ក្រុមបេសកកម្មមូលនិធិរូបិយវត្ថុអន្តរជាតិសរសើររដ្ឋាភិបាលកម្ពុជាលើការប្រឆាំងការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រុមបេសកកម្ម Article IV Consultation របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានកោតសរសើររដ្ឋាភិបាលកម្ពុជាទៅលើកិច្ចការប្រឆាំងការលាងលុយកខ្វក់ និងការប្រឆាំងការផ្តល់ហិរញ្ញប្បទានភេរវកម្ម ដែលកម្ពុជាអាចរំដោះខ្លួនចេញពីបញ្ជីតាមដានរបស់ FATF កាលពីខែកុម្ភៈកន្លងទៅ ហើយក្រុមការងារ IMF លើកទឹកចិត្តឱ្យខិតខំលើកិច្ចការងារនេះបន្ថែមទៀតក៏ដូចជាពង្រឹងអភិបាលកិច្ចនិងតម្លាភាព។

ការកោតសរសើររបស់ក្រុមបេសកកម្ម IMF ដូច្នេះធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមបេសកកម្មនេះ ដែលដឹកនាំដោយលោក Davide Furceri ប្រធានបេសសកម្ម បញ្ចប់ដំណើរទស្សនកិច្ចរយៈជិតកន្លះខែនៅកម្ពុជាចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែតុលា ដោយបានជួបពិភាក្សាការងារជាមួយបណ្តាក្រសួងស្ថាប័ន វិស័យឯកជន ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរកម្ពុជាដើម្បីតាមដានស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងកំណត់ទស្សនវិស័យសម្រាប់អនាគត។

តាមរយៈសេចក្តីប្រកាសព័ត៌មាន លោក Davide Furceri បានផ្តល់យោបល់ឱ្យរដ្ឋាភិបាលកម្ពុជាពង្រឹងវិស័យអភិបាលកិច្ច និងតម្លាភាព ដែលលោកយល់ថា ជាធាតុសំខាន់ក្នុងការទាក់ទាញការវិនិយោគដោយផ្ទាល់កាន់តែច្រើនពីបរទេស និងអាចធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដែលអាចបង្កើនការត្រួតពិនិត្យស្ថានភាពសេដ្ឋកិច្ច និងការបង្កើតគោលនយោបាយ។

លោកលើកទឹកចិត្តឱ្យរដ្ឋាភិបាលគិតគូរកំណែទម្រង់ផ្នែករចនាសម្ព័ន្ធសេដ្ឋកិច្ចសំដៅធ្វើពិពិធកម្មជាមួយដៃគូពាណិជ្ជកម្មជំរុញការវិនិយោគថ្មីៗ ជាពិសេសការផ្តល់ទុនសមស្របទៅតាមការផ្លាស់ប្តូរបរិយាកាសសេដ្ឋកិច្ច ខណៈ IMF ធានាបន្តផ្តល់ជំនួយផ្នែកបច្ចេកទេស និងផ្នែកកសាងសមត្ថភាព។

ក្នុងនោះដែរក្រុមបេសកកម្ម IMF បានព្យាករណ៍ថា ៖ «បំណុលសារធារណៈរបស់កម្ពុជានឹងកើនឡើងក្នុងកម្រិតមធ្យម តែទោះជាយ៉ាងណាហានិភ័យនៃវិបត្តិបំណុលនៅមានកម្រិតទាបនៅឡើយ ប៉ុន្តែបំណុលឯកជនមានការកើតឡើងគួរកត់សម្គាល់ដែលទាមទារការត្រួតពិនិត្យល្អិតល្អន់»។

សូមបញ្ជាក់ថា ក្រុមបេសកកម្ម IMF ក៏បានបញ្ចេញការព្យាករសេដ្ឋកិច្ចកម្ពុជាផងដែរ ដោយបានព្យាករណ៍ថាកម្ពុជានឹងមានកំណើនសេដ្ឋកិច្ចត្រឹម ៥,៣ភាគរយ នៅឆ្នាំ២០២៣ និងអាចកើនដល់រង្វង់ ៦ភាគរយនៅឆ្នាំ២០២៤ ខាងមុខ ដោយសារការងើបឡើងវិញនៃវិស័យទេសចរណ៍ ការនាំចេញបន្ទះសូឡា គ្រឿងបង្គុំអគ្គិសនី ខណៈការនាំចេញផ្នែកសម្លៀកបំពាក់នៅទន់ខ្សោយនៅឡើយ ហើយវិស័យសំណង់ និងអចលទ្រព្យកំពុងងើបឡើងវិញក្នុងភាពយឺតយ៉ាវ។

IMF ថាទស្សនៈវិស័យទៅអនាគតនៅមានភាពមិនប្រាកប្រជាខ្ពស់នៅឡើយ បន្ទាប់ពីក្រោយវិបត្តិកូវីដ១៩ ខណៈតម្រូវការពីបណ្តាប្រទេសខឿនសេដ្ឋកិច្ចជឿនលឿន និងចិនជាដើមកំពុងធ្លាក់ចុះនូវតម្រូវការជាងការរំពឹងទុក ខណៈសហរដ្ឋអាមេរិកកំពុងរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ហើយពិភពលោកកំពុងមានវិបត្តិការប្រជែងភូមិសាស្ត្រនយោបាយ រីឯកម្ពុជាខ្លួនឯងកំពុងពើបប្រទះនឹងវិបត្តិបំណុលឯកជនក្នុងស្រុកខ្ពស់។

ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងការពេញចិត្តចំពោះការលើកឡើងរបស់ក្រុម IMF ចំពោះកិច្ចខិតខំរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់ និងការប្រឆាំងការផ្តល់ហិរញ្ញប្បទានភេរវកម្ម ខណៈរដ្ឋាភិបាលបានការយកចិត្តទុកដាក់ខ្ពស់ហើយបានចាត់វិធានការជាក់ស្តែងដ៏មានប្រសិទ្ធភាព ស័ក្តិសមនឹងមតិកោតសរសើរនេះ។

ឯកឧត្តមបានប្រាប់ឱ្យដឹងថា ទាំងរដ្ឋាភិបាលសម្តេចតេជោពីមុន ទាំងសម្តេចធិបតីសព្វថ្ងៃ នៅតែបន្តកិច្ចខិតខំប្រឹងប្រែងការងារប្រឆាំងការលាងលុយកខ្វក់សំដៅទាក់ទាញការវិនិយោគមកកម្ពុជា ។

ឯកឧត្តម ប៉ែន ប៉ូណា បានបន្ថែមថា រដ្ឋាភិបាលធានាធ្វើយ៉ាងណាបង្កើតបរិយាកាសអំណោយផលដល់ការវិនិយោគពីបរទេស ដើម្បីបង្កើតការងារជូនពលរដ្ឋ និងកំណើនសេដ្ឋកិច្ចជាតិ។

សម្រាប់លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា យល់ឃើញដែរថា នេះជាសញ្ញាណល្អមួយដែលក្រុមបេសកកម្ម IMF បានកោតសរសើរកម្ពុជាដូច្នេះ ដែលអាចជាមុខមាត់កិត្តិយសរបស់កម្ពុជាលើឆាកអន្តរជាតិ ក៏ដូចជាបង្កើនសេចក្តីទុកចិត្តពីសហគមន៍អន្តរជាតិក្នុងការមកបណ្តាក់ទុកវិនិយោគនៅកម្ពុជា៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner