ប្រជាពលរដ្ឋចំនួន ៧ភូមិ បានទទួលវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុ
(សៀមរាប)៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ អាជ្ញាធរ ខេត្តបានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋចំនួន ៧ភូមិ គឺ ភូមិថ្មី ភូមិគោកសង្កែ ភូមិខ្ទាស់ ភូមិថ្លាត ភូមិក្បូន ភូមិជ្រៃ និងភូមិយាងទេស ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
អភិបាលរងខេត្តសៀមរាប លោក ពិន ប្រាកដ មានប្រសាសន៍ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ គឺក្នុងគោល បំណងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ (ទីផ្សារដីធ្លី) កាត់បន្ថយ នូវទំនាស់ដីធ្លីតាមរយៈការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្របតាមគោលនយោបាយជាតិ ស្តីពីដីធ្លី និងច្បាប់ភូមិបាលកម្ពុជា។
លោក បានបន្តថា ចំពោះវិស័យដីធ្លី កន្លងមករដ្ឋបាលខេត្តសៀមរាប ដែលមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ជាសេនាធិកា ក្នុងការរៀបចំបង្កើតឲ្យមានក្រុមការងារ ចុះបញ្ជីដីធ្លី តាមបណ្តាស្រុក-ក្រុង ចំនួន ៦ក្រុង-ស្រុក លើក្រុង-ស្រុក ទាំង ១២ នៅទូរទាំងខេត្តសៀមរាប ក្នុងនោះរួមមានស្រុកជីក្រែង ស្រុកសូទ្រ និគម ស្រុកប្រាសាទបាគង ក្រុងសៀមរាប ស្រុកពួក និងស្រុក ក្រឡាញ់។
យោងតាមលទ្ធផលនៃដំណើរការចុះបញ្ជីដីធ្លីក្នុងខេត្តសៀមរាប នាពេល កន្លងមកទោះបីជាមានឧបសគ្គ និងបញ្ហាស្មុគស្មាញមួយចំនួ នក៏ដោយ ក៏អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់បានធ្វើការ ដោះស្រាយ បញ្ហាប្រឈមជូនបងប្អូនប្រជាពលរដ្ឋរហូតទទួលបានលទ្ធផលល្អប្រសើ។
លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានលលកឡើងថា ជាលទ្ធផលពេលនេះ នៅក្នុង ឃុំខ្ចាស់មានចំនួន ០៧ភូមិ ប័ណ្ណដែលត្រូវចែកជូនមានសរុបចំនួន ៦៤៣១បណ្ណ នៃចំនួនក្បាលដីសរុប ៧៩៨៧ ក្បាលដី ក្នុងនោះ មាន៖ ភូមិថ្លាត សរុបប័ណ្ណ ដែលត្រូវចេញចំនួន ១៤៩៥បណ្ណ លើក្បាលដីសរុបចំនួន ១៨១០ក្បាលដី។ ភូមិថ្មី សរុបប័ណ្ណ ដែល ត្រូវចេញចំនួន ៦២៩បណ្ណ លើក្បាលដីសរុបចំនួន ៧៥០ ក្បាលដី ។ ភូមិគោកសង្កែ សរុបប័ណ្ណដែលត្រូវចេញចំនួន ៧៣៨បណ្ណ លើ ក្បាល ដី សរុបចំនួន ៩៧៧ ក្បាលដី។ ភូមិជ្រៃ សរុបប័ណ្ណដែល ត្រូវចេញ ចំនួន ៩២២បណ្ណ លើក្បាលដីសរុបចំនួន ១០៧០ក្បាលដី ។ ភូមិក្បូន សរុបប័ណ្ណដែលត្រូវចេញចំនួន ៧៧១បណ្ណ លើក្បាល ដីសរុបចំនួន ៨៩៩ក្បាលដី។ ភូមិយាងទេស សរុបប័ណ្ណដែលត្រូវ ចេញចំនួន ៦២១បណ្ឌ លើក្បាលដីសរុបចំនួន ៩៤៦ ក្បាលដី។ ភូមិខ្ទាស់ សរុបប័ណ្ណដែលត្រូវចេញចំនួន ១២៥៥បណ្ណ លើក្បាល ដីសរុបចំនួន ១៥៣៥ ក្បាលដី។ ដោយឡែក ចំពោះក្បាលដីមួយ ចំនួនទៀត ដែលនៅសល់ពុំទាន់អាចចេញប័ណ្ណជូនបានឡើយ ដោយក្បាលដីទាំងនោះមានការពាក់ព័ន្ធនឹងក្បាលដីគ្មានទិន្នន័យ ក្បាលដីជាប់ពាក់ព័ន្ធបណ្តឹងទប់ស្កាត់ ការបណ្តឹងជំទាស់តវ៉ាពាក់ ព័ន្ធនឹងផ្លូវ អូរ ប្រឡាយ និងក្បាលដីមួយចំនួនទៀត មានជាប់ បុរាណដ្ឋាន។ ចំពោះក្បាលដីដែលជាប់ពាក់ព័ន្ធនឹងបណ្ដឹង ទំនាស់តវ៉ា គណៈកម្មការរដ្ឋបាលខេត្តនឹងបន្តសម្របសម្រួល ដោះស្រាយជាបន្តបន្ទាប់ជាមួយម្ចាស់បណ្តឹងទាំងអស់នោះ ហើយក្បាលដីដែលពាក់ព័ន្ធនឹងបុរាណដ្ឋាន រដ្ឋបាលខេត្តនឹង បន្តសហការជាមួយអាជ្ញាធរជាតិអប្សរា មន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បីពិនិត្យ និងដោះស្រាយ ស្របតាមនីតិវិធី និងច្បាប់ជាធរមាន។
ជាមួយគ្នានោះ លោក វិញ ប៉ូរ៉ា អនុប្រធានការិយាល័យ នៃសាខាពន្ធ ដារខេត្តសៀមរាប បានធ្វើការផ្សព្វផ្សាយអំពីកាតព្វកិច្ច ពន្ធលើវិស័យ អចលនទ្រព្យ ជូនដល់បងប្អូនប្រជាពលរដ្ឋដែល បានមកទទួល វិញ្ញាបនប័ត្រសម្គាល់អចលវត្ថុនាពេលនេះថា ចំណូលពន្ធ គឺជា ចំណូល ថវិការដ្ឋ ដ៍សំខាន់បំផុត សម្រាប់ការ អភិវឌ្ឍប្រទេស។ ថវិកាពីការ បង់ ពន្ធនេះ គឺជាការចូលរួមរបស់បងប្អូន របស់ប្រជាពល រដ្ឋគ្រប់ៗរូប ក្នុងនាមជាប្រជាពលរដ្ឋ។
លោក បានថ្លែងអំណរគុណនៅការចូលរួមបង់ពន្ធរបស់ប្រជាពលរដ្ឋ និងអំពាវនាវអោយប្រជាពលរដ្ឋអញ្ជើញទៅប្រកាស និងបង់ពន្ធ តាមពេលវេលាកំណត់ ដែលជាការចូលរួមលើកកម្ពស់វប្បធ៌ម នៃការបង់ពន្ធ។
នៅក្នុងការផ្សព្វផ្សាយអំពីកាតព្វកិច្ចពន្ធលើវិស័យអចលនទ្រព្យនោះ លោក វិញ បូរ៉ា បានលើកយក ៣ចំណុចសំខាន់ៗមកផ្សព្វផ្សាយ គឺទី១/ ពន្ធលើអចលនព្យ ទី២/ ពន្ធលើដីទំនេរមិនប្រើប្រាស់ និងទី៣ គឺពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ។
លោក បានបញ្ជាក់បន្ថែមយ៉ាងច្បាស់ៗ អំពីការធ្វើសន្តិកម្ម ឬ ប្រទានកម្មរបស់បងប្អូនប្រជាពលរដ្ឋ អោយទៅកូន/ចៅរបស់ខ្លួន ឬអោយទៅរង្វង់ញាតិ ដែលត្រូវទទួលបានការលើកលែងពន្ធ និងការអនុគ្រោះពន្ធ ស្របតាមច្បាប់ជាធរមានផងដែរ៕
ដោយ ស៊ាន សុផាត