កម្ពុជា និងសាធារណរដ្ឋកូរ៉េ ពង្រឹងទំនាក់ទំនងទ្វេភាគី កាន់តែ ខ្លាំង ឡើង ដើម្បីឈានទៅកាន់កម្រិតថ្មីមួយទៀត
ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូន ឯកឧត្តម Chang Ho-jin អនុរដ្ឋមន្ត្រីការបរទេសទី១ នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ ក្នុងឱកាសឯកឧត្តមអនុរដ្ឋមន្ត្រី បំពេញទស្សនកិច្ចការងារ នៅ កម្ពុជា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ។
ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តយ៉ាងជ្រាលជ្រៅ ចំពោះការបញ្ចប់ប្រកបដោយ ជោគជ័យនៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-សាធារណរដ្ឋកូរ៉េ លើកទី៥ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ដោយបានដាក់ចេញនូវទិសដៅសកម្មភាពថ្មី ដើម្បីបង្កើននិងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។
ដោយសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ កិច្ចព្រមព្រៀង ស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា ច្បាប់ស្តីពីការវិនិយោគរបស់កម្ពុជា និងវេទិការាជ រដ្ឋាភិបាល-ផ្នែកឯកជនប្រចាំឆ្នាំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសក្តានុពលរបស់ យន្តការទាំងនោះ ក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីបន្ថែមទៀត ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរដ្ឋាភិបាល និង ប្រជាជននៃសាធារណរដ្ឋកូរ៉េជាមិត្ត ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ដែលបានរួមចំណែកដល់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។
ដោយរំលឹកពីអាណត្តិការទូតរបស់ឯកឧត្តមនៅរាជធានីភ្នំពេញ កាលពីមួយទសវត្សរ៍មុន ឯកឧត្តម អនុរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរចំពោះការផ្លាស់ប្តូរដ៏ឆាប់រហ័សរបស់កម្ពុជា ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ សួង ពិសិដ្ឋ
(FB-TT)