កម្មវិធី «​ជំរំយុ​វជនជា​សាកល​លើក​ទី​៩»​ ​​​បង្ហាញ​ពីសច្ចៈធម៌ប្រវត្តិសាស្ត្រ និងតថភាពសង្គមដល់យុវជនក​ម្ពុ​ជាជំនាន់ក្រោយ​

អត្ថបទដោយ៖
CPA

ភ្នំពេញ៖កម្មវិធី​ជំរំ​យុវជន​ជាសាកល​លើក​ទី​៩ ​ឆ្នាំ​នេះ ធ្វើ​ឡើង​ក្រោមប្រ​ធាន​បទ «​ការ​អភិវឌ្ឍ​​យុវជន​ក្រោម​ដំបូល​សន្តិភាព​» ដើម្បី​លើក​បង្ហាញ​​ពី​សច្ចៈ​ធម៌​ប្រវត្តិ​សាស្ត្រ និង​តថភាព​សង្គម​ដល់​យុវជន​កម្ពុជា​ជំនាន់​ក្រោយ ។

លោកស្រី ស្រូយ សុជាតិ អគ្គ​នាយក​​នៃ​​អគ្គ​នាយក​ដ្ឋាន​យុវ​ជន ក្រសួង​អប់​រំ យុវ​ជន និង​កីឡា បាន​​ប្រាប់​ឱ្យ​ដឹង​នៅថ្ងៃទី​៣០ ខែតុលា​ថា សម្រាប់​ឆ្នាំ​២០២៣​នេះ គឺ​ជា​លើក​ទី​៩​ហើយ ដែល​ក្រសួង​អប់​រំ ក្នុង​នាម​ជា​​ប្រធាន​គណៈ​កម្មការ​អន្តរ​ក្រសួង ​នឹង​រៀប​ចំ​កម្មវិធី​ជំរំ​យុវជន​ជា​សាកល​លើក​ទី​៩ ក្រោម​ប្រធាន​បទ «​ការ​អភិវឌ្ឍ​យុវជន​ក្រោម​ដំបូល​សន្តិភាព​»។

​​​​កម្មវិធី​នេះ នឹងត្រូ​វ​រៀប​ចំ​ឡើង​រយៈ​ពេល​ ៦​ថ្ងៃ ចាប់​ពី​​ថ្ងៃ​​​ទី​១១ ដល់ ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៣ នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​សៀមរាប​​ខាង​​មុខ​នេះ​។

លោក​ស្រី បាន​ប្រាប់ថា ៖ «យើង​​ជ្រើស​រើសប្រ​ធាន​បទ​នេះ សម្រាប់​កម្មវិធី​ជំរំ​យុវជន​ជាសាកល​លើក​ទី​៩ ​​ដោយ​សារ​ចង់​បង្ហាញ​ឱ្យ​ឃើញ​នូវ​សុខ​សន្តិភាព​ជា​កត្តា​ឈាន​មុខ​ ដោយ​ហេតុ​ថា​មាន​សន្តិភាព​ទើប​ជា​ការ​បើក​ឱកាស​ឱ្យ​ប្រទេស​មាន​លទ្ធភាព​គិត​គូរ​ដល់​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​»​។​

លោក​ស្រី ស្រូយ សុជាតិ ​បាន​ឱ្យ​ដឹង​ទៀត​ថា ​​​ក្នុង​យុទ្ធសាស្រ្ត នៃ​គោល​នយោបាយ​ជាតិ​ស្តី​ពី​ការ​អភិវឌ្ឍន៍​​យុវ​ជន ក្រសួង​អប់​រំ ​និង​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​អភិវឌ្ឍ​យុវជន ដែល​ជា​សេនាធិការ​របស់​រាជ​រដ្ឋាភិបាល​ មាន​តួនាទី​ក្នុង​ការ​បណ្តុះ​បណ្តាល​ចំណេះ​ដឹង ជំនាញ បំណិន ដល់​យុវជន​ឱ្យ​ក្លាយ​ជា​មូល​ធន​មនុស្ស​រ​បស់​សង្គម និង​មាន​អាជីព​សម​ស្រប​មួយ​សម្រាប់​ថ្ងៃ​អនាគត​។

បើ​តាម​លោកស្រី ស្រូយ សុជាតិ ​កម្មវិធី​ជំរំ​យុវជន​ជា​សាកល​នេះ​ គឺ​មាន​សារៈ​សំខាន់​ណាស់​ ដើម្បី​រួម​ចំ​ណែ​ក​អភិវឌ្ឍ​សមត្ថភាព និង​បណ្តុះ​បណ្តាល​យុវជន​លើ​ជំនាញ​បច្ចេក​វិទ្យា​ព័ត៌មាន និង​ឌីជីថល សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​យុទ្ធ​សាស្ត្រ​កំណែ​ទម្រង់​វិស័យ​អប់​រំ​បែប​ឌីជីថល ឆ្លើយ​តប​ទៅ​នឹង​គោល​នយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា (២០២២​-​២០៣៥)​។

​ដោយមើ​លឃើ​ញ​ពី​ភាព​ជោគ​ជ័យ និង​ផល​ជះ​ជា​វិជ្ជមាន​មក​កាន់​សង្គម​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​នូវ​ឥរិយាបទ ការ​គិត​បែប​វិជ្ជមាន និង​ការ​ផ្តល់​នូវ​ចំណេះ​ដឹង​ដល់​យុវជន ស្រប​តាម​គោល​បំណង និង​ទស្សនៈ​វិស័យ​រប​ស់​​​កម្មវិធី គណៈ​កម្មការ​អន្តរ​ក្រសួង និង​អ្នក​ឧបត្ថម្ភ​កម្មវិធី បាន​សម្រេច​បង្កើន​ការ​ជ្រើស​រើស​ចំនួន​ប្រ​តិភូ​ជំ​រំ​ជា​អ្នក​ចូល​រួម​ពី​ចំនួន ១៤០​នាក់ ក្នុង​ឆ្នាំ​២០២២ ឱ្យ​ដល់​ចំនួន ២៥០ ​នាក់​សម្រាប់​ឆ្នាំ​២០២៣ និង​យុវ​ជន​ស្ម័គ្រ​ចិត្ត​ចំនួន ៣៥​នាក់​។

ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ ​និងជាអនុប្រធានគណៈកម្មការអន្តរក្រ​សួង ធ្លាប់​បានថ្លែង​កាលពីដើមខែ​តុលា ​ក្នុង​ពិធីបិទវគ្គតម្រង់ទិសយុវជនស្ម័គ្រចិត្ត និងប្រតិភូជំរំយុវជនជាសាកលលើកទី៩ ថា ការបោះជំរំ មិនមែនជាកម្មវិធីបោះតង់ធម្មតានោះទេ តែជាទីកន្លែងដែលអាចរៀនសូត្រ និងបង្កើតទំនាក់ទំនងថ្មីៗ។

សូម​​បញ្ជាក់​​ថា ការ​​បោះ​​ជំ​រំ​យុវ​ជន​ជា​សាកល ​ជា​គំនិត​ផ្តួច​ផ្តើម​របស់​សម្ដេចតេជោ ​ហ៊ុន សែន អតីត​នាយក​រដ្ឋ​មន្រ្តី​​​នៃ​​​កម្ពុជា ​ហើយ​ការ​បោះ​ជំ​រំ​យុវ​ជន​ជា​សាកល ត្រូវ​បាន​ចាប់​ផ្តើម​ឡើង​តាំង​ពី​ឆ្នាំ​២០១០ រហូត​មក​ដល់​បច្ចុប្បន្ន​៕

ដោយ៖ជា សុខនី

ads banner