តុលាការអន្ដរជាតិ៖ ការរារាំងការដឹកជញ្ជូនជំនួយសប្បុរសធម៌ទៅកាន់ហ្កាហ្សាជាឧក្រិដ្ឋកម្ម

គែរ៖ ប្រធានតុលាការអន្ដរជាតិ លោក Karim Khan ព្រមានថា សកម្មភាពទាំងឡាយដែលរារាំងដល់ការដឹកជញ្ជូនជំនួយសប្បុរសធម៌ទៅកាន់ប្រជាជនរងគ្រោះនៅតំបន់ហ្គាហ្សា គឺជាអំពើដែលខុសទៅនឹងច្បាប់អន្ដរជាតិ និងជាឧក្រិដ្ឋកម្ម។

គេឃើញមានរថយន្ដបញ្ជូនជំនួយប្រមាណ ៥០០គ្រឿងឆ្លងកាត់ច្រកព្រំដែន Rafah រៀងរាល់ថ្ងៃ ប៉ុន្ដែក្រោយមក មានរថយន្ដជំនួយតែប្រមាណ ១១៧គ្រឿងប៉ុណ្ណោះ ដែលបានដឹកជំនួយទៅដល់ដៃជនរងគ្រោះ។ លោកបន្ថែមថា រថយន្ដដែលដឹកជំនួយសប្បុរសធម៌ដូចជា ស្បៀង ទឹក និងថ្នាំសង្កូវផ្សេងៗត្រូវបានជាប់គាំងនៅតំបន់ព្រំដែន Rafah នៃប្រទេសអេហ្ស៊ីប។ ជំនួយទាំងនោះ ត្រូវតែបញ្ជូនទៅកាន់ប្រជាជនដែលរងគ្រោះជាបន្ទាន់។

បច្ចុប្បន្ន ច្រកព្រំដែន Rafah ជាច្រកអន្ដរជាតិតែមួយគត់ ដែលអនុញ្ញាតឱ្យមានការបញ្ជូនជំនួយសប្បុរសធម៌ឆ្លងកាត់ទៅកាន់ប្រជាជនរងគ្រោះនៅតំបន់ហ្គាហ្សា។ យ៉ាងណាមិញ ច្រកព្រំដែននេះតែងប្រឈមនឹងការទម្លាក់គ្រាប់បែកពីសំណាក់រដ្ឋាភិបាលអ៊ីស្រាអែលឥតឈប់ឈរ។

គួរបញ្ជាក់ថា រដ្ឋាភិបាលអ៊ីស្រាអែលបានបើកការវាយប្រហារដោយការទម្លាក់គ្រាប់បែកទៅកាន់តំបន់ហ្គាហ្សា ក្រោយពេលក្រុមហាម៉ាស់បានវាយលុកអ៊ីស្រាអែលនៅថ្ងៃទី០៧ ខែតុលា ហើយសម្លាប់មនុស្សប្រមាណ ១,៤០០នាក់ និងចាប់ខ្លួនមនុស្សប្រមាណ ២៣០នាក់ទៀតជាចំណាត់ខ្មាំង។ មកទល់ពេលនេះ ប្រជាជនប្រមាណ ៨,០០០នាក់នៅតំបន់ហ្គាហ្សាបានស្លាប់ ដោយជាងពាក់កណ្ដាលនៃចំនួនអ្នកស្លាប់ គឺជាស្ដ្រី និងកុមារ៕

ប្រភព៖ AFP ប្រែសម្រួលដោយ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner