អង្គភាពប្រឆាំងអំពើពុករលួយចុះផ្សព្វផ្សាយទិវាជាតិ-អន្តរជាតិប្រឆាំងអំពើពុករលួយ ៩ធ្នូ ដល់សាលាចំនួន១៤ និងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បានជាង ៦ពាន់នាក់

(ភ្នំពេញ)៖ គិតរហូតមកដល់ពេលនេះអង្គភាពប្រឆាំងអំពើពុករលួយ បានចុះផ្សព្វផ្សាយ ទិវាជាតិ-អន្តរជាតិប្រឆាំងអំពើពុករលួយ ៩ ធ្នូ ឆ្នាំ២០២៣ ទៅដល់វិទ្យាល័យ-អនុវិទ្យាល័យ និងសាលាអន្តរជាតិក្នុងរាជធានីភ្នំពេញ ចំនួន ១៤ ដោយមានលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចូលរួមជាង ៦.០០០ នាក់។

ក្នុងកិច្ចប្រជុំលើកទី២៨ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) នារសៀលថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣នេះអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា៖អង្គភាពរបស់ខ្លួននឹងបន្តចុះ ផ្សព្វផ្សាយទិវាជាតិ-អន្តរជាតិនេះនៅតាមវិទ្យាល័យ និងអនុវិទ្យាល័យក្នុងរាជធានីភ្នំពេញ និង បណ្តាខេត្តនានា ជាបន្តបន្ទាប់ទៀតតាមកាលបរិច្ឆេទ និងកម្មវិធីរបស់ខ្លួនរហូតដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣។

គួរបញ្ជាក់ថាគោលបំណងដ៏សំខាន់នៃយុទ្ធនាការផ្សព្វផ្សាយទិវា៩ធ្នូរបស់អង្គភាពប្រឆាំងអំពើពុករលួយនេះ រួមមាន ដូចជា៖(១) ចូលរួមក្នុងការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (២) លើកកម្ពស់ប្រសិទ្ធភាពសេវាគ្រប់បែបយ៉ាង ពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋ នៅក្នុងការដឹកនាំ និងការគ្រប់គ្រងរដ្ឋ ព្រមទាំងរក្សាភាពស្អាតស្អំ និងយុត្តិធម៌ ដែលជាមូលដ្ឋានចាំបាច់ក្នុងការអភិវឌ្ឍសង្គមជាតិ និងកាត់បន្ថយភាពក្រីក្រ (៣) បង្កើនការគាំទ្រពីមហាជន និងលើកកម្ពស់ស្មារតីចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ (៤) កសាងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ លើការដឹកនាំរបស់រាជរដ្ឋាភិបាល (៥) អប់រំ ផ្សព្វផ្សាយពីផលវិបាកនៃអំពើពុករលួយ៕

ក្រៅពីចុះផ្សព្វផ្សាយពីទិវាជាតិ-អន្តរជាតិប្រឆាំងអំពើពុករលួយ ៩ធ្នូ ដល់តាមសាលាក្នុងរាជធានីភ្នំពេញនេះដែរអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថាក្នុងខែតុលានេះអង្គភាពរបស់ខ្លួនក៏ បានបើកវគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ – លិខិតបទដ្ឋានគតិ យុត្តពាក់ព័ន្ធការប្រឆាំងអំពើពុករលួយ – វាក្យសព្ទគតិយុត្តជាភាសាបរទេស និងទ្រឹស្តី-បច្ចេកទេស ក្នុងការប្រើប្រាស់កុំព្យូទ័រសម្រាប់កិច្ចការរដ្ឋបាល ជូនបេក្ខជនដែលបានដាក់ពាក្យប្រឡងក្របខណ្ឌ មន្ត្រីរាជការស៊ីវិល អ.ប.ព. ឆ្នាំ២០២៣ រាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចំនួន ៤វគ្គ។

ក្រៅពីនេះអង្គភាពប្រឆាំងអំពើពុករលួយក៏ បានផ្ដល់បាឋកថាច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ជូនដល់មន្ត្រីរាជការ ន ក្រសួងព័ត៌មាន ចំនួន ៣៥៩ រូប និងបានបញ្ជ្រាបការយល់ដឹងកម្រិតមធ្យមអំពីច្បាប់ស្ដីពីការ ប្រឆាំងអំពើពុករលួយ ជូនដល់មន្ត្រីរាជការ នៃអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិន មែនធនាគារ (អ.ស.ប) ចំនួន ៦២ រូបផងដែរ៕

អត្ថបទ៖លោក ម៉ាដេប៉ូ
រូបភាព៖លោក ហេងសម្បតិ្ត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner