នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ស្នើឱ្យអ.ស.ប ផ្តល់វគ្គហ្វឹកហ្វឺនអប់រំ និងផ្សព្វផ្សាយពីច្បាប់ការពារជនស៊ីវិល ស្រ្តី និងកុមារ ដល់កងកម្លាំងមុនចល័តទៅតំបន់បេសកកម្ម
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព(NPMEC)បានស្នើសុំអគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) ផ្តល់វគ្គហ្វឹកហ្វឺន អប់រំ និងផ្សព្វផ្សាយបន្ថែម ស្តីអំពីច្បាប់ការពារជនស៊ីវិល ស្រ្តី និងកុមារ ដល់កងកម្លាំង មុនចល័តទៅតំបន់បេសកកម្ម ដើម្បីពង្រីកចំណេះដឹងកម្លាំងឱ្យកាន់តែទូលំទូលាយ។
ការស្នើរបស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដូចនេះធ្វើឡើងក្នុងឱកាសដែលលោកស្រី Jane Frences Connors ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិបានចូលជួបពិភាក្សាការងារអំពីអាណត្តិអ្នកតស៊ូមតិសិទ្ធិជនរងគ្រោះ(Victims’ Rights Advocate) ស្តីពីការកេងប្រវ័ញ្ចផ្លូវភេទ, ការរំលោភបំពាន និងការបៀតបៀនផ្លូវភេទ កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣។

កិច្ចពិភាក្សានេះ ប្រព្រឹត្តឡើង ដើម្បីស្វែងយល់ពីមធ្យោបាយផ្សេងៗសម្រាប់កិច្ចសហការក្នុងការបង្ការ និងការឆ្លើយតប រួមទាំងពង្រឹងបន្ថែមនូវភាពជាដៃគូររវាងអង្គការសហប្រជាជាតិ និងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
ប្រភពមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានឱ្យដឹងថា ក្នុងជំនួបនេះនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានលើកឡើងថា គ្រប់កងកម្លាំងរក្សាសន្តិភាព តែងទទួលបានការហ្វឹកហាត់មុនពេលចល័ត លើប្រធានបទពាក់ព័ន្ធនឹងការរំលោភ និងការកេងប្រវ័ញ្ចផ្លូវភេទជាដើម។កម្ពុជា បានបញ្ជូនកម្លាំងនារីនៅតំបន់បេសកកម្មរហូតដល់ ៤៧ ភាគរយ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង, ៤៨ ភាគរយ នៅសាធារណរដ្ឋម៉ាលី និងមានមេបញ្ជាការជានារី នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាលផងដែរ។ ការតាំងចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងបញ្ជូនកម្លាំងនារីឱ្យបានលើស ២០ ភាគរយ ខណៈបច្ចុប្បន្ន កម្ពុជា ទទួលបានលេខរៀងទី១០ លើ១២៣ប្រទេសបរិច្ចាគកងកម្លាំង និងលេខ១ ក្នុងអាស៊ាន»។

ឆ្លៀតក្នុងឱកាសនោះដែរនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានស្នើសុំដល់ អ.ស.ប ផ្តល់វគ្គហ្វឹកហ្វឺន អប់រំ និងផ្សព្វផ្សាយបន្ថែម ស្តីអំពីច្បាប់ការពារជនស៊ីវិល ស្រ្តី និងកុមារ ដល់កងកម្លាំង មុនចល័តទៅតំបន់បេសកកម្ម ដើម្បីពង្រីកចំណេះដឹងកម្លាំងឱ្យ កាន់តែទូលំទូលាយ។
ជាការឆ្លើយតប លោកស្រី Jane Frences Connors រីករាយចំពោះសំណើរបស់នាយឧត្តម សែម សុវណ្ណនី ទោះបីជាកាតព្វកិច្ចលោកស្រី គឺផ្តោតទៅលើការបណ្តុះបណ្តាលកងកម្លាំងឱ្យដឹងពីក្រមសីលធម៌ស្តង់ដារ ជាពិសេសផលប៉ះពាល់ដែលកើតមានលើស្រ្តី និងកុមារក៏ដោយ តែលោកស្រី នឹងនាំយកសំណើនេះ រាយការណ៍ជូនថ្នាក់ដឹកនាំ និងជូនដំណឹងមកកម្ពុជាវិញ នាពេលក្រោយ។
ទាក់ទងនឹងការហ្វឹកហ្វឺន និងអប់រំបន្ថែមនេះ លោក អំ សំអាត នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការលីកាដូ នៅថ្ងៃទី ១ ខែវិច្ឆិកា បានបង្ហាញការគាំទ្រចំពោះកម្ពុជាដែលបានស្នើដល់អង្គការសហប្រជាជាតិ ស្តីអំពីច្បាប់ការពារជនស៊ីវិល ស្រ្តី និងកុមារ ដល់កងកម្លាំងកម្ពុជា មុនចល័តទៅតំបន់បេសកកម្ម នៅក្រៅប្រទេសស្ថិតក្រោមឆត្រ អង្គការសហប្រជាជាតិ គឺជារឿងល្អ។

លោក អំ សំអាត បានថ្លែងថា ៖ «នៅពេលដែលពួកគាត់បានយល់ដឹងនូវបញ្ហានេះច្រើន នោះគឺកាន់តែល្អប្រសើរ ក្នុងការជួយនៅពេលដែលកងកម្លាំងរបស់យើងបំពេញបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិនៅតាមបណ្តាប្រទេសផ្សេងៗ។ ការបណ្តុះបណ្តាលបន្ថែមដល់កងកម្លាំង កាន់តែមានភាពល្អប្រសើរ និងប្រសិទ្ធភាពបន្ថែមទៀត ក្នុងការអនុវត្តតួនាទីនិងភារកិច្ចនេះ»។
សូមបញ្ជាក់ថា អ្នកតស៊ូមតិការពារជនរងគ្រោះ(VRA) គឺជាអាណត្តិ ដែល អ.ស.ប និងបុគ្គលិកពាក់ព័ន្ធដាក់ចេញក្នុងកាតព្វកិច្ចលើកកម្ពស់សំឡេងជនរងគ្រោះ នៃការកេងប្រវ័ញ្ចផ្លូវភេទ និងការរំលោភបំពាន លើកកម្ពស់គោលនយោបាយរបស់អគ្គលេខាធិការក្នុងការដាក់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ពួកគេនៅជួរមុខនៃសកម្មភាពពាក់ព័ន្ធរបស់ អ.ស.ប ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះកំហុសទាំងនោះ៕ ដោយ៖ គឹម យុត្ថារ៉ូ