បូលីវីកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល ដោយសារសង្គ្រាមនៅហ្គាហ្សា

ឡាប៉ាស៖ បូលីវីដែលជាប្រទេសមួយក្នុងតំបន់អាមេរិកខាងត្បូង នៅថ្ងៃអង្គារសប្តាហ៍នេះ ប្រកាសថា ខ្លួនបានកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយប្រទេសអ៊ីស្រាអែលហើយ ជាការឆ្លើយតបទៅនឹងការប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។

ថ្លែងក្នុងសន្និសីទកាសែតមួយ អនុរដ្ឋមន្ដ្រីការបរទេសបូលីវី លោកស្រី Freddy Mamani និយាយថា បូលីវីសម្រេចផ្ដាច់ទំនាក់ទំនងការទូតនេះ ដើម្បីជាការឆ្លើយតបទៅទង្វើរបស់អ៊ីស្រាអែល និងអំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារ ក៏ដូចជាសម្រួលដល់ការនាំយកជំនួយទៅកាន់ប្រជាជនរងគ្រោះនៅតំបន់ហ្គាហ្សា។

ប្រទេសបូលីវីធ្លាប់កាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលកាលពីឆ្នាំ២០០៩ម្ដងរួចមកហើយ ក្នុងកំឡុងពេលដែលលោក Evo Morales នៅកាន់តំណែងជាប្រធានាធិបតី។ ទំនាក់ទំនងការទូតនេះត្រូវបានចាប់ផ្ដើមឡើងវិញ ក្រោយពេលលោក Morales ត្រូវបានទម្លាក់ចេញពីតំណែង។ ដោយឡែក ភាគីអ៊ីស្រាអែលនិយាយថា ទង្វើរបស់បូលីវី គឺហាក់ដូចជាគាំទ្រក្រុមហាម៉ាស់ដូច្នោះដែរ។

គួរបញ្ជាក់ថា រដ្ឋាភិបាលអ៊ីស្រាអែលប្រកាសសង្គ្រាមជាផ្លូវការជាមួយក្រុមហាម៉ាស ក្រោយក្រុមប្រដាប់អាវុធនេះធ្វើការវាយប្រហារទៅលើអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ហើយបានសម្លាប់មនុស្សអស់ជាង ១,៤០០នាក់។ មកទល់ពេលនេះ ប្រជាជនប៉ាឡេស្ទីនជាង ៨,៥០០នាក់ហើយដែលត្រូវបានស្លាប់ ចាប់តាំងពីមានការទម្លាក់គ្រាប់បែក ជាការសងសឹករបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា៕

ប្រភព៖ RT ប្រែសម្រួលដោយ៖ សាន ស្រីលក្ខណ៍

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner