ស្ពានអាកាសព្រះមុនីវង្សដំណាក់កាលទី១ បញ្ចប់មុនចូលឆ្នាំខ្មែរ (Video Inside)
ស្ពានអាកាសព្រះមុនីវង្សត្រូវគេរាយការណ៍ថាគ្រោងនឹងបញ្ចប់ការសាងសង់នៅមុនចូលបុណ្យឆ្នាំខ្មែរក្នុងឆ្នាំ២០២៤។
អាជ្ញាធររាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះថា ស្ពានអាកាសព្រះមុនីវង្ស គ្រោងនឹងបញ្ចប់ការសាងសង់មុនផែនការប្រមាណ ៤ខែ ពោលគឺជំហានទី១ នឹងបញ្ចប់មុនចូលឆ្នាំខ្មែរឆ្នាំក្រោយ និងជំហានទី២ នឹងបញ្ចប់មុនចូលឆ្នាំខ្មែរឆ្នាំ២០២៥។
ស្ពានអាកាសព្រះមុនីវង្សដែលកំពុងសំរុកសាងសង់នេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ បញ្ចៀសបានពីការកកស្ទះ ដែលមានកំណើនយានយន្ត និងការធ្វើចរាចរណ៍កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ស្ពានអាកាសព្រះមុនីវង្ស សាងសង់ឡើងដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា OCIC ក្នុងថវិកាចំណាយជាង ៣៦លានដុល្លារ ។ នៅក្នុងរាជធានីភ្នំពេញបច្ចុប្បន្ន មានស្ពានអាកាសចំនួន ៧ រួចមកហើយ គឺស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាស៧មករា, ស្ពានអាកាសស្ទឹងមានជ័យ, ស្ពានអាកាស៥មករា, ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ ឬហៅថាស្ពានអាកាសផ្សារដីហុយ, ស្ពានអាកាសចោមចៅ និងស្ពានអាកាសឫស្សីកែវ លើកំណាត់ផ្លូវជាតិលេខ០៥៕