មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងប្រគល់ភារកិច្ចជូនកងកម្លាំង

(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងប្រគល់ភារកិច្ច ជូនដល់កងកម្លាំងចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ជូនអំពីសភាពការណ៍អន្តរជាតិ សង្គ្រាមរវាង អ៊ីស្រាអែល និងក្រុមហាម៉ាស ប៉ាឡេស្ទីន និងសភាពការណ៍ថ្មីៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការបញ្ជាក់អំពីការរៀបចំពិធីអុំទូក បណ្តែតប្រទីប និងបង្ហោះគោម នៅខេត្តកំពង់ធំ ដែលមានប្រជាជនចូលរួមសប្បាយរីករាយប្រមាណជិត ២០ម៉ឺននាក់ ក្នុងរយះពេល៣ថ្ងៃកន្លងទៅ ស្តែងចេញពីប្រទេសជាតិយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ពិសេសការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ។

ឧត្តមសេនីយ៍មេបញ្ជាការ ក៏បានថ្លែងកោតសរសើរ ព្រមទាំងអរគុណចំពោះកងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ដែលបានខិតខំបំពេញតួនាទីភារកិច្ចទទួលបានជោគជ័យ តាមផែនការដែលថ្នាក់លើបានប្រគល់ជូន ព្រមទាំងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបានជួយដោះស្រាយនូវរាល់ការលំបាកខ្វះខាតរបស់ប្រជាជន និងអតីតយុទ្ធជននៅតាមមូលដ្ឋាននីមួយៗ ដែលខ្លួនទទួលខុសត្រូវក្នុងរយៈពេលកន្លងមកនេះ។ 

នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម  ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗជូនដល់កងកម្លាំងមានជាអាទិ៍ ៖ យោធិនគ្រប់រូប ត្រូវគោរពតាមបទបញ្ជា ក្រមសីលធម៌ និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ និងបំពេញតួនាទីភារកិច្ចស្របតាមច្បាប់ និងលក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ។ យោធិនគ្រប់រូបត្រូវតែស្មោះត្រង់ និងការពារឲ្យបានដាច់ខាត ចំពោះជាតិសាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងត្រូវបន្តបម្រើប្រជាជន បន្តជួបសួរសុខទុក្ខបងប្អូនអតីតយុទ្ធជន តាមមូលដ្ឋាននានា ក្នុងខេត្តកំពង់ធំ ឲ្យបានជាប់ជាប្រចាំ ស្របតាមទិសស្លោក កងទ័ពជាកូនចៅរបស់ប្រជាជន និងដើម្បីប្រជាជន ៕

ដោយ ប៊ុន រដ្ឋា

ads banner