សង្ហិបុរីជួបប្រទះសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មានពីមុនមក រហូតដល់ ៣៦.៣អង្សាសេ ក្នុងខែតុលាឆ្នាំនេះ
សង្ហិបុរី៖ សេវាឧតុនិយមសង្ហិបុរី នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ និយាយថា ប្រទេសសង្ហិបុរីបានជួបប្រទះនូវបទពិសោធន៍សីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មានពីមុនមកនៅក្នុងខែតុលាឆ្នាំនេះ ពោលគឺនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣។
សេវាឧតុនិយមសង្ហិបុរី បានបញ្ជាក់ថា សីតុណ្ហភាពលើសពី ៣៥អង្សាសេបានគ្របដណ្តប់លើផ្នែកជាច្រើននៃប្រទេសសង្ហិបុរី នាពេលថ្មីៗនេះ ជាមួយនឹងការកើនឡើងរហូតដល់ ៣៦.៣អង្សាសេ។
នេះជាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រទេសសិង្ហបុរី ក្នុងខែតុលា ពោលគឺកើនឡើងលើសពីកំណត់ត្រាចាស់ ដែលមានត្រឹម ៣៥.៧អង្សាសេ ដែលបានកត់ត្រានៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០១ និងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩។
សេវាឧតុនិយមសង្ហិបុរីបន្ថែមថា នៅខែតុលា ជាទូទៅមានអាកាសធាតុក្តៅ ជាមួយនឹងសីតុណ្ហភាពអតិបរមាប្រចាំថ្ងៃលើសពី ៣៤អង្សាសេ ក្នុងរយៈពេល ២៥ថ្ងៃ។
សូមបញ្ជាក់ថា សីតុណ្ហភាពអតិបរមាប្រចាំថ្ងៃសម្រាប់រយៈពេលពីរសប្តាហ៍ដំបូងនៃខែវិច្ឆិកា ត្រូវបានគេរំពឹងថា នឹងមានចន្លោះពី ៣៣ ទៅ ៣៥អង្សាសេនៅក្នុងប្រទេសសង្ហិបុរី៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា