កីឡាករ Dave Leduc បញ្ជាក់ក្តីរំភើបក្នុងការត្រៀមជួបសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា (Video Inside)
កីឡាករ Dave Leduc ដែលជាម្ចាស់ខ្សែក្រវាត់ប្រដាល់ Lethwei នៃប្រទេសមីយ៉ាន់ម៉ា គ្រោងនឹងជួបសម្តេចធិបតី ហ៊ុន ម៉ាណែត នាវេលាថ្ងៃទី២វិច្ឆិកានេះ នៅមុនពេលដែលស្តេចប្រដាល់មីយ៉ាន់ម៉ារូបនេះ ត្រៀមនឹងជួបប្រកួតជាមួយកីឡាករមេដាយមាសស៊ីហ្គេមកម្ពុជា លោក ព្រំសំណាង។
ស្តេចប្រដាល់មីយ៉ាន់ម៉ារូបនេះ មកដល់ប្រទេសកម្ពុជាវេលាយប់ម៉ោង១១យប់ថ្ងៃទី១វិច្ឆិកា ខណៈការប្រកួតប្រដាល់ក្នុងសង្វៀន Town នឹងគ្រោងធ្វើនៅថ្ងៃទី៥វិច្ឆិកា។ ថ្លែងក្នុងបណ្តាញសង្គមរបស់ខ្លួន, កីឡាករ Dave Leduc បានបញ្ជាក់ថា លោកមានកិត្តិយសណាស់ក្នុងការជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា នៅថ្ងៃទី២វិច្ឆិកា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់មុននេះថា សម្តេចរីករាយក្នុងការត្រៀមជួបជាមួយស្តេចប្រដាល់ប្រទេសមីយ៉ាន់ម៉ានោះ។
លោក Dave Leduc បានសរសេរក្នុងបណ្តាញសង្គមបញ្ជាក់ទៀតថា លោកមានមោទនភាពជាខ្លាំង ដែលសម្តេចបានចាប់អារម្មណ៍លើក្បាច់គុណបុរាណរបស់លោក ព្រំ សំណាង។ លោក Dave Leduc និយាយសន្យាថានឹង «បង្ហាញផ្ទាំងទស្សនីយ៍ភាពដ៏អស្ចារ្យដល់ពិភពលោក»។
កីឡាប្រដាល់រវាងលោកព្រំសំណាងជាមួយនឹងលោក Dave Leduc នឹងធ្វើតែក្នុងមួយទឹករយៈពេល ៩នាទីដោយអ្នកទាំង២ នឹងប្រដាល់ដោយមិនពាក់ស្រោមដៃហ្គង់ឡើយ នៅក្នុងការប្រកួតថ្ងៃទី៥វិច្ឆិកាខាងមុខនេះ។