រដ្ឋមន្រ្តីក្រសួងប្រែសណីយ៍៖ ការដាក់ឱ្យប្រើប្រាស់ថ្នាល ផ្ទៀងផ្ទាត់ ឯកសារ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត នៅតាម ក្រសួង គឺដើម្បីសម្រួលដល់មន្រ្តីឱ្យចេះប្រើប្រាស់ឌីជីថលចាំបាច់
ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃណីយ៍ និង ទូរគមនាគមន៍ បានលើកឡើងថា ក្នុងនាមជាសេនាធិការ របស់ រាជរដ្ឋាភិបាល ក្រសួងបានចុះកិច្ច សហប្រតិបត្តិការដាក់ឱ្យប្រើ ប្រាស់ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញ ឌីជីថល ជូនមន្ត្រីរាជការក្រោមឱវាទ ឱ្យចេះប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ចាំបាច់សម្រាប់សម្រួល ដល់ការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន ឱ្យបានកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល និងឆាប់រហ័ស។
ឯកឧត្តម រដ្ឋមន្រ្តីបន្ថែមថា គោលបំណងទាំងបីនេះ ត្រូវបានក្លាយជា សកម្មភាព ការងារអាទិភាព ដើម្បីជំរុញល្បឿន នៃការធ្វើបរិវត្តន៍កម្ម ឌីជីល ស្របតាមគោលនយោបាយឌីជីថល នៅឆ្នាំ២០២២-២០៣៥ និងបញ្ចកោណទី៥ មុំទី១ នៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
ប្រសាសន៍របស់ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើង កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅក្នុងឱកាសនៃ ពិធីចុះហត្ថលេខាលើ អនុស្ស រណៈ នៃការយោគយល់ រវាងក្រសួងទេសចរណ៍ និង ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យ ប្រើប្រាស់ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋា រចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាល ជំនាញឌីជីថលជូនមន្ត្រីរាជការក្រោមឱវាទក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន។
ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ បានមានប្រសាសន៍ ថា ការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺ មានសារៈសំខាន់ក្នុងការជួយក្រសួងទេសចរណ៍ ដើម្បីផ្ទៀងផ្ទាត់ ភាព ត្រឹមត្រូវនៃឯកសារឌីជីថលដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍។ទន្ទឹមនេះ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត ល្បឿន លឿននៅក្នុងក្រសួង គឺជាកត្តាសំខាន់បម្រើដល់ការគ្រប់គ្រង ផ្លាស់ប្តូរ ព័ត៌មាន និងទិន្ន័យផ្ទៃក្នុងរបស់ក្រសួងជាមួយ មន្ទីរទេសចរណ៍ ទូទាំង រាជ ធានីខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការតាមដាន វាយតម្លៃ និងការប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាស៍ថា ការចុះ ហត្ថលេខានេះ ក៏និងពង្រឹងទៅលើទួនាទីនៃការគ្រប់គ្រងប្រព័ន្ធ ផ្សព្វផ្សាយរបស់យើង។ ឯកឧត្តម រដ្ឋមន្រ្តីព័ត៌មានក៏បាន ថ្លែង អំណរគុណ ដល់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និង ទូរគមនា គមន៍ ដែលតែងតែលើកទឹកចិត្តដើម្បីចុះហត្ថលេខាជាមួយគ្នា ក្នុងកិច្ចសហប្រតិតបត្តិការដែលជាផ្នែកមួយនៅក្នុងការពង្រឹងទៅលើការងារគ្រប់គ្រង ហើយនិងកាត់បន្ថយនូវភាពក្លែងក្លាយនៅ ក្នុងវិស័យ ព័ត៌មាន ហើយក៏នឹងក្លាយជាសារមួយសម្រាប់ ប្រព័ន្ធផ្សព្វផ្សាយ នានា ដែលមិនទាន់ចុះបានបញ្ជី ឬក៏អ្នកសារព័ត៌មានប្រើប្រាស់ នូវ បណ្ណ ក្លែងក្លាយ ឬក៏ឯកសារក្លែងក្លាយពាក់ព័ន្ធជាមួយនិងអាជ្ញាបណ្ណ បង្ហាញ ទៅអាជ្ញាធរត្រូវបញ្ឈប់និងអញ្ជើញមកចុះបញ្ជីការនៅក្រសួងព័ត៌មានឱ្យបាន ត្រឹមត្រូវផងដែរ៕
អត្ថបទ ៖ង៉ាន់ ទិត្យ
រូបភាព រិន រចនា