អគ្គស្នងការនគរបាលជាតិស្នើដល់អាជ្ញាធរ និងបញ្ជាការគ្រប់​​ថ្នាក់ត្រូវយកចិត្តទុកគ្រប់គ្រងតាមដានបណ្តាញព័ត៌មាន​សង្គម ជៀសវាងមានការបំភ្លៃព័ត៌មានដែលនាំឱ្យមានបញ្ហាអសន្តិសុខដល់សង្គម

ភ្នំពេញ៖នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះ បាន​ស្នើ​ដល់អាជ្ញាធរ និងបញ្ជាការគ្រប់ថ្នាក់ ត្រូវយកចិត្តទុកគ្រប់គ្រងតាមដានបណ្តាញព័ត៌មានសង្គម ជៀសវាងមានការបំភ្លៃព័ត៌មានដែលនាំ​ឱ្យមានបញ្ហាអសន្តិសុខដល់សង្គម ។នាយឧត្តមសេនីយ៍ក៏បានសង្កត់ធ្ងន់ឱ្យសមត្ថកិច្ចទាំងអស់ មានការប្រុងប្រយ័ត្ន ក៏ដូចជាយកចិត្តទុកខ្ពស់​ពាក់ព័ន្ធនឹងឧបករណ៍ដ្រូន ដើម្បីធានាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ កន្លែងទីតាំងប្រារព្ធពិធី ។ ការស្នើនេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយ​ផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ នៅនាយកដ្ឋានអង្គរក្សនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា កិច្ចផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ទី១- គឺប្រគល់តួនាទី​ភារកិច្ចការដល់ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដែលក្នុងនោះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ-ខេត្តកណ្តាល ត្រូវកសាងផែនការការពារ​ជាក់​ស្តែងរៀងៗខ្លួន។ ទី២- គឺបញ្ជាការគោលដៅនីមួយៗ ត្រូវចុះពិនិត្យកែសម្រួលកម្លាំងតាមស្ថានភាពជាក់ស្តែង និងទី៣- គឺប្រគល់ការ​ទទួល​ខុសត្រូវដល់បញ្ជាការគោលដៅ ដើម្បីបន្សីកម្លាំងជាមួយអង្គភាពសហការ។

នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់ជូនកិច្ចប្រជុំផងដែរថា នៅក្នុងខែវិច្ឆិកាខាងមុខនេះមានព្រឹត្តការណ៍ធំ ២ ។ ទី១- គឺខួបអនុស្សាវរីយ៍​លើក​ទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ និងទី២- ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែត​ប្រទីប និងសំពះព្រះខែ អកអំបុក ដែលទាមទារឱ្យអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ រួមសហការគ្នាដើម្បីធានា​បាននូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ថ្វាយជូន អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិកំពូលៗ និងប្រជាពលរដ្ឋ។ ដើម្បីធានាបាននូវកិច្ចការទាំងនេះ កងកម្លាំង និងអាជ្ញាធរទាំងអស់ ត្រូវត្រៀមខ្លួនរួចជាស្រេច ទាំងកម្លាំងសរុប និងមធ្យោបាយសរុប។

ក្នុងកិច្ចប្រជុំនោះនាយឧត្តមសេនីយ៍ ស ថេត ក៏បានស្នើដល់អាជ្ញាធរ និងបញ្ជាការគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខ្ពស់ការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ពិសេសពង្រឹងកិច្ចសហការផ្លាស់ប្តូរព័ត៌មាន ដើម្បីមានវិធានទប់ស្កាត់ទាន់ពេលវេលា ករណីមានហេតុការណ៍​កើតឡើងជាយថាហេតុ។ ត្រូវពង្រឹងការត្រួតពិនិត្យរដ្ឋបាល តាមបណ្តាគោលដៅសំខាន់ៗ សំដៅបង្ការ ទប់ស្កាត់ បទល្មើស ក៏ដូចជាធានា​រក្សាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។ ទន្ទឹមនោះ ក៏ត្រូវអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធនឹងគ្រឿងផ្ទុះ និង​ផ្សព្វផ្សាយឱ្យ​ពួកគាត់មានការយោគយល់ចំពោះការបិទចរាចរណ៍មួយរយៈក្នុងអំឡុងពេលប្រារព្ធពិធី ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅឋាននៅជុំវិញបរិវេណកន្លែងប្រារព្ធពិធី។ កម្លាំងនគរបាលចរាចរណ៍ត្រូវយកចិត្តទុកដាក់ក្នុងការសម្រួលចរាចរណ៍​តាមដងផ្លូវកុំឱ្យ​​​មានការកកស្ទះ ៕ដោយ៖ ពលជ័យ

ads banner