សម្ដេចក្រឡាហោម ស ខេង ជំរុញអាជ្ញាធរខេត្តធ្វើការផ្សព្វផ្សាយ អប់រំ ដល់យុវជនអំពីការជួញដូរ និងផលប៉ះពាល់ នៃការប្រើប្រាស់ គ្រឿងញៀន
(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហា ក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញ ជាអធិបតី ក្នុងពិធីប្រណាំងទូក បណ្ដែតប្រទីប អបអរបុណ្យចេញ ព្រះវស្សា ខេត្ត បាត់ដំបង នៅវេទិកាអុំទូកមាត់ស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ខណ:២ថ្ងៃនេះភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តជាង១លាននាក់។
ពិធីប្រណាំងទូក បណ្ដែតប្រទីប របស់ខេត្តបាត់ដំបងនាពេលនេះ គឺជាលើកទី២២ ដែលបានប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨ និងទី២៩ ខែតុលា ឆ្នាំ២០២៣ ដោយខកខានប្រារព្ធរយៈពេល២ឆ្នាំ គឺឆ្នាំ២០២០ និង២០២១ ដោយសារជំងឺរាតត្បាតកូវីដ១៩។ ក្នុងឆ្នាំ២០២៣នេះ ទូកដែលបានចូលរួមប្រកួតសរុបចំនួន៤៥ទូក និងមានកីឡាករ កីឡាការិនីសរុប១,៥៩៦រូប។
ក្នុងរយៈពេល២ថ្ងៃនេះ ពិធីប្រណាំងទូកនៅខេត្តបាត់ដំបង និងបានដំណើរការទៅប្រកបដោយជោគជ័យ ស្ថិតក្នុងបរិយាកាស សប្បាយរីករាយក្រៃលែង រីឯកីឡាករកីឡាការិនីទាំងអស់ បានបញ្ចេញអស់ថាមពល និងបច្ចេកទេស ធ្វើការប្រកួតដោយលក្ខណៈសាមគ្គីភាព មិត្តភាព ក្នុងការដណ្ដើមយកចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណថ្នាក់ដឹកនាំ ក្រុមការងារ អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ សប្បុរជនទូទៅ ដែលបានចូលរួមគាំទ្ររដ្ឋបាល ខេត្តបាត់ដំបង នៅក្នុងការរៀបចំ ព្រឹត្តិការណ៍នេះ ពិសេសបានចូលរួមផ្ដល់ការគាំទ្រជាថវិកា សម្លៀក បំពាក់ ស្បៀងអាហារ ភេសជ្ជៈ ដល់ចំណុះទូកដែលបានចូលរួម ប្រណាំង ញាំង បរិយាកាសរីករាយជូនប្រជាពលរដ្ឋ។
សម្ដេចក្រឡាហោម ស ខេង ក៏ថ្លែងទាញចំណាប់អារម្មណ៍អង្គពិធី អំពីសមិទ្ធផលធំៗលើគ្រប់វិស័យទាំងផ្នែកនយោបាយ សង្គម និង សេដ្ឋកិច្ច ដែលនាំឱ្យកម្ពុជា សម្រេចបាននូវការផ្លាស់ប្ដូរមុខមាត់ថ្មី គួរជាទីមោទនៈនេះ គឺបានមកតាមរយៈនយោបាយឈ្នះឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នសម្តេច ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអនុវត្តប្រកប ដោយជោគជ័យនូវយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណ ទាំងបួនដំណាក់កាល ព្រមទាំងគោលនយោបាយ និងផែនការ យុទ្ធសាស្ត្រ ផ្សេងទៀត ៕
ដោយ-រ៉ាវុធ