សហគមន៍ឥន្ទធនូកម្ពុជាស្នើឱ្យសាធារណជនបញ្ចប់ការវែកញែកជុំវិញរឿងភេទទី៣ ក្រោយករណីនេះត្រូវបានដោះស្រាយដោយសន្តិវិធី
ភ្នំពេញ៖ អង្គការសហគមន៍ឥន្ទធនូកម្ពុជា(រ៉ក់)ស្នើឱ្យសាធារណជនបញ្ចប់ការវែកញែកនិងបញ្ចេញមតិយោបល់បែបអវិជ្ជមានដែលមានលក្ខណៈរើសអើង ដែលអាចប៉ះពាល់ដល់សិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់បុគ្គលគ្រប់រូបរាប់បញ្ចូលទាំងអ្នកស្រឡាញ់ភេទដូចគ្នា។
ការស្នើនេះបន្ទាប់ពីប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាឯកឧត្តម កែវ រ៉េមី បានអញ្ជើញលោក អ៊ូ ប៊ុ ណ្ណារ៉ាត់ ហៅ នាយក្រឹម និងលោកស្រី ចនច័ន្ទ លក្ខិណា ប្រធានសមាគមសិល្បករខ្មែរ ដើម្បីពិភាក្សាពាក់ព័ន្ធជុំវិញការបញ្ចេញយោបល់រឿងភេទទី៣តាមរយៈកម្មវិធីថ្នាក់អន្តរជាតិ Cambodia’s Got Talent កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។

កិច្ចប្រជុំនេះបានរៀបចំឡើងកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២៣ ធ្វើឡើងតាមរយៈលិខិតស្នើសុំអន្តរាគមន៍របស់អង្គការសហគមន៍ឥន្ទធនូកម្ពុជា(រ៉ក់)។
កញ្ញា លី ពិសី ប្រធានសម្របសម្រួលនៃអង្គការសហគមន៍ឥន្ទធនូកម្ពុជា(រ៉ក់) បានលើកឡើងតាមរយៈលិខិតថ្លែងអំណរថា ករណីនេះត្រូវបានដោះស្រាយចប់សព្វគ្រប់តាមយន្តការ និងដំណើរប្រកបដោយសន្តិវិធី តម្លាភាព ស្មារតី ទទួលខុសត្រូវ ការគោរព និងសុខដុម។

កញ្ញាបានបញ្ជាក់ថា សហគមន៍ឥន្ទធនូកម្ពុជា សង្ឃឹមថា បងប្អូនទាំងអស់គ្នាអាចបញ្ចប់ការវែកញែក និងបញ្ចេញមតិយោបល់បែបអវិជ្ជមាន ដែលមានលក្ខណៈរើសអើងអាចប៉ះពាល់ដល់សិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់បុគ្គលគ្រប់រូប រាប់បញ្ចូលទាំងអ្នកស្រឡាញ់ភេទដូចគ្នា។
កញ្ញាបន្តថា ពួកយើងគួរតែត្រឡប់មកបន្តស្មារតី និងវប្បធម៌នៃការគោរព ការពារ អធ្យាស្រ័យ ថែរក្សា គាំទ្រ លើកតម្កើង និងសរសើរគ្នាទៅវិញទៅមក។ យើងរួមគ្នាលុបបំបាត់ការស្អប់ខ្ពើម មាក់ងាយ រើសអើង បន្ទុះបង្អាប់ និងបន្ទាបបន្ថោក គា្ននៅក្នុងសង្គមខ្មែរ។

កញ្ញាបានបន្ថែមថា ក្នុងនាមជាពលរដ្ឋខ្មែរ ដែលមានភាពចម្រុះ រាប់បញ្ចូលទាំងអ្នកស្រឡាញ់ភេទដូចគ្នា ត្រូវនាំគ្នាបន្តអភិវឌ្ឍចំណេះដឹង ជំនាញ ទេពកោសល្យ និងសមត្ថភាពប្រកបក្រមសីលធម៌ គុណធម៌ សុច្ចរិតភាពរបស់យើងម្នាក់ៗ ឱ្យស័ក្តិសមជាធនធានមនុស្ស និងមូលធនមនុស្សរបស់កម្ពុជា។
ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាអ្នកជួយសម្របសម្រួលនេះដែរបានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមពិភាក្សារកដំណោះស្រាយ ក្នុងការស្ថាបនា ទាក់ទងបញ្ហាអ្នកស្រលាញ់ភេទដូចគ្នា (LGBT)។
ឯកឧត្តមបន្តថា ក្រោយជជែកគ្នារួចមក យើងយល់គ្នា តាមពិតអ្វីដែលគាត់ (ពូក្រឹម) លើកឡើងមក គឺគ្មានចេតនាអ្វីទាំងអស់។

លោកបានបន្តថា ៖ «សម្តេចតេជោបានបន្សល់ទុកនូវសុខសន្តិភាព និងធ្លាប់បានណែនាំកុំឱ្យមានការរើសអើង។ យើងត្រូវបន្តថែរក្សាការពារ និងអភិវឌ្ឍបន្ថែមទៀត។ សូមកូនក្មួយទាំងអស់ឈប់ខឹងនឹងគាត់ទៅ ការចេះអត់ឱន និងអាធ្យាស្រ័យឱ្យគ្នាគឺជាការបង្ហាញនៃសមត្ថភាពយល់ដឹងរបស់ប្រជាជននៅក្នុងប្រទេសនោះ»។
ចំណែកលោក អ៊ូ ប៊ុណ្ណារ៉ាត់ បានបញ្ជាក់នៅក្នុងកិច្ចប្រជុំនោះថា អ្វីដែលលោកបាននិយាយនោះពុំមានចេតនារើសអើងភេទទី៣នោះទេ។
លោកបានលើកឡើងថា អ្វីដែលគាត់ (ភេទទី៣)មិនទទួលយកបាន យើងទទួលស្គាល់ថាគាត់មិនទទួលយក ។អ្វីដែលសំខាន់បំផុតលោកមិនតបត ដោយសារយើងរស់នៅក្នុងម្លប់សន្តិភាពដូចគ្នា ។អ៊ីចឹង!លោកអត់មានអីរើសអើងទេ។ លោកស្រឡាញ់ ។លោកពេញចិត្ត ហើយលោកធ្លាប់ជួយកូនក្មួយ (ភេទទី៣) ថតកន្លងមកដែរ។
លោកបន្ថែមថា ៖ «ខ្ញុំលេងកំប្លែងធ្វើចរិតភេទទី៣ តាំងពីជំនាន់ ១៩៨៤ ។អ៊ីចឹង!ខ្ញុំអត់មានអីត្រូវរើសអើងទេ ខ្ញុំស្រឡាញ់»។
ចំណែកសហគមន៍ឥន្ទធនូកម្ពុជា នៅតែប្តេជ្ញាចិត្តធ្វើការជាមួយភាគីពាក់ព័ន្ធ ដើម្បីសម្រេចបាននូវទស្សនៈវិស័យរបស់ខ្លួនដែលពលរដ្ឋកម្ពុជា ជាអ្នកស្រឡាញ់ភេទដូចគ្នា មានអារម្មណ៍រីករាយចំពោះខ្លួនឯង និងរស់នៅប្រកបដោយសុភមង្គល ដោយមានការការពារសិទ្ធិ ព្រមទាំងទទួលការគោរព និងទទួលស្គាល់ពេញលេញ និងស្មើភាពគ្នា ពីគ្រប់ផ្នែកនៃសង្គម៕ ដោយ៖ សុខ រក្សា