អង្គការក្រៅរដ្ឋាភិបាល៖ ការ​បោះ​ឆ្នោត​នៅតៃវ៉ាន់​អាច​នឹង​បើក​ឱកាសឱ្យតៃវ៉ាន់មានទំនាក់​ទំនង​ជាមួយចិន​ល្អប្រសើរ

តៃប៉ិ៖ អង្គការ​​វិបត្តិ​អន្តរជាតិ (ICG) បានចេញរបាយការណ៍កាលពីថ្ងៃទី២៧ ខែតុលា​ ដោយបានលើកឡើងថា ការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ក្នុងខែមករា ឆ្នាំ២០២៤ខាងមុខនេះ គឺជាឱកាសមួយដើម្បីបន្តកិច្ចសន្ទនារវាងទីក្រុងតៃប៉ិ និងទីក្រុងប៉េកាំង កាត់បន្ថយភាពតានតឹង និងកាត់បន្ថយហានិភ័យនៃជម្លោះរវាងភាគីទាំងពីរ។ យោងតាមរបាយការណ៍​នោះបានបន្ថែម​ថា សង្រ្គាម​លើ​កោះ​តៃវ៉ាន់​គឺជារឿងដែលអាច​ជៀស​រួច ប៉ុន្តែស្ថានការណ៍បច្ចុប្បន្ន​គឺកំពុងស្ថិតនៅក្នុង​គ្រោះថ្នាក់។​

បច្ចុប្បន្ននេះ តៃវ៉ាន់ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជាតំបន់ដែលកំពុងស្ថិតនៅក្នុងស្ថានភាពយ៉ាងក្ដៅគគុក​រវាង​ចិន និង​អាមេរិកដែលតែងតែចេញមុខ​គាំទ្រ​ដល់​តៃវ៉ាន់ ។របាយ​ការណ៍​នេះ​ផងដែរ បានអំពាវនាវ​ឱ្យ​ភាគី​ទាំង​អស់​បោះ​ជំហាន​ថយ​ក្រោ​យទាំងសងខាង និងកសាង​ទំនុក​ចិត្តរវាងគ្នា​ឡើង​វិញ។​

កន្លងមករដ្ឋាភិបាល​ចិន​ក្រោមការ​ដឹកនាំ​ដោយ​លោក ស៊ី ជីនពីង (Xi Jinping) បាន​ចាត់​ទុក​កោះ​តៃវ៉ាន់​​ជាខេត្តមួយ​របស់​ចិនប៉ុណ្ណោះ ហើយ​បាន​ទទូច​ថា​ចិន​នឹងធ្វើការ​បង្រួបបង្រួម​គ្នា​ឡើង​វិញ ។ចិនបានព្យាយាម​ធ្វើគ្រប់យ៉ាងដើម្បីបា​នគ្រប់គ្រងកោះមួយនេះដោយ​សន្តិវិធី ប៉ុន្តែ​ចិនក៏​បានអះអាងថា ខ្លួនអាចនឹងប្រើ​ប្រាស់កម្លាំងយោធា ប្រសិនបើចាំបាច់។​

ដោយឡែក រដ្ឋាភិបាលតៃវ៉ាន់ដឹកនាំដោយលោកស្រី សៃ អ៊ីងវ៉េន (Tsai Ing-wen) បានបញ្ជាក់ជាច្រើនដងមកហើយថា តៃវ៉ាន់មានឯករាជ្យភាព ហើយប្រជាជនតៃវ៉ាន់បានបដិសេធការចូលមកគ្រប់គ្រងរបស់ចិន។ ជាក់ស្ដែង ការស្ទង់ម​តិ​ថ្មីៗនេះបានរកឃើញថា ៨៥,៣% នៃប្រជាជនតៃវ៉ាន់ទាំងអស់ ប្រឆាំងនឹងសំណើរបស់ចិនដែលចង់ឱ្យតៃវ៉ាន់អនុវត្តគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ»។​

គួររំឭកថា បន្ទាប់ពីលោកស្រី សៃ ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីក្នុងឆ្នាំ២០១៦ ទីក្រុងប៉េកាំងបានផ្ដាច់កិច្ចសន្ទនាជាមួយក្រុងតៃប៉ិដោយសារតែជំហររបស់គណបក្សប្រជាធិបតេយ្យ​ជឿនលឿន (DPP) របស់លោកស្រី មាននិន្នាការប្រឆាំងចិន។ ចាប់តាំងពីពេលនោះមក ចិនបានព្យាយាមផ្តាច់តៃវ៉ាន់ចេញពីឆាកអន្តរជាតិ និងគាបសង្កត់ផ្នែកសេដ្ឋកិច្ច​។ ការណ៍នេះបានធ្វើឱ្យប្រជាជនតៃវ៉ាន់កាន់តែប្រឆាំងនឹងការបង្រួបបង្រួម បង្កឱ្យភាគីទាំងពីរស្ថិតក្នុងស្ថានភាពកាន់​តែយ៉ាប់យ៉ឺន។​

លោកស្រី សៃ នឹងចុះចេញពីដំណែងនៅឆ្នាំក្រោយ ហើយនេះអាចជាឱកាសសម្រាប់តៃវ៉ាន់ និងចិនអាចបើកកិច្ចសន្ទ​នាគ្នាម្តងទៀត។ របាយការណ៍របស់ ICG ខាងលើបានផ្ដល់ជាអនុសាសន៍ថា ប្រសិនបើបក្សកាន់អំណាចឈ្នះ តៃវ៉ាន់ និងចិនគួរតែរកវិធីដើម្បីសម្រុះសម្រួលគ្នា។

ប្រសិនបើតៃវ៉ាន់ និងចិនមិនអាចបើកកិច្ចសន្ទនាគ្នាបានភ្លាមៗទាំងស្រុងនោះទេ តៃវ៉ាន់អាចចាប់ផ្តើមជជែកជាមួយចិនអំពីរឿងផ្សេងទៀត ដូចជាពាណិជ្ជកម្ម ឬបរិស្ថានជាដើម។ ទន្ទឹមនឹងនោះ តៃវ៉ាន់​ត្រូវខិតខំពង្រឹងវិស័យ​យោធា​របស់ខ្លួន ដើម្បី​ឲ្យ​ចិន​ដឹងថា ការវាយប្រហារ​តៃវ៉ាន់​នឹងត្រូវ​ខាតបង់ចំណាយ​ច្រើន​លើសលុប នេះបើយោងតាមរបាយការណ៍ដដែល។​

អស់រយៈពេលជាច្រើនខែមកនេះ ប្រទេសចិនបានបង្កើនសកម្មភាពយោធារបស់ខ្លួនបំពានទៅលើតៃវ៉ាន់ រួមទាំងបានធ្វើសមយុទ្ធរបៀបវាយប្រហារតៃវ៉ាន់ វាយប្រហារតាមអ៊ីនធឺណិត និងបញ្ជូនយន្តហោះចម្បាំងចូលទៅក្នុងដែនអាកាសរបស់តៃវ៉ាន់ទៀតផង។ កាលពីថ្ងៃចន្ទ ក្រសួងការពារជាតិតៃវ៉ាន់បានឱ្យដឹងថា យន្តហោះរបស់ចិនបានហោះជុំវិញកោះរបស់ខ្លួនជាច្រើនដង។​

របាយការណ៍ខាងលើបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកដែលផ្តល់ជំនួយគ្រឿងសព្វាវុធដល់តៃវ៉ាន់ដើម្បីការពារខ្លួន ក៏ត្រូវទទួលខុសត្រូវផងដែរចំពោះការកាត់បន្ថយភាពតានតឹង ហើយ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត​អំពី​របៀប​ដែល​ខ្លួន​គាំទ្រ​តៃវ៉ាន់ ព្រោះ​សកម្មភាព​របស់​អាមេរិកអាច​នឹង​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់​តែ​អាក្រក់។ របាយការណ៍ក៏បានចង្អុលបង្ហាញថា សហរដ្ឋអាមេរិកមិនមែនជាប្រទេសតែមួយគត់ដែលពាក់ព័ន្ធនឹងស្ថានភាពនេះទេ ពោលគឺប្រទេសផ្សេងទៀតក៏មានទំនួលខុសត្រូវក្នុងការកាត់បន្ថយភាពតានតឹងផងដែរ។​

អ្នកស្រី អាម៉ាន់ដា ស៊ាវ (Amanda Hsiao) អ្នក​វិភាគ​ជាន់​ខ្ពស់​​របស់អង្គការ​​វិបត្តិ​អន្តរជាតិ បានលើកឡើងថា ៖ «ដើ​​ ម្បី​អាចដោះស្រាយបញ្ហានេះបាន ចិន សហរដ្ឋអាមេរិក និងតៃវ៉ាន់ ចាំបាច់ត្រូវធ្វើការរួមគ្នា ដើម្បីបញ្ចៀសជម្លោះ។ ទីក្រុងវ៉ាស៊ីនតោនគួរតែបង្ហាញជំហរទៅកាន់ទីក្រុងប៉េកាំងថា ខ្លួនមិនមានគោលបំណងបំបែកតៃវ៉ាន់ពីចិនជាអចិន្ត្រៃយ៍នោះទេ ហើយក្រុងតៃប៉ិគួរតែបង្ហាញជំហរប្រាប់ទីក្រុងប៉េកាំងថា ខ្លួននឹងមិនស្វែងរកឯករាជ្យភាពជាផ្លូវការនោះឡើយ»។

លោកស្រីបន្តថា ៖ «រីឯទីក្រុងប៉េកាំងវិញ គួរតែបញ្ជាក់ប្រាប់ទីក្រុងវ៉ាស៊ីនតោន និងតៃប៉ិឡើងវិញថា ខ្លួននឹងមិនប្រើប្រាស់កម្លាំងយោធាដើម្បីធ្វើការបង្រួបបង្រួមតៃវ៉ាន់មកវិញនោះទេ»៕

ប្រែសម្រួល៖ធា សុណា

ប្រភពព័ត៌មាន៖ The Guardian Taiwan election may open window for better China ties, report says

ads banner