ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អំពាវនាវឱ្យអ្នកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង ជួយទាក់ទាញវិនិយោគិនពីក្រៅប្រទេស
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអំពាវនាវដល់អ្នកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀងជួយទាក់ទាញវិនិយោគអ្នកក្រៅប្រទេសមកកម្ពុជា ខណៈក្រុមហ៊ុនចិនវិនិយោគផ្នែកសំបកកង់ប្រកាសពង្រីករោងចក្ររបស់ខ្លួនដំណាក់កាលទី៣ នៅកម្ពុជាដោយបោះទុនបន្ថែមជាង ២០០លានដុល្លារក្នុងពេលឆាប់ៗនេះ។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងដូចនេះ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ក្នុងដំណើរទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសចំនួនបី និងក្រុមហ៊ុនចំនួនប្រាំមួយដែលវិនិយោគក្នុងតំបន់សេដ្ឋកិច្ចនេះ ក្នុងខេត្តស្វាយរៀង ។តំបន់សេដ្ឋកិច្ចពិសេសចំនួនបីរួមមាន៖ ស៊ីន បាវិត, ស្វាយរៀង ហ្គីហ្គា រីសស៍ និងឈីលូ ជាន ពុ ចាយ ។តំបន់ទាំងបីនេះសរុបមានទុនវិនិយោគចំនួន ៩៧៧ លានដុល្លារ ជាមួយនឹងគម្រោងវិនិយោគសរុបចំនួន ៦៥គម្រោង កំពុងដំណើរការចំនួន ៤៤គម្រោង និងបានបង្កើតការងារជូនកម្មករនិយោជិតចំនួន ២៣ ១៤៣ កន្លែង។
មុខសញ្ញាវិនិយោគសំខាន់ៗក្នុងតំបន់សេដ្ឋកិច្ចនេះរួមមាន៖ ផលិតគ្រឿងសង្ហារិម កែច្នៃនិងជ្រលក់ពណ៌ស្បែក អំពូលលម្អអគ្គិសនី និងខ្សែភ្លើងគ្រប់ប្រភេទ ផលិតសំបកកង់យានយន្ដ និងដំឡើងកង់ជាដើម។
ក្នុងបទសម្ភាសនាឱកាសចុះពិនិត្យតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រមួយចំនួនក្នុងតំបន់នោះ លោកបានប្រាប់ឱ្យដឹងថា លោកបានជួបជជែក ដើម្បីស្ដាប់ពីបញ្ហាប្រឈមនានាលើកិច្ចការងារវិនិយោគ និងអភិវឌ្ឍ ហើយលោក៏បានអំពាវនាវទៅកាន់បណ្ដាក្រុមហ៊ុនវិនិយោគ និងអ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្នុងការចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ឯកឧត្តមបានថ្លែងថា ៖ «បើខ្ញុំទៅតែម្នាក់ឯង ខ្ញុំពន្យល់គេ ប្រហែលគេជឿខ្ញុំ១០ភាគរយទេ ប៉ុន្តែបើផ្នែកឯកជនមានបទពិសោធជោគជ័យក្នុងការវិនិយោគរបស់គាត់ទៅប្រាប់ពីការវិនិយោគផ្សេងនៅប្រទេសគាត់ គេអាចជឿ៩០ភាគរយ។ ដូចនេះជំនឿទាំងពីរបូកចូលគ្នា ១០០ ភាគរយ យើងអាចទាក់ទាញអ្នកវិនិយោគមកដាក់ទុននៅកម្ពុជា បង្កើតការងារជូនពលរដ្ឋយើងបានច្រើន»។
ជាមួយគ្នានោះឯកឧត្តមក៏បានលើកឡើងនូវលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិនកាលពីសប្តាហ៍មុនដែរ ដោយលោកអះអាងថា មានក្រុមហ៊ុនចិនវិនិយោគផ្នែកសំបកកង់ប្រកាសពង្រីករោងចក្ររបស់ខ្លួនដំណាក់កាលទី៣ នៅកម្ពុជាដោយបោះទុនបន្ថែមជាង២០០លានដុល្លារក្នុងពេលឆាប់ៗនេះ។
ឯកឧត្តមបានបញ្ជាក់ថា ៖ «ម្សិលមិញនេះ (ថ្ងៃទី៣០ ខែតុលា)ខាងក្រុមហ៊ុនចិន ដែលផលិតសំបកកង់យានយន្ត បន្ទាប់ពីបានជួបសម្តេចធិបតី ហ៊ុន ម៉ាណែត ហើយខ្ញុំក៏បានជួបដែរកាលពីពេលថ្មីៗនេះ គេបានប្រកាសថា ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន បានសម្រេចបោះទុនវិនិយោគបន្ថែមដំណាក់កាលទី៣ ចំនួន ២០៨លានដុល្លារទៀត ដើម្បីពង្រីករោងចក្រ។ នេះជាដំណឹងដ៏ល្អណាស់សម្រាប់យើង»។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រាប់ឱ្យដឹងនៅថ្ងៃទី ១ ខែវិច្ឆិកាថា រាល់គម្រោងវិនិយោគនៅកម្ពុជាទាំងអស់ សុទ្ធតែមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ច និងសង្គមកម្ពុជា មិនថានៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ឬក្នុងតំបន់សេដ្ឋកិច្ចពិសេស នោះទេ។ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ពិតជាមានអត្ថប្រយោជន៍សម្រាប់អ្នកវិនិយោគ ដោយសារតែវាមានលក្ខណៈប្រមូលផ្តុំ ដែលអាចបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកវិនិយោគ ដែលមានបំណងចង់មកបើករោងចក្រសហគ្រាស ឬឧស្សាហកម្មកែច្នៃផ្សេងៗនៅកម្ពុជា។
អ្នកឧកញ៉ាបាននិយាយដូច្នេះថា ៖ «ជាការត្រឹមត្រូវណាស់ ដែលរដ្ឋាភិបាល មានការលើកទឹកចិត្តដល់ការវិនិយោគនៅតាមតំបន់សេដ្ឋកិច្ចពិសេស ព្រោះថា តំបន់សេដ្ឋកិច្ចពិសេសគឺជាតំបន់ដែលមានទីតាំងយុទ្ធសាស្ត្រត្រៀមរួចជាស្រេចសម្រាប់អាជីវកម្ម និងការវិនិយោគដំណើរការជាមួយនឹងភាពងាយស្រួលនៃហេ ដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន»។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តស្វាយរៀង បានបង្ហាញថា បច្ចុប្បន្ន នៅទូទាំងខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសចំនួន១០កន្លែង កំពុងដំណើរការ ។ក្នុងនោះប្រាំបីកន្លែងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង, មេនហាតធេន, សានដុង, សាន់សែល, ដ្រេហ្គនឃីង, ឈីលូ, ហាយផាក, អ៊ីនធើវៀ, អូតូម៉ូបាល, និងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស៍។
តំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស៍នេះដែរមាន រោងចក្រ សហគ្រាសធនាគារ គ្រឹះស្ថានមេក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនឯកជនមានចំនួន២០៨កន្លែង ក្នុងនោះក្រុមហ៊ុនវិនិយោគដែលអនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានចំនួន១៤១ក្រុមហ៊ុន និងអនុគណៈកម្មាធិការវិនិយោគខេត្តចំនួន៣ក្រុមហ៊ុន ដោយបានផ្ដល់ការងារធ្វើជូនប្រជាពលរដ្ឋជិត១០ម៉ឺននាក់៕ ដោយ៖ វណ្ណ សុជាតា