ក្រសួងមុខងារសាធារណៈ ប្រកាសពីការប្រឡងជ្រើសរើសមន្រ្តីកសិកម្មឃុំ ២៥០នាក់ បម្រើការងារក្នុងខេត្តចំនួន១៧

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈបានជូនដំណឹង ឱ្យមានការប្រឡងជ្រើសរើសមន្រ្តីកសិកម្មឃុំ ចំនួន២៥០នាក់ សម្រាប់បម្រើការងារក្នុងខេត្តចំនួន១៧ ដែលជាការចាប់ផ្តើមនៃការអនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៃមន្រ្តីបច្ចេកទេសនៅតាមឃុំសង្កាត់។

តាមរយៈសេចក្តីជូនដំណឹងដែលបានផ្សាយកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បញ្ជាក់ថា គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ សម្រេចបើកឱ្យមានការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន ២៥០នាក់ សម្រាប់ប្រភេទក្របខណ្ឌ ក, ខ, គ ដែលមានជំនាញ/ឯកទេសកសិកម្ម ចាប់ពីវិញ្ញាបនបត្រ បរិញ្ញាបត្ររង បរិញ្ញាបត្រ ឬសញ្ញាបត្រសមមូល។

ការជ្រើសរើសនេះដើម្បីឱ្យចូលបម្រើការងារនៅតាមឃុំ ស្រុក ខេត្ត ក្នុងក្របខណ្ឌ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ឆ្នាំ២០២៣។ ការប្រឡងនឹងចាប់ផ្តើមនៅសប្តាហ៍ទី២ នៃធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា បេក្ខជនដែលបានមានបំណងចូលរួមការប្រឡងប្រជែង ត្រូវជ្រើសរើសទីកន្លែងបំពេញការងារជាក់លាក់ (ឃុំ ស្រុក ខេត្ត) ក្នុងតារាងភ្ជាប់ជាមួយជាមុន និងមិនត្រូវបានអនុញ្ញាតឱ្យផ្លាស់ប្ដូរកន្លែងការងារដោយហេតុផល ណាមួយឡើយ។ ការស្នើសុំផ្លាស់ប្ដូរកន្លែងការងារ មានន័យថាសាមីជននោះបោះបង់ក្របខណ្ឌមន្ត្រីរាជការ។

ប្រភពដដែលបានឱ្យដឹងទៀតថា បេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរ នឹងត្រូវទទួលបានប្រាក់បៀវត្សទាបបំផុតចាប់ពី ១លាន៤សែនរៀល ទៅតាមប្រភេទក្របខណ្ឌ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ចំនួន ១៦ម៉ឺនរៀល ក្នុង១ខែ រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតរបស់មន្ត្រីរាជការស៊ីវិល។

បណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងបន្ថែមនៅថ្ងៃទី១ ខែវិច្ឆិកាថា លោកសង្កេតឃើញថា ក្រោយពីការប្រកាសរបស់ក្រសួងមុខងារសាធារណៈហើយ មានបេក្ខជនច្រើនកុះករបានទៅដាក់ពាក្យ សម្រាប់ការប្រឡងជ្រើសរើសមន្រ្តីកសិកម្មឃុំនាពេលខាងមុខនេះ។

ឯកឧត្តមបានបន្ថែមថា នៅក្នុងការជ្រើសរើសដំណាក់កាលដំបូង២៥០នាក់នេះ បេក្ខជនដែលប្រឡងជាប់អាចនឹងចាប់ផ្តើមការងារនៅដើមខែមករា ឆ្នាំ២០២៤ ដោយផ្តើមចេញការមន្រ្តីកសិកម្មឃុំ នៅតាមតំបន់ដែលសម្បូរផលិតកម្មស្រូវ។

បណ្ឌិត យ៉ង សាំង កុមារ បានបញ្ជាក់ថា ៖ «យើងបានសម្រេចជ្រើសរើសមន្រ្តីកសិកម្មឃុំដំបូង២៥០នាក់ សម្រាប់ផលិតកម្មស្រូវ ដោយសារតែយើងមើលឃើញថា ស្រូវជាដំណាំស្បៀងយ៉ាងសំខាន់សម្រាប់ក្នុងស្រុក និងទីផ្សារពិភពលោកនាពេលបច្ចុប្បន្ននេះ។ នៅក្នុងចំណោមជាង ១ ៦៥២ ឃុំ មានជាង ១ ០០០ ឃុំហើយ ដែលជាឃុំផលិតស្រូវ ដូច្នេះ វាមានភាពចាំបាច់ដែល យើងត្រូវចាប់ផ្តើមពីដំណាំស្រូវមុនគេ»។

លោកបានបន្តថា សម្រាប់ការរើសដំណាក់កាលបន្តបន្ទាប់ ក្រសួងកសិកម្ម នឹងជ្រើសរើសមន្រ្តីកសិកម្មឃុំសម្រាប់ដំណាំសាកវប្បកម្ម និងកសិ-ឧស្សាហកម្មវិញម្តងដោយដំណាំស្វាយចន្ទី អាចជាដំណាំបន្ទាប់សម្រាប់ការជ្រើសរើសនៅពេលក្រោយ។

លោក លី វលក្ខណ៍ អតីតនិស្សិតនៃវិទ្យាស្ថានកសិកម្មព្រែកលៀប ដែលបច្ចុប្បន្នជាមន្រ្តីរាជការនៃក្រសួងមួយបានប្រាប់ឱ្យដឹងថា លោកមានបំណងចង់ដាក់ពាក្យប្រឡងធ្វើជាមន្រ្តីកសិកម្មឃុំ នៅស្រុកកំណើតរបស់លោក នាខេត្តត្បូងឃ្មុំដែរ ដោយសារតែវាត្រូវនឹងជំនាញរបស់លោក ដែលបានសិក្សាផ្នែកកសិកម្មស្រាប់។

លោកបានបន្ថែមថា លោកពិតជាសាទរយ៉ាងខ្លាំងចំពោះការដាក់ចេញនូវគោលនយោបាយដាក់ពង្រាយមន្រ្តីកសិកម្មឃុំរបស់រាជរដ្ឋាភិបាលនេះ ដោយគោលនយោបាយនឹងជួយដល់កសិករច្រើន ជាពិសេសទាក់ទងនឹងការផ្តល់ព័ត៌មានទីផ្សារកសិកម្ម ដោះស្រាយបញ្ហាប្រឈម និងបច្ចេកទេសដល់កសិករ។

លោកបាននិយាយទៀតថា ៖ «មនុស្សមួយចំនួនតែងតែរិះគន់ ចំពោះអ្នករៀនជំនាញកសិកម្ម ប៉ុន្តែពួកគាត់មិនបានដឹងទេថាផលិតផលកសិកម្មរបស់យើងមិនមានទីផ្សារល្អ គឺដោយសារយើងខ្វះអ្នកជំនាញដើម្បីជួយដល់កសិករនេះឯង»។

ក្នុងនាមជានិស្សិតផ្នែកកសិកម្ម លោកបានលើកទឹកចិត្តដល់និស្សិតផ្នែកកសិកម្មដទៃទៀត ដែលមានជំនាញ សមស្របតាមតម្រូវការរបស់ក្រសួង អាចដាក់ពាក្យចូលរួមប្រឡងបាន ព្រោះនេះជាឱកាសល្អ សម្រាប់យុវជន ចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយពង្រាយមន្ត្រីកសិកម្មឃុំ ចំនួន ១ ៦០០ នាក់ ក្នុងបេសកកម្មធ្វើការបម្រើកសិករ ១.៦ លានគ្រួសារ ឬស្មើនឹងចំនួនប្រជាជន ៧.៥ លាននាក់ នៅគ្រប់ភូមិ ឃុំទូទាំងប្រទេស ចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ២០២៨៕ ដោយ៖ វណ្ណ សុជាតា

ads banner