យុវជនមកពីគ្រួសារក្រីក្រជាង៣០០នាក់បានបញ្ចប់វគ្គបណ្ដុះបណ្ដាលផ្នែកបដិសណ្ឋារកិច្ចក្នុងវិស័យទេសចរណ៍
សៀមរាប៖ សិក្ខាកាមជាង ៣០០ នាក់ ដែលជាយុវជនមកពីគ្រួសារមានជីវភាពខ្វះខាត បានបញ្ចប់វគ្គបណ្ដុះបណ្ដាលផ្នែកបដិសណ្ឋារកិច្ចក្នុងវិស័យទេសចរណ៍ក្រោមការរៀបចំរបស់ក្លឹបទេសចរណ៍ខេត្តសៀមរាប តាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុដោយមូលនិធិអភិវឌ្ឍជំនាញ និងបច្ចេកទេសដោយគណៈកម្មការគ្រប់គ្រងគម្រោង ហូកា។
សិក្ខាកាមជាយុវជនចំនួន៣០០នាក់ ដែលទើបបានបញ្ចប់វគ្គបណ្ដុះបណ្ដាលផ្នែកបដិសណ្ឋារកិច្ចនេះ បានសិក្សាពេញម៉ោង មានរយៈពេលប្រាំមួយខែ នៅសាកលវិទ្យាល័យអង្គរ លើជំនាញការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារ ភេសជ្ជៈ និងគេហកិច្ច ហើយបានទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សាពីក្រសួងទេសចរណ៍ កាលថ្ងៃទី៣១ខែ តុលាឆ្នាំ២០២៣។
ប្រភពរដ្ឋបាលខេត្តសៀមរាប លោក យុន លីនណេ អភិបាលរងខេត្តសៀមរាបបានលើកថា វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលទទួលស្គាល់ ជាផ្នែកដ៏សំខាន់ នៃសេដ្ឋកិច្ចបៃតង (មាសបៃតង) ហើយចំណូលនៃវិស័យនេះត្រូវបានចាត់បញ្ជូលភ្លាមៗទៅក្នុងចរន្តសេដ្ឋកិច្ចជាតិ ដែលរួមចំណែកជម្រុញកំណើនផលិតផលក្នុងស្រុក។
លោកបន្តថា ៖ «ការផ្ដួចផ្ដើមឱ្យមានវគ្គបណ្ដុះបណ្ដាលនេះ គឺពិតជាបានជួយជម្រុញដល់កំណើនសេដ្ឋកិច្ចរបស់ខេត្តឱ្យកាន់តែបានប្រសើរថែមទៀត និងបានចូលរួមកាត់បន្ថយភាពក្រីក្រ កាត់បន្ថយចំណាកស្រុកទៅប្រទេសជិតខាង ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តផងដែរ»។
ទន្ទឹមគ្នានេះ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ គ្រប់គ្រងគម្រោងហូកា នៃក្រសួងទេសចរណ៍មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះពិតជាមានអត្ថប្រយោជន៍ និងបង្កើតឱកាសការងារដល់យុជនកម្ពុជា ដើម្បីទទួលបានប្រាក់ចំណូលសមរម្យ និងមានវិថីអភិវឌ្ឍជំនាញច្បាស់លាស់ជាតួនាទីរបស់គ្រប់ភាគីពាក់ព័ន្ធ។សូមជំរុញឱ្យសិក្ខាកាមទាំងអស់ដែលបានបញ្ចប់ការបណ្តុះបណ្ដាលនាពេលនេះ ត្រូវខិតខំអនុវត្តការងារដោយប្រើចំណេះជំនាញដែលទទួលបាន ប្រកបដោយផ្លែផ្កាល្អ»។
បើតាមលោក លោក ហ្វ៊ីលីព សែតកៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប ក៏បានលើកឡើងនាឱកាសនោះដែរថា វគ្គបណ្តុះបណ្តាលដែលមានរយៈពេលប្រាំមួយខែនេះ សិក្ខាកាមបានសិក្សាលើទ្រឹស្តី ចំនួនពីរខែ និងរយៈពលបួនខែ ចុះកម្មសិក្សាក្នុងបណ្តាក្រុមហ៊ុនដៃគូ ដែលជាលទ្ធផលល្អសិស្សដែលចូលរួមវគ្គនេះ មានការងារធ្វើមានចំនួនសរុប ២១២នាក់ ស្មើនឹង ៨៥.១៤ភាគរយ។
លោកថា កម្មវិធីបណ្តុះបណ្តាលនេះផ្ដល់ជាផ្លែផ្កាយ៉ាងពិតប្រាកដ ការទទួលបានការងារដែលអាចជួយសម្រួលជីវភាពរបស់ពួកគេ និងមួយចំនែកសម្រាលបន្ទុកចំនាយដល់គ្រួសាររបស់គេ ក្នុងន័យលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ កាត់បន្ថយការចំណាកស្រុកដោយខុសច្បាប់ និងផ្តោត ទៅលើការសិក្សាពេញមួយជីវិត។
ក្រសួងទេសចរណ៍បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលរយៈពេលប្រាំមួយខែ សម្រាប់យុវជនទាំង ៣០០នាក់នេះ គឺរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ សេវាកម្មទេសចរណ៍ ឡើងវិញក្រោយវិបត្តិកូវីដ១៩ បន្ទាប់ពីមានការចាកចេញពីវិស័យនេះ នូវពលកម្មស្នូលជាច្រើន បានប៉ះពាល់ជាអវិជ្ជមាន លើសេដ្ឋកិច្ចគ្រួសារ របស់និយោជិក ដែលធ្លាប់បម្រើលើវិស័យនេះ ក្នុងពេលដែលវិបត្តិសកលបានរាតត្បាតក្នុងពេលកន្លងមក។
សូមបញ្ជាក់ថា ក្រសួងទេសចរណ៍បានដាក់ចុះនូវយុទ្ធនាការ «បុគ្គលិកម្នាក់ ជំនាញមួយ» ដែលមានបញ្ជូលក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយផ្តោតទាំងបរិមាណ និងគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍន៍វិស័យទេសចរណ៍ ដែលមានតម្រូវការអ្នកជំនាញប្រមាណ ១.១ លាននាក់ នៅឆ្នាំ២០៣០ និងប្រមាណ ១.៤លាននាក់ នៅឆ្នាំ២០៣៥ និងឆ្ពោះទៅសម្រេ ចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ SDG4 និង SDG 8 ផងដែរ៕ ដោយ៖ បូរ ពេជ្រហ្សាលីន