រដ្ឋមន្រ្តីការពារជាតិអាមេរិក៖ រុស្ស៊ីនឹងជោគជ័យ បើអាមេរិកឈប់ផ្គត់ផ្គង់អាវុធឱ្យអ៊ុយក្រែន
អាមេរិក៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡូយដ៏ អូស្ទីន (Lloyd Austin) បាននិយាយនៅថ្ងៃអង្គារទី៣១ ខែតុលាថា រុស្ស៊ីនឹងទទួលបានជោគជ័យលើការឈ្លានពានអ៊ុយក្រែន ប្រសិនបើសហរដ្ឋអាមេរិកឈប់គាំទ្រទីក្រុងកៀវ រួមទាំងការផ្គត់ផ្គង់អាវុធ ។នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
លោក អូស្ទីន ថ្លែងបែបនេះ នៅពេលផ្តល់សក្ខីកម្មដល់គណៈកម្មាធិការចំណូលចំណាយរបស់ព្រឹទ្ធសភាទាក់ទិននឹងសំណើរបស់ប្រធានាធិបតី ចូ បៃដិន ដែលសុំថវិកា ១០៦ ប៊ីលានដុល្លារ ដើម្បីផ្តល់មូលនិធិដល់ផែនការគាំទ្រប្រកបដោយមហិច្ឆតាសម្រាប់អ៊ុយក្រែន អ៊ីស្រាអែល និងសន្តិសុខតាមព្រំដែនអាមេរិក។
លោក អូស្ទីន បានថ្លែងក្នុងសវនាការដែលមានរដ្ឋមន្រ្តីការបរទេស លោក អ៊ែនថូនី ប្ល៊ីងកែន ផ្តល់សក្ខីកម្មដូចគ្នាថា៖ «ខ្ញុំអាចធានាថា បើគ្មានការគាំទ្ររបស់យើង [ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ] ពូទីន នឹងទទួលបានជោគជ័យ»។
លោកបន្តថា ៖ «ប្រសិនបើយើងដកការគាំទ្រសំខាន់ៗចេញពីពួកគេ(អ៊ុយក្រែន) នោះលោក ពូទីន នឹងកាន់តែរឹងមាំ ហើយលោកនឹងទទួលបានជោគជ័យគ្រប់កិច្ចការទាំងអស់ដែលលោកចង់ធ្វើ»។
គួរបញ្ជាក់ថា លោក បៃដិន បានស្នើសុំថវិកា ៦១,៤ ប៊ីលានដុល្លារសម្រាប់អ៊ុយក្រែន ដោយប្រហែលពាក់កណ្តាលនៃចំនួននេះ នឹងត្រូវចំណាយនៅសហរដ្ឋអាមេរិក ដើម្បីបំពេញស្តុកអាវុធដែលបង្ហូរឱ្យអ៊ុយក្រែនកាលពីលើកមុនៗ។
លោកបានលើកហេតុផលថា ការគាំទ្រដ៏សណ្ធឹកសន្ធាប់លើសម្ព័ន្ធមិត្តមួយនេះ មានមានសារៈសំខាន់សម្រាប់សន្តិសុខជាតិអាមេរិក។
គិតចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្ដើមនៅចុងខែកុម្ភៈឆ្នាំ ២០២២ មក សភាអាមេរិកបានអនុម័តទឹកប្រាក់ចំនួន ១១៣ ប៊ីលានដុល្លារសម្រាប់ជាជំនួយទៅអ៊ុយក្រែនរួចទៅហើយ។ សេតវិមានបាននិយាយថា ខ្លួនមានថវិកាតិចជាង ៥,៥ ប៊ីលានដុល្លារ ដើម្បីបន្តផ្ទេរអាវុធពីឃ្លាំងស្តុករបស់អាមេរិកទៅកាន់កងកម្លាំងអ៊ុយក្រែន ដែលកំពុងបន្តប្រយុទ្ធជាមួយរុស្ស៊ី។
គេមើលឃើញថា សំណើផ្ដល់មូលនិធិជំនួយចុងក្រោយរបស់លោក បៃដិន កំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិល។ រ៉យទ័របានចុះផ្សាយថា គណបក្សប្រជាធិបតេយ្យគាំទ្រយ៉ាងរឹងមាំនូវយុទ្ធសាស្ត្ររបស់លោក បៃដិន ក្នុងការរួមបញ្ចូលជំនួយអ៊ុយក្រែនជាមួយនឹងការគាំទ្រសម្រាប់អ៊ីស្រាអែល ដូចអ្នកសាធារណរដ្ឋជាច្រើននៅក្នុងព្រឹទ្ធសភា និងសភាតំណាងរាស្រ្តដែរ។ ប៉ុន្តែសមាជិកគណបក្សសាធារណរដ្ឋ ដែលដឹកនាំសភា និងសមាជិកបក្សមួយចំនួនក្នុងព្រឹទ្ធសភា បានជំទាស់នឹងការបញ្ចូលមូលនិធិទាំង២នេះរួមគ្នា។
បើតាមលោក អូស្ទីន រដ្ឋបាល បៃដិន ចង់ឱ្យអ៊ុយក្រែនបន្តប្រតិបត្តិការពេញមួយរដូវរងា ប៉ុន្តែអ៊ុយក្រែនមិនអាចធ្វើដូច្នេះបានទេ ប្រសិនបើពួកគេត្រូវផ្អាកប្រតិបត្តិការដោយសារខ្វះជំនួយពីអាមេរិក។
គួរបញ្ជាក់ផងដែរ រុស្ស៊ីចាត់ទុកការផ្ដល់ជំនួយដល់អ៊ុយក្រែនពីលោកខាងលិច ជាពិសេសជំនួយផ្នែកយោធា ថាជាកត្តាដែលធ្វើឱ្យសង្រ្គាមបន្តអូសបន្លាយ និងកាន់តែតានតឹង។ ប៉ុន្តែមន្រ្តីអ៊ុយក្រែន និងលោកខាងលិចច្រានចោលការណ៍នេះ ដោយសម្អាងថា ក្រុងកៀវត្រូវការអាវុធដើម្បីការពារជាតិមាតុភូមិរបស់ខ្លួន៕ ប្រែសម្រួល៖ ហួន ឌីណា