ក្រសួងពាណិជ្ជកម្ម គ្រោងនឹងប្រារព្ធទិវាស្វាយចន្ទីនាសប្តាហ៍ទី២ ក្នុងខែធ្នូខាងមុខ នៅខេត្តកំពង់ធំ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រសួងពាណិជ្ជកម្ម បាននិងកំពុងសហការជាមួយដៃគូអភិវឌ្ឍន៍និងដៃគូពាក់ព័ន្ធក្នុងការត្រៀមរៀបចំទិវាស្វាយចន្ទី ដែលគ្រោងនឹងប្រព្រឹត្តទៅនៅសប្ដាហ៍ទី២ ខែធ្នូខាងមុខ​ ក្នុងគោលបំណងប្រមូលផ្តុំតួអង្គពាក់ព័ន្ធក្នុងវិស័យស្វា​យ​ចន្ទី រៀបចំការដាក់តាំងបង្ហាញ ប្រកួតប្រជែងគុណភាព ស្នាដៃផលិត និងការកែច្នៃ សំដៅលើកកម្ពស់វិស័យស្វាយចន្ទី កម្ពុជា។

ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី​៣១ ខែតុលា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំដែលដឹកនាំដោយឯកឧត្តម រាជ រ៉ា រដ្ឋលេ​ខាធិការក្រសួងពាណិជ្ជកម្ម​ ​រួមនឹង​ការ​ចូលរួមពីមន្រ្តីជំនា​ញនៃក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងសហព័ន្ធស្វាយចន្ទីកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា និងតំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ រួមមាន ប្រតិភូសហភាពអឺរ៉ុប អង្គការ GIZ អង្គការ FAO អង្គការ CIRD និងអង្គការ HEKS ផងដែរ។

ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងពិភាក្សាលើការរៀបចំសេចក្តីព្រាងកម្មវិធីស​ម្រាប់ទិវាស្វាយចន្ទីដើម្បីឱ្យមានភាពទាក់ទាញ និងលើកកម្ពស់កេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជា ស្របតាមគោ​លនយោបាយជា​តិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ ដែលទទួលបានការអនុម័តពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីកា​ល​ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅ។​

ទាក់ទងនឹង​ការងារនេះដែរ ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ឱ្យដឹងបន្ថែមថា ទិវាស្វាយចន្ទីនេះ គ្រោងនឹងរៀបចំឡើងនៅ​ខែធ្នូនាខេត្តកំពង់ធំ ដែលនឹងប្រមូលផ្ដុំតួអង្គពាក់ព័ន្ធក្នុងវិស័យនេះ ដោយមានសកម្មភាពសំខាន់ៗមួយចំនួន រួមមាន ការផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីស្វាយចន្ទី ការចែករំលែកបទពិសោធ និងការអនុវត្តន៍​ល្អក្នុងវិស័យ​ស្វាយចន្ទី និងការដាក់តាំងបង្ហាញផលិតផល ជាដើម។  លោកបានប្រាប់​ថា ៖ «ការរៀបចំពិធីនេះគឺអនុលោមទៅតាមផែនការ សកម្មភាព នៅក្នុងគោលនយោបាយជាតិស្តីពីស្វា​យ​ចន្ទីឆ្នាំ២០២២ដល់២០២៧»។

លោក អួន ស៊ីឡុត សមាគមស្វាយចន្ទីកម្ពុជា ក៏​បានប្រាប់ឱ្យដឹងដែរ​ថា សមាគមត្រូវបានអញ្ជើញឱ្យចូលរួម ដើម្បីជួយរៀ​បចំតាមការចាត់ចែងរបស់ ក្រសួងពាណិជ្ជកម្ម។

លោកបានបន្ថែមថា វិស័យស្វាយចន្ទី ជាវិស័យមួយដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចាត់ទុក ជាវិស័យនាំមុខទី៣ បន្ទាប់ពីស្រូវ និងដំឡូងមី ដែលនាំចំណូលចាក់ចូលចរន្តសេដ្ឋកិច្ចជាតិ។ ទោះយ៉ាងណា ៩៥ភាគរយ នៃគ្រាប់ស្វា​យចន្ទីឆៅ ត្រូវបាននាំចេញទៅប្រទេសវៀតណាម ដែលធ្វើឱ្យកម្ពុជា បាត់តម្លៃបន្ថែមដល់កសិករ និងមិនអាចបង្កើតការងារជូន​ពលករក្នុងសហគមន៍។ ក្រសួងពាក់ព័ន្ធ បានរៀបចំជាគោលនយោបាយជាតិស្តីពីស្វាយចន្ទីដើម្បីជួយលើកតម្កើងវិស័យមួយនេះ។​

លោក អួន ស៊ីឡុត បានបញ្ជាក់ថា ៖ «គោលនយោបាយនេះមានគោលដៅ សំខាន់ចំនួនបី គឺដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជា​ប្រទេសផលិត និងផ្គត់ផ្គង់ស្វាយចន្ទីដ៏សំខាន់មួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់និងពិភពលោក»។

សូមជម្រាបថា គោលនយោបាយជាតិស្តីពីស្វាយចន្ទី នឹងជួយលើកកម្ពស់ទិន្នផលនៃការផលិតនូវ​​ផលិតកម្ម ប្រកបទៅដោ​យគុណភាពប្រកួតប្រជែង, ជំរុញការធ្វើឧស្សាហូបនីយកម្ម ដើម្បីបង្កើនតម្លៃបន្ថែមលើការប្រមូលផល និងកែច្នៃអនុផលស្វា​យចន្ទី ឱ្យ​សម្រេចបានដល់ ២៥ភាគរយ នៅឆ្នាំ ២០២៧ និងយ៉ាងតិច​៥០ភាគរយ នៅឆ្នាំ ២០៣២, ជំរុញការនាំចេ​ញ តាមរយៈការធ្វើពិពិធកម្មទីផ្សារ ការផ្សារភ្ជាប់អន្តរវិស័យក្នុងការនាំចេញ កិច្ចសម្រួលពាណិជ្ជកម្ម ការកាត់បន្ថយថ្លៃដើម និ​ងការលើកកម្ពស់ឧត្តមភាពលើទីផ្សារ។

បើតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះស្វាយចន្ទីមានជាង ៦៥ម៉ឺនហិកតា (ការសនិដ្ឋាននៃការដាំថ្មីបន្ថែមប្រហែល ៤ម៉ឺនហិកតាទៀត)។ ចំណែកផលិតកម្មស្វាយចន្ទី ក្នុង​រយៈពេល​ ៩ខែ ឆ្នាំ២០២៣ (មករា-កញ្ញា ២០២៣)​នេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបាន​ ៦៣៩ ០០០ តោន។ ក្នុងនោះនាំចេញទៅវៀតណាមបា​នសរុប  ៦១៣ ២០០ តោន  ស្មើទឹកប្រាក់ ៨២៩ លានដុល្លារ ថយចុះ ១៦,៣ ភាគរយ បើធៀបរយៈកាលដូចគ្នា ទៅ​នឹង២០២២។ តម្លៃមធ្យមគ្រាប់ស្ងួត ១.៦៥៨ដុល្លារ ក្នុង១តោន៕

ដោយ៖វណ្ណ សុជាតា

ads banner