្ខណៈអន្ដរជាតិលើកក្រោយទៀត។
ជាមួយគ្នាដែរលោក Wajid Ali បានថ្លែងកោតសរសើរជាថ្មី ចំពោះភាពជោគជ័យនៃការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា កាលពីថ្មីៗ ហើយបានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា សម្រាប់ការទទួលស្វាគមន៍ និងការរៀបចំព្រឹត្តិការណ៍ BA Sea Regional Junior Championship 2023 បានយ៉ាងល្អនាពេលនេះ ។
លោករំពឹងថា ការប្រកួតនេះ នឹងផ្ដល់នូវផលវិជ្ជមាន សម្រាប់វិស័យកីឡាវាយសីកម្ពុជា និងបណ្ដាប្រទេសចូលរួមផងដែរ ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ លើកដំបូងនៅកម្ពុជានេះ គឺមានអត្តពលិកប្រមាណ ៧០នាក់មកពី ៥ប្រទេសចូលរួម ដំណើរការប្រកួតរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ខណៈទស្សនិកជនអាចចូលរួមទស្សនាដោយសេរី ពុំមានលក់សំបុត្រនោះទេ ៕
រូបភាព អត្ថបទៈជាវ ចន្ធូ