ក្រសួងព័ត៌មានបញ្ជាក់ប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយពីការប្រើប្រាស់ឈ្មោះអ្នកនិពន្ធទំនុកច្រៀង អ្នកសម្រួលតន្រ្តី និងអ្នក ច្រៀងបទចម្រៀងចំណងជើង “ឱភ្នំពេញអើយ” ឱ្យបានត្រឹមត្រូវ
(ភ្នំពេញ)៖ ក្រសួងព័ត៌មាននៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣នេះ បានចេញលិខិតបញ្ជាក់ប្រាប់ដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់អំពីការផ្សព្វផ្សាយ និងប្រើប្រាស់ឈ្មោះអ្នកនិពន្ធទំនុកច្រៀង អ្នកសម្រួល តន្រ្តី និងអ្នក ច្រៀងបទចម្រៀងចំណងជើង “ឱភ្នំពេញអើយ” ឱ្យបាន ត្រឹមត្រូវ។
ការបញ្ជាក់ប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាននេះដែរធ្វើឡើងដោយ យោងតាមលិខិតលេខ ៥០៨ ឆត ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
បើយោងតាមលិខិតរបស់ក្រសួងព័ត៌មានដែលបានចុះហត្ថលេខាដោយ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានខាងលើនេះបាន បញ្ជាក់ ថា៖ បន្ទាប់ពីមានការ សម្របសម្រួលដោះស្រាយបញ្ហា ដោយ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងព័ត៌មាន … លើករណី រំលោភបំពានសិទ្ធិសីលធម៌អ្នកនិពន្ធចម្រៀងបទ “ឱភ្នំពេញអើយ រួចមក ភាគីពាក់ព័ន្ធទាំងអស់បាន សម្រេចទទួលយក និងឯកភាពថា បទចម្រៀង “ឱភ្នំពេញអើយ” ជាស្នាដៃនិពន្ធទំនុកច្រៀងដោយ សម មិត្ត កែវ ចិន្តា សម្រួលតន្ត្រីដោយសមមិត្ត ជ័យ សុភា និងច្រៀង ដោយ សមមិត្តនារី សូ ចន្ទី ដោយយកតាមលំនាំ បទឡាវឡឹក និងជាកម្មសិទ្ធិបេតិកភណ្ឌរបស់គណបក្សប្រជាជនកម្ពុជា។
ក្រសួងព័ត៌មានបានឱ្យដឹងដែរថា” ក្នុងន័យនេះ ខ្ញុំសូមជម្រាបថា រាល់ការផ្សព្វផ្សាយបទចម្រៀង “ឱភ្នំពេញអើយ” ជាសំឡេងដើម ឬច្រៀងជាថ្មីឡើងវិញ សូមឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់ប្រព័ន្ធ ផ្សព្វផ្សាយទាំងអស់ ត្រូវរក្សាឈ្មោះអ្នកនិពន្ធទំនុកច្រៀង អ្នកសម្រួលតន្រ្តី អ្នកច្រៀង និងម្ចាស់កម្មសិទ្ធិឱ្យ បានត្រឹមត្រូវតាមលិខិតលេខ ៥០៨ ឆ.ត ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ របស់ក្រសួងវប្បធម៌និងវិចិត្រ សិល្បៈ”។
ប្រភពដដែលនេះបានបញ្ជាក់បន្ថែមថា៖បើ ករណីដែលមាន ការផ្សព្វ ផ្សាយលើបណ្តាញសង្គមនានា ដោយប្រើប្រាស់ឈ្មោះផ្ទុយពីខ្លឹមសារ លិខិតខាងលើ ខ្ញុំសូមឱ្យមានការកែតម្រូវ ឬដកចេញ ដើម្បីជាការ គោរព និងផ្ដល់តម្លៃដល់ស្នាដៃម្ចាស់ដើមនៃបទចម្រៀងនេះ។ សេចក្តី ដូច បានជម្រាបមកខាងលើ សូម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោកលោកស្រី ចាត់ចែង និងដឹកនាំអនុវត្តឱ្យមាន ប្រសិទ្ធភាព ខ្ពស់ ចាប់ពីពេលនេះតទៅ៕
ដោយ៖ម៉ាដេប៉ូ