ភាគីពាក់ព័ន្ធ ផ្សព្វផ្សាយវិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំងនៅខេត្តព្រះសីហនុ
ភ្នំពេញ៖ ភាគីពាក់ព័ន្ធបានផ្សព្វផ្សាយពីវិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំងនៅខេត្តព្រះសីហនុ ដើម្បីឱ្យអគារដែលសាងសង់មិនទាន់ចប់អាចសាងសង់ដល់ចប់ និងអគារដែលបានសាងសង់ចប់ អាចមានសកម្មភាពវិនិយោគឡើងវិញ។
ការផ្សព្វផ្សាយបែបនេះ ធ្វើឡើងតាមរយៈសិក្ខាសាលាស្ដីពី «វិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ» ក្រោមអធិបតីឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។
ឯកឧត្តម ហ៊ាន សាហ៊ីប បានលើកឡើងតាមរយៈសេចក្ដីប្រកាសព័ត៌មានថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដឹកនាំក្រុមការងារសិក្សាលើការរៀបចំវិធានការដោះស្រាយបញ្ហាគម្រោងវិនិយោគជាប់គាំងនេះ ដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធនានា ។ក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាកញ្ចប់ ដើម្បីដោះស្រាយគម្រោងវិនិយោគដែលជាប់គាំងក្នុងខេត្តព្រះសីហនុ កាលពីខែមីនា ឆ្នាំ២០២៣ ហើយសិក្ខាសាលានាពេលនេះ គឺដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវវិធានការរបស់រាជរដ្ឋាភិបាល ក្នុងចំណោមតួអង្គសំខាន់ៗ និងអ្នកពាក់ព័ន្ធនានា ដើម្បីជំរុញការអនុវត្ត និងជំរុញសកម្មភាព ព្រមទាំងសម្ទុះសេដ្ឋកិច្ចក្នុងខេត្ត ទាំងក្នុងរយៈពេលខ្លី មធ្យម និងវែង។
វិធានការជាកញ្ចប់ ដែលបានដាក់ចេញ ដើម្បីដោះស្រាយគម្រោងវិនិយោគដែលជាប់គាំងទាំងនេះ ត្រូវផ្អែកតាមគោលការណ៍ចំនួនពីរ ។គឺ ទី១ ឱ្យអគារដែលសាងសង់មិនទាន់ចប់ អាចសាងសង់ដល់ចប់សព្វគ្រប់ និងទី២ឱ្យអគារដែលបានសាងសង់ចប់ អាចមានសកម្មភាពវិនិយោគ ឬធុរកិច្ចបាន។ លោក ហ៊ាន សាហ៊ីបបន្ថែម។
ឯកឧត្តមបានបញ្ជាក់ថា ព្រះសីហនុ គឺជាខេត្តមួយដែលរាជរដ្ឋាភិបាលផ្តោតអាទិភាពខ្ពស់ ម៉្យាងជាខេត្តដែលមានអគារច្រើន និងមានតម្លៃ ដែលត្រូវជួយដោះស្រាយ ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច និងធុរកិច្ច ពិសេស ប្រែក្លាយពីស្ថានភាពជាប់គាំង ក្នុងអតីតកាល ទៅជាស្ថានភាពរស់រវើក ប្រកបដោយថាមពលក្នុងបច្ចុ ប្បន្ន និងអនាគ។ ដូច្នេះវិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំងនេះ គឺជាវិធានការជាកញ្ចប់ដែលត្រូវអនុវត្ត ដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ ដែលជាតួអង្គតែមួយ។
បើតាមឯកឧត្តម ហ៊ាន សាហ៊ីប រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧នេះ បានដាក់ចេញនូវ «យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១» ដែលយុទ្ធសាស្ដ្រនេះ រាជរដ្ឋាភិបាលផ្តោតអាទិភាពលើការពន្លឿនការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់វិស័យទេសចរណ៍ មជ្ឈមណ្ឌលសេវាហិរញ្ញវត្ថុ និងតំបន់ឧស្សាហកម្មជាដើម ដោយកំណត់យន្តការអនុវត្តឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។
ដោយឡែក យោងតាមហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាលខេត្តនេះក៏បានលើកឡើងដែរថា ដំណោះស្រាយជាវិធានការជាកញ្ចប់នេះ អន្តរក្រសួង បានរៀបចំប្រជុំចំនួនប្រាំដងរួចមកហើយនិងបានដាក់ចេញនូវផែនការសកម្មភាពនានាបានយ៉ាងខ្ជាប់ខ្ជួនតាមកាលវិភាគដែលបានកំណត់ផងដែរ។ក្នុងនោះរដ្ឋបាលខេត្តព្រះសីហនុ មានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ជាសេនាធិការបានធ្វើការកំណត់អត្តសញ្ញាណលម្អិត កំណត់តំបន់ចូលរួមវិភាគ ការអនុវត្តគម្រោងសម្រាប់រៀបចំលិខិតបទដ្ឋានគតិយុត្តិ និងការជំរុញអនុវត្តយន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការ ជាដើម។
សូមបញ្ជាក់ថា អគារជាប់គាំងនៅខេត្តព្រះសីហនុជិត ៤០០ អគារ ត្រូវបានកំណត់អត្តសញ្ញាណកម្មរួចរាល់ ដើម្បីដឹងពីប្រភេទអគារណាដែលទទួលបានវិធានជាកញ្ចប់របស់រាជរដ្ឋាភិបាល៕ ដោយ៖ ជា សុខនី