AVIVoice Ep137 : ផលប្រយោជន៍សេដ្ឋកិច្ចកម្ពុជាក្នុងការចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣

សូមស្តាប់ កម្មវិធី AVIVoice

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញធ្ចើដំណើរទស្សនកិច្ចការងារទៅកាន់ប្រទេសចិនកាលពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី១៩ ខែតុលា ដើម្បីចូលរួមនូវចូលរួមក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទីបី។ គួររំលឹងផងដែរថា ២០២៣គឺជាឆ្នាំនៃការគំរប់ខួបលើកទី១០ នៃការដាក់ចេញនូវគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ របស់ប្រទេសចិន ដែលបានចូលរួមចំណែកច្រើនដល់ការអភិវឌ្ឍន៍តំបន់ ជាពិសេសលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ស៊ឺន សំ នឹងពន្យល់អំពីសារប៉ានទូទៅនៃវេទិកាខ្សែក្រវាត់ និងផ្លូវ និងសមិទ្ធផលជារួមដែលកម្ពុជាសម្រេចបានក្រោមការអនុវត្តគម្រោង BRI ដែលបានរួមចំណែកដល់ការលើកម្ពស់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។

សំណួរទី ១៖  កាលពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លោកបានអញ្ជើញធ្វើដំណើរទស្សនកិច្ចការងារទៅកាន់ប្រទេសចិន ដើម្បីចូលរួមនៅក្នុងវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនៅក្នុងទីក្រុង ប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ គួររំលឹកផងផងដែរថា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ឬក៏ហៅកាត់ថា BRI របស់ប្រទេសចិន បានចូលរួមចំណែកនៅក្នុងការសម្រួលយ៉ាងខ្លាំងទៅដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក៏ដូចជាការកាត់បន្ថយភាពក្រីក្ររបស់កម្ពុជា ដោយអាចរាប់បញ្ចូលនៅក្នុងភាពជោគជ័យ នៃការអនុវត្តគម្រោងនានានៅក្នុងគំនិតផ្តួចផ្តើមមួយនេះផងដែរ។ ជាបឋមមុននឹងចូលទៅកាន់ប្រធានបទរបស់យើងខាងលើ តើលោកបណ្ឌិតអាចជួយរំលេចបន្តិចបានទេថា អ្វីទៅជាវេទិកាខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិនមួយនេះ? ហើយតើវេទិកាមួយនេះផ្តោតសំខាន់ទៅលើមូលបទអ្វីខ្លះ?

លោកបណ្ឌិត ស៊ឺន​ សំ៖ បាទ ជាការពិតយើងបានដឹងហើយថាគម្រោង BRI ឬ យើងហៅថាផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិននេះបានបង្កើតឡើងដោយលោកប្រធានាធិបតី ស៊ី ជីនពីង កាលពីឆ្នាំ២០១៣ ដែលគម្រោងនេះមានគោលបំណងសំខាន់នោះគឺ ផ្តល់កម្ចីទៅដល់ប្រទេសដែលចូលរួមនៅក្នុងគម្រោងហ្នឹងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងឡាយមានស្ពាន មានផ្លូវថ្នល់ជាដើម នៅក្នុងប្រទេសដែលជាដៃគូនោះ។ យើងមើលឃើញថាគម្រោង BRI ដែលកម្ពុជាចូលជាសមាជិកមួយដែរនោះគឺជាការពិត មុនពេលដែលគម្រោងនោះចេញជារូបរាង ចេញជាលទ្ធផល យើងបានឃើញហើយថាមាន      ទស្សនៈ មានគំនិតផ្សេងៗគ្នាជាច្រើនដែឡបាននិយាយអំពីគម្រោង BRI របស់ចិននោះ ដោយអ្នកខ្លះមានការលើកឡើងដែលបារម្ភអំពីការជាប់អន្ទៈបំណុលរបស់ចិន លើកឡើងអំពីចំណុចអវិជ្ជមានអីផ្សេងៗដែលអាចកើតឡើងអំពីគម្រោងរបស់ចិន ឬ ក៏អ្នកខ្លះអាចថាលើកឡើងរហូតដល់បារម្ភអំពីការបាត់បង់នូវបូរណភាពអធិបតេយ្យភាពរបស់ប្រទេសចំពោះប្រទេសចិនក៏មានដែរ។

នេះជាការលើកឡើងមុនពេលដែលគម្រោងហ្នឹងបានចេញជារូបរាង។ យើងមើលហើយថានៅក្នុងប្រទេសកម្ពុជាយើងក្តី ប្រទេសម៉ាឡេស៊ី ឬ ប្រទេសផ្សេងទៀតដែលជាសមាជិករបស់គម្រោងនោះជាពិសេសឡាវ ដែឡជាប្រទេសជិតខាងយើងមានដូចគ្នានូវមតិខ្លះដែលគាត់គាំទ្រ មានមតិខ្លះក៏មិនគាំទ្រដែលមានការព្រួយបារម្ភអីផ្សេងៗ។ ប៉ុន្តែតាមការអង្កេតផ្ទាល់ខ្លួនរបស់ខ្ញុំ គម្រោង BRI នេះវាគឺជាការបង្កើតជម្រើសមួយសម្រាប់ការអភិវឌ្ឍន៍ប្រទេស ឧទាហរណ៍ដូចជា ផ្លូវភ្នំពេញ-កំពង់សោម ជាផ្លូវល្បឿនលឿននោះ យើងមើលកាលពិដំបូងឡើយដែលគម្រោងនោះមិនទាន់បានបញ្ចប់កាតសាងសង់ទេ មានការលើកឡើងបែបអវិជ្ជមានច្រើន ស្តីពីគម្រោងផ្លូវនោះថាយ៉ាងនេះ ថាយ៉ាងនោះ សុទ្ធតែន័យមួយមិនល្អ ប៉ុន្តែបន្ទាប់ពីគម្រោងនេះធ្វើហើយ យើងមើលថ្ងៃសៅរី៍-អាទិត្យ ថ្ងៃបុណ្យទាន ភាគច្រើនគឺស្ទះ ហើយមនុស្សបានប្តូរនូវការយល់ឃើញវិញ មានន័យថាពីមុនរិះគន់ថាមិនល្អ ប៉ុន្តែបើយើងទៅមិនស្រួលហ្នឹងគឺស្ទះនៅលើហ្នឹង មានន័យថាមនុស្សចាប់ផ្តើមពេញចិត្តនូវការប្រើប្រាស់សេវានេះ ព្រោះវាចំណេញពេលវេលា​ហើយយើងបង់ប្រាក់បន្តិចបន្តួចទៅគឺអាចធ្វើដំណើរទៅបានដោយស្រួលក្នុងការធ្វើដំណើរតាមឡាន មានន័យថាទម្រង់ BRI នេះដែលមានគម្រោងផ្លូវផ្បឿនលឿននេះក៏មិនបានបង្ខំថាអ្នកដែលទៅកំពង់សោមត្រូវតែជិះធ្វើដំណើរតាមផ្លូវនេះទេ អាចធ្វើដំណើរតាមផ្លូវផ្សេងប្រសិនបើមិនចង់បង់លុយទេ។

ប៉ុន្តែបើគិតថាធ្វើដំណើរតាមផ្លូវនេះលឿន សុវត្ថិភាព បង់លុយទៅអាចទៅស្រួល។ នៅក្នុងន័យនេះមានន័យថា BRI របស់ចិនជាទូទៅគឺជាការបង្កើតជម្រើសនៃការអភិវឌ្ឈន៍ប្រទេសដោយមិនបានបង្ខំប្រទេសណាមួយឱ្យទទួលយក ឬ បង្ខំប្រជាជននៃប្រទេសណាមួយថាឱ្យឱ្យត្រូវតែប្រើប្រាស់ទេ ប៉ុន្តែវាគឺជាជម្រើសមួយក្នុងការអភិវឌ្ឈន៍ប្រទេសដែលរដ្ឋាភិបាលចិនបានផ្តល់ជូនប្រទេសដែលជាដៃគូ ប្រទេសដែលជាសម្ព័ន្ធមិត្ត ជាពិសេសប្រទេសដែលចូលរួមនៅក្នុងគម្រោង BRI របស់ចិនហ្នឹង។ សរុបមកវិញថា គម្រោង BRI ដែលបានបង្កើតឡើងដោយប្រធានាធិបតីចិន ស៊ី ជីនពីង កាលពីឆ្នាំ២០១៣ គឺជាគម្រោងមួយដែលមានចក្ខុវិស័យវែងឆ្ងាយនៅក្នុងការពង្រីក ការអភិវឌ្ឍន៍ទៅកាន់ប្រទេសដែលជាសម្ព័ន្ធមិត្តដៃគូរបស់ចិនផង ចង់ ឬ មិនចង់ យើងមិនអាចបដិសេដបសនទេថាក៏ជាការពង្រីកនូវអំណាចឥទ្ធិពលរបស់ចិនដែរ ព្រោះនេះជាធម្មតាយើងទទួលថវិកា យើងទទួលគម្រោង និយាយសាមញ្ញថាយើងទទួលរបស់ស្រណោះដៃ ឬ យើងអ្នកពាក់ព័ន្ធនឹងរឿងអីមួយចង់ ឬ មិនចង់ គឺត្រូវតែមានឥទ្ធិបលដោយប្រការណាមួយហើយ ប៉ុន្តែមិនមែនមានន័យថាគម្រោងនេះត្រូវតែមានឥទ្ធិពលដាច់ខាតទៅលើបូរណភាពទឹកដីលើដែនដីប្រទេសណាមួយនោះគឺអត់ទេ គឺបើសិនជាម្ចាស់ប្រទេស ឬ អ្នកដឹកនាំប្រទេសនីមួយៗប្រើប្រាស់គម្រោងនេះឱ្យបានត្រឹមត្រូវ គឺគម្រោងនេះជាផ្នែកមួយនៃការចូលរួមសម្រាប់ការអភិវឌ្ឍន៍ប្រទេស។

ដូចខ្ញុំបានលើកឡើងអំពីផ្លូវល្បឿនលឿនកំពង់សោមមុននេះ គឺថាជាជម្រើសមួយ បើយើងគិតថាចង់លឿនចំណេញពេលយើងទៅតាមហ្នឹង បើយើងគិតថាយើងមិនចង់បង់លុយទេយើងអាចធ្វើដំណើរតាមផ្លូវផ្សេងបាន។ សុបមកវិញម្តងទៀតគម្រោង BRI នេះគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាដែលទាមទារឱ្យម្ចាស់ប្រទេស ឬ ថ្នាក់ដឹកនាំយកចិត្តទុកដាក់ ជាពិសេសត្រូវធ្វើយ៉ាងណាឱ្យការអនុវត្តគម្រោងហ្នឹងមានភាពល្អប្រសើរត្រឹមត្រូវជាពិសេសមានតម្លាភាពដោយផ្តោតទៅលើគុណភាពនៃការសាងសង់។

សំណួរទី ២៖ ដូចដែលលោកបណ្ឌិតបានលើកឡើងរួចមកហើយថាកម្ពុជាក៏ជាប្រទេសមួយនៅក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតដែលកំពុងតែទទួលបាននូវការគាំទ្រ និងជួយសម្របសម្រួលដល់ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ ក៏ដូចជាកំណើនសេដ្ឋកិច្ចក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ទីក្រុងប៉េកាំងនេះផងដែរ។ មកទល់នឹងពេលនេះ តើលោកបណ្ឌិតអាចជួយរៀបរាប់បន្តិចបានទេថាកម្ពុជាទទួលបាន ក៏ដូចជាសម្រេចបាននូវលទ្ធផលអ្វីខ្លះនៅក្នុងការអនុវត្តគម្រោងដែលទទួលបានពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនេះ?

លោកបណ្ឌិត ស៊ឺន​ សំ៖ យើងបានដឹងហើយថា បើយើងសង្កេតមើលទី១ លទ្ធផលជាទូទៅនោះ កន្លងមកគម្រោងដែលបានចេញជារូបរាងហើយនោះមានផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដែលនេះក៏ជគម្រោងដែលបានចេញជារូបរាងមួយ ប៉ុន្តែនៅមានកិច្ចសន្យាគម្រោងផ្សេងៗទៀត ជាពិសេសគម្រោងដែលកំពុងតែស្ថាបនាសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ភ្នំពេញ-សៀមរាប ឬ ការសាងសង់គម្រោងអីផ្សេងៗទៀតជាដើមគឺមានន័យថាគឺជាលទ្ធផលមួយដែលកើតចេញអំពីផែនការ ជាពិសេសប្រលានយន្តហោះនៅសៀមរាប ដែលយើងទើបតែបានសម្ពោធឱ្យប្រើប្រាស់ថ្មីៗនេះគឺវាសំខាន់ណាស់សម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ព្រោះលុយទាំងពាន់ៗលានដុល្លារ ហើយយើងមិនអាចទៅជប់ចេញបានទេ ចឹងហើយគម្រោងសំខាន់ៗដែលកំពុងតែអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជាដែលគម្រោងទាំងនោះ ពិតប្រាកដណាស់នឹងរួមចំណែកសំខាន់សម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ដែលស្របទៅនឹងគោលនយោបាយអភិវឌ្ឍប្រទេស ធនធានមនុស្សរបសរដ្ឋាភិបាលកម្ពុជាផងដែរ។ គម្រោងរបស់ចិននេះបានរួមចំណែកយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ព្រោះបើកាលណាគេនិយាយការអភិវឌ្ឍន៍ គេសំដៅទៅដល់ផ្លូវ ទឹក ភ្លើងជាដើម។

បើកាលណាមានផ្លូវ មានស្ពាន មានផ្លូវដែក ការអភិវឌ្ឍន៍វានឹងទៅតាមហ្នឹងដែរ បើកាលណាផ្លូវស្រួល បើកាលណាហេដ្ឋារចនាសម្ព័ន្ធ បើកាលណាការធ្វើដំណើរទៅហ្នឹងវាស្រួល មានន័យថាគឺយើងអាចអភិវឌ្ឍន៍ប្រទេសបានដោយសន្សឹមៗ ឬ ដោយជាក់លាក់។ ខ្ញុំមើលឃើញថា ការបង្កើតការងារជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធដែលបានចេញអំពីគម្រោង BRI នោះគឺជារឿងមួយសំខាន់ណាស់ ខ្ញុំអាចនិយាយថាគុណសម្បត្តិច្រើនដែរ ហើយជាពិសេសខ្ញុំបានមើលមុននេះអំពីការផ្សព្វផ្សាយរថភ្លើងល្បឿនលឿន ដែលជាគម្រោងមួយរបស់ចិនហើយគម្រោងនេះតាមពិតទៅបានមានហើយតាមពិតទៅនៅហ្លួងព្រះបាងនៃប្រទេសឡាវ ថ្មីៗនេះប្រទេសឥណ្ឌូនេស៊ីក៏បានដាក់សម្ពោធឱ្យប្រើប្រាស់នូវរថភ្លើងល្បឿនលឿនដែលជាគម្រោង BRI របស់ចិនដែរ។ ហើយខ្ញុំបានស្តាប់មកថាប្រទេសកម្ពុជានៅថ្ងៃអនាគតក៏នឹងមានរថភ្លើងសម្រាប់រថនៅក្នុងប្រទេសកម្ពុជាដែរ គឺខ្ញុំសប្បាយចិត្តមែនទែននៅពេលដែលបានលឺថារដ្ឋាភិបាលចិនលោកនឹងវិនិយោគឱ្យមានរថភ្លើងល្បឿនលឿននៅក្នុងប្រទេសកម្ពុជាដែរ។ សរុបមកវិញ គឺវាមានគុណសម្បត្តិ និងគុណប្រយោជន៍ច្រើនដែលវាចូលរួមនៅក្នុងគម្រោង BRI នេះ ប៉ុន្តែយើងនិយាយឱ្យអស់ទៅ ជាធម្មតាកិច្ចការអ្វីក៏ដោយគឺមានទាំងគុណសម្បត្តិ និងគុណវិបត្តិ សំខាន់ម្ចាស់នៃរបស់ ឬ ម្ចាស់ប្រទេសដែលជាអ្នកក្រប់គ្រងហ្នឹងគឺត្រូវពិនិត្យមើលថាតើអ្វីខ្លះជាបញ្ហាប្រឈមដែលកើតមាន ហើយយើងអាចគ្រប់គ្រងបញ្ហាប្រឈមទាំងនោះបានទេ ហើយបើសិនជាមានបញ្ហាកើតឡើងយើងត្រូវធ្វើយ៉ាងម៉េច ដើម្បីកុំឱ្យវាក្លាយជាបញ្ហាធំសម្រាប់ប្រទេសកម្ពុជានៅថ្ងៃក្រោយ។​

ដូចនេះ បើផលវិជ្ជមានធំ ផលអវិជ្ជមានក៏នឹងមានបន្តិចបន្តួចទៅតាមហ្នឹងដែរ ប៉ុន្តែខ្ញុំជឿជាក់ថារាជរដ្ឋាភិបាលកម្ពុជាលោកបានគិតដោយហ្មត់ចត់ទៅតាមជំហានទៅតាមដំណាក់កាលនីមួយៗចំពោះការអនុវត្តគម្រោងដែលជាកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសផ្សេង មិនសម្តៅតែប្រទេសចិនមួយទេ តែគម្រោងដែលជាកិច្ចសហប្រតិបត្តិការទាំងឡាយគឺរដ្ឋាភិបាលលោកបានគិតអំពីផលប៉ះពាល់ចំពោះប្រជាពលរដ្ឋ ប៉ះពាល់ចំពោះធនធានធម្មជាតិ ចំពោះវប្បធម៌ប្រពៃណីនៅតាមទីកន្លែងជាដើម គឺរដ្ឋាភិបាលលោក​បានផ្លឹងផ្លែងហើយមុននឹងអនុញ្ញាតឱ្យគម្រោងអភិវឌ្ឍន៍ណាមួយ។​

សំណួរទី ៣៖ ពាក់ព័ន្ធទៅនឹងការចូលរួមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣ វិញយើងឃើញថាកម្ពុជាបានចុះហត្ថលេខាទៅលើឯកសារកិច្ចសហ​ប្រតិបត្តិការមួយចំនួនជាមួយនឹងភាគីនានារបស់ចិន ហើយលើសពីនេះទៅទៀតសម្តេចក៏បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយនឹងប្រធានាធិបតី ស៊ី ជីនពីង នៅក្នុងនោះក៏បានសម្រេចទៅលើកិច្ចសហប្រតិបត្តិការការវិនិយោគមកលើការអភិវឌ្ឍន៍កម្ពុជា។ ជារួម តើការចូលរួមនៅក្នុងវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣ តើកម្ពុជាសម្រេចបានអ្វីខ្លះ ដើម្បីជាផលប្រយោជន៍របស់សេដ្ឋកិច្ចយើងផ្ទាល់?

លោកបណ្ឌិត ស៊ឺន​ សំ៖ បាទ បើតាមការអង្កេតរបស់ខ្ញុំ មែនទែនទៅខ្ញុំជាអ្នកគាំទ្រមួយយ៉ាងខ្លាំងចំពោះការចូលរួមរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំពោះវេទិកានៃខួប ១០ឆ្នាំ របស់ BRI នៅឆ្នាំនេះ។ ខ្ញុំក៏បានផ្សាយអត្ថបទចំនួន​ ២ ផ្សេងគ្នាដែរ មុននឹងដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសចិនក្នុងការចូលរួមវេទិកាហ្នឹង ខ្ញុំគិតថាទី១ ការចូលរួមនៅក្នុងខួប១០ឆ្នាំ របស់គម្រោង BRI របស់សម្តេចនាយករដ្ឋមន្រ្តីកាលពីពេលកន្លងទៅ យើងកុំទាន់និយាយអំពីសមិទ្ធិផលដែលសម្រេចបាន ប៉ុន្តែទី១ យើងត្រូវដឹងថាជាវប្បធម៌របស់អាស៊ីគឺការបង្ហាញមុខ បង្ហាញវត្តមានជាមួយមិត្តភក្តិ ឬជាមួយអ្នកផ្សេងទៀត គឺជារឿងមួយសំខាន់ នេះមានន័យថាដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាដែលលោកបានទៅចូលរួម គឺយើងដឹងហើយថាមានមេដឹកនាំជាង ១០០ ប្រទេសដែលលោកបានអញ្ជើញទៅចូលរួម អញ្ចឹងការចូលទៅជាធម្មតាការទំនាក់ទំនង ការសួរសុខទុក្ខ ឬ ការនិយាយរកគ្នាទៅវិញទៅមក ដែលយើងហៅថាភាពរាប់អាន ឬ ការបង្កើតនូវភាពស្និទ្ធស្នាលខាងផ្នែកការទូតជាមួយនឹងថ្នាក់ដឹកនាំនៅប្រទេសផ្សេងទៀត អញ្ចឹងមានន័យថានាយករដ្ឋមន្រ្តីកម្ពុជា ដែលយើងហៅថាការផ្សាយនូវការទូតសាធារណៈរបស់កម្ពុជាទៅកាន់ពិភពលោក ទោកាន់មេដឹកនាំផ្សេងៗទៀតដែលបានចូលរួមនោះគឺជាជោគជ័យមួយ គឺជាឱកាសសំខាន់មួយ។ ទី២ យើងបានដឹងហើយថាថ្នាកក់ដឹកនាំប្រទេសចិនដែលបានអញ្ជើញសម្តេចនាយករដ្ឋមន្ត្រីឱ្យទៅចូលរួមហ្នឹងគឺជាការផ្តល់តម្លៃជូនប្រទេសកម្ពុជាផងដែរក្នុងនាមជាសម្ព័ន្ធមិត្ត ក្នុងនាមជាប្រទេសដែលមានការទូតទំនាក់ទំនងដ៏ល្អជាមួយគ្នា គឺការអញ្ជើញថ្នាក់ដឹកនាំប្រទេសកម្ពុជាឱ្យទៅចូលរួមគឺជាការផ្តល់តម្លៃមួយជូនប្រទេសកម្ពុជាដែរក្នុងនាមជាមិត្តល្អជាមួយគ្នា។

បន្ទាប់មកពីការផ្តល់តម្លៃតាមរយៈការជួបគ្នា ការពិភាក្សាគ្នាហើយ យើងាបនឃើញហើយគឺការចុះនូវកិច្ចព្រមព្រៀងនៃការសាងសង់ ការវិនិយោគ ឬ ការជំរុញនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសចិន​ឱ្យកាន់តែស្អិតរមួត ឱ្យកាន់តែល្អប្រសើរឡើងជាមួយគ្នា។ ដូចនេះ យើងបានឃើញហើយថាគម្រោង ឬ កិច្ចសន្យាផ្សេងៗដែលរដ្ឋាភិបាលចិនបានធ្វើ និងបានផ្តល់ជូនប្រទេសកម្ពុជា ដែលនៅក្នុងនាមជាសម្ព័ន្ធមិត្ត ហើយគម្រោងទាំងនោះ ឬ ក៏កិច្ចសន្យាទាំងនោះនឹងផ្តល់​ឱកាសនូវការអភិវឌ្ឍន៍យ៉ាងច្រើនសម្រាប់ប្រទេសកម្ពុជា ពីព្រោះបើសិនកាលណាយើងនិយាយអំពីគម្រោងសម្រាប់ការអភិវឌ្ឍន៍កិច្ចការអភិវឌ្ឍផ្សេងៗ យើងបានដឹងហើយថាជាការពិតត្រូវការលុយ ត្រូវការថវិកា ត្រូវការលុយជំនួយ ត្រុវការប្រាក់កម្ចី បើកាលណាចិនលោកមកវិនិយោគ មានន័យថាចិនបោះជំហាន ផ្តល់ឱកាសនៃការវិនិយោគមកកាន់ប្រទេសកម្ពុជាដែលនេះគឺជារឿងមួយល្អរបស់រដ្ឋាភិបាលកម្ពុជាសម្រាប់ប្រជាជនកម្ពុជាក្នុងការចាប់យកឱកាសនៃការវិនិយោគ ឬ ក្នុងការទទួលយកអ្នកទេសចរណ៍របស់ចិនដើម្បីមកទស្សនា ដើម្បីមកលេងប្រទេសកម្ពុជា គឺក្នុងន័យមួយសំដៅថាដើម្បីឱ្យមានការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា ដែលនេះគឺជារឿងមួយសំខាន់ដែលយើងអាចនិយាយដោយសង្ខេបថាវានឹងកើតមានចំពោះដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជទៅកាន់ប្រទេសចិននាពេលកន្លងទៅថ្មីៗនេះ។

យើងបានដឹងហើយថានៅក្នុងកិច្ចព្រមព្រៀងពិសេសមួយដែលសម្តេចនាយរដ្ឋមន្ត្រី និងប្រធានាធិបតីចិន បានធ្វើជាមួយគ្នា រឿងសំខាន់ដែលខ្ញុំចាប់អារម្មណ៍នោះគឺ ការជំរុញឱ្យមានការដោះដូរប្រជាពលរដ្ឋ មានន័យថាទស្សនកិច្ចទៅវិញទៅមក មកកាន់ប្រទេសកម្ពុជា ឬ ប្រទេសកម្ពុជាទៅកាន់ប្រទេសចិនជាដើមគឺជារឿងមួយសំខាន់អាចនឹងជំរុញនូវវិស័យទេសចរណ៍នៃប្រទេសកម្ពុជាឱ្យមានដំណើរការខ្លាំង អាចជាដំណើរទស្សនកិច្ច ឬ ការទស្សនានៅប្រទេសកម្ពុជានេងជួយដល់ការអភិវឌ្ឍន៍នៅថ្ងៃអនាគតនូវជំហាននីមួយៗដែលសំខាន់។

——-

វាគ្មិនកិត្តិយស៖ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយ និងជាអ្នកតាមដានព្រឹត្តិការអន្តរជាតិ

អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner