អគ្គលេខាធិការស្ប៉ាស្យាល់អូឡាំពិក ៖ វិស័យកីឡាជនពិការ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើកស្ទួយឥតឈប់ឈរ

ភ្នំពេញ៖ ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិឆ្នាំ២០២៣ និងកម្មវិធីអប់រំសុខភាពអាណាព្យាបាលបានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីដំណើរការ១ថ្ងៃ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមការចូលរួមពីឯកឧត្តម សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា តំណាងឯកឧត្តមរដ្ឋមន្ត្រី ។

លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានជម្រាបជូនថា យោងតាមផែនការប្រចាំឆ្នាំ២០២៣ គណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជា និងយោងតាមគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានរៀបចំដំណើរការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ និងកម្មវិធីអប់រំសុខភាពអាណាព្យាបាល ក្នុងគោលបំណងផ្តល់ឱកាសឱ្យកីឡាករ កីឡាការិនីរាជធានីខេត្ត អង្គការ សមាគមបានជួបជុំគ្នា ដើម្បីវាស់ស្ទង់សមត្ថភាព ចែករំលែក បទពិសោធន៍ ភាពសប្បាយរីករាយរវាងកីឡាករ កីឡាការិនីបញ្ញាខ្សោយ ជាពិសេស គឺលោកវេជ្ជបណ្ឌិតបានណែនាំ អប់រំពីរបៀបថែទាំសុខភាព ក្នុងការរស់នៅប្រចាំថ្ងៃរបស់អាណាព្យាបាល និងកីឡាករ កីឡាការិនី បញ្ញខ្សោយផងដែរ។

លោកអគ្គលេខាធិការ បន្ថែមថា ការប្រកួតមិនមែន ដើម្បីជ័យជម្នះតែម្យ៉ាងនោះទេ ពោលគឺផ្តោតសំខាន់លើចំណងមិត្តភាព សាមគ្គីភាព បំបាត់ភាពរើសអើង និងផ្តល់ឱកាសចូលរួមសកម្មភាពក្នុងសង្គម តាមរយៈវិស័យកីឡា ស្របតាមចលនាស្ប៉េស្យាល់អូឡាំពិកក្នុងតំបន់ និងពិភពលោក និងភាពរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជានាពេលបច្ចុប្បន្ន។ គោលបំណងចម្បងៗទាំងនេះ ក៏ដើរស្របតាមគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិជនមានពិការភាព ក្នុងនោះវិស័យកីឡាជនពិការ ក៏ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជំរុញលើកស្ទួយឥតឈប់ឈរ។

លោក ឃ្លាំង ចន្ធូ លើកឡើងទៀតថា ចលនាកីឡាស្ប៉េស្យាល់អូឡាំពិកមិនមែនគ្រាន់តែបម្រើឱ្យការហាត់ហ្វឹកហ្វឺន ឬប្រកួតតែមួយមុខនោះទេ ប៉ុន្តែថែមទាំងមានល្បែងកីឡា សម្រាប់ក្មេងៗអាយុ២-៧ឆ្នាំ កម្មវិធីត្រួតពិនិត្យសុខភាព វេទិកាអប់រំសុខភាព សម្រាប់អាណាព្យាបាលជនបញ្ញាខ្សោយ កម្មវិធីភាពជាអ្នកដឹកនាំរបស់កីឡាករ កីឡាការិនី ជនបញ្ញាខ្សោយជាដើមទៀតផង។

គួរបញ្ជាក់ថា ប្រតិភូកីឡា កីឡាករ កីឡាការិនីបញ្ញាខ្សោយ គណៈកម្មការ អ្នកស្ម័គ្រចិត្ត និងអាណាព្យាបាល បានចូលរួមក្នុងព្រឹត្តិការណ៍នេះមានចំនួនសរុប ២៧៥នាក់ ខណៈការប្រកួតមាន៣ប្រភេទកីឡា គឺកីឡាអត្តពលកម្ម កីឡាប៊ូលយូនីហ្វាយ និងបាល់ទាត់យូនីហ្វាយ៕

ដោយ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner