នាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី អំពាវនាវដល់ពលរដ្ឋ និងមន្រ្តីរាជការក្រុងដូនកែវ បន្តចូលរួមការពារសុខសន្តិភាព និងការអភិវឌ្ឍជាតិ
(តាកែវ)៖ នាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី អំពាវនាវដល់ពលរដ្ឋ និងមន្រ្តីរាជការក្រុងដូនកែវ បន្តចូលរួមការពារសុខសន្តិភាព និងការអភិវឌ្ឍជាតិ ។ នេះជាការលើកឡើងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាសនាំ ដង្ហែអង្គកឋិនទានទៅវេរប្រគេនព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សានៅវត្តតុំ អស់កាលត្រីមាស ស្ថិតក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកជំទាវ ប៉ែន ចន្ទី រួមនិងបុត្រ ព្រមទាំងនាយទាហាន ពលទាហាន បញ្ជាការដ្ឋានអង្គរក្ស និងប្រជាពលរដ្ឋចំណុះជើងវត្តជាច្រើនទៀត ។
លោកអភិបាលក្រុងដូនកែវ ខេត្តតាកែវ បានឲ្យដឹងថា ក្នុងរយៈកាលកន្លងមក រហូតមកដល់បច្ចុប្បន្ន ឯកឧត្តម នាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្ទី ជាពុទ្ធសាសនូបត្ថម្ភមួយដ៏ឆ្នើម និងយកចិត្តទុកដាក់បំផុតក្នុងការលើកកម្ពស់វិស័យពុទ្ធសាសនា និងបានស្ថាបនាកសាងវត្តយ៉ាងល្អត្រចះត្រចង់ ទៅជារមណីយពុទ្ធសាសនា ជាពិសេស ឯកឧត្តម និងលោកជំទាវ ព្រមទាំងសហការីតែងតែឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃដើម្បី ចុះសាកសួរសុខទុក្ខបងប្អូន ប្រជាពលរដ្ឋក្នុងក្រុងដូនកែវរោប់ជានិច្ច ព្រមទាំងចូលរួមចំណែក ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការកសាង អភិវឌ្ឍន៍ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រជាច្រើនក្នុងក្រុងដូនកែវ។ សរុបសមិទ្ធិផលដែលបានចំណាយរហូតដល់ពេលនេះ គិតជាថវិកា ១លានដុល្លារ ក្រៅពីនោះ ឯកឧត្តម និងលោកជំទាវ បានជួយជាសម្ភារ ថវិកាជាច្រើនទៀត សម្រាប់ប្រជាពលរដ្ឋ ។
នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងប្រជាពលរដ្ឋក្រុងដូនកែវ ខេត្តតាកែវ ដោយឯកឧត្តម មានប្រសាសន៍ថា កត្តាសុខសន្តិភាព ទើបបានធ្វើយើងមានលទ្ធភាពក្នុងកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យនៅទូទាំងប្រទេសដូចសព្វថ្ងៃនេះ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្ទី បានវេរប្រគេនបច្ច័យសង្កត់ត្រ័យអង្គកឋិនទាន និងបច្ច័យអមត្រ័យរបស់ពុទ្ធបរិស័ទ្ធ សរុបបច្ច័យមាន ១០៥លាន ៧០ម៉ឺនរៀល ។ ជាមួយគ្នានេះឯកឧត្តម កិត្តិបណ្ឌិត និងលោកជំទាវ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ចែកជូនតាជីយាយជី ក្រុមប្រឹក្សាក្រុង សង្កាត់ លោកគ្រូអ្នកគ្រូ យុវជន ប្រជាពលរដ្ឋ និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនទៀតផងដែរ ៕
ដោយ-រ៉ាវុធ