ចារកម្មកូរ៉េខាងត្បូង៖ កូរ៉េខាងជើងគ្រោងបាញ់បង្ហោះផ្កាយរណបសាជាថ្មីទៀត ហើយភាគរយជោគជ័យខ្ពស់

សេអ៊ូល៖ កូរ៉េខាងជើងកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ ដើម្បីត្រៀមរៀបចំបាញ់បង្ហោះផ្កាយរណបចារកម្ម ហើយឱកាសនៃការប៉ុនប៉ងលើកទី៣នេះ ការទទួលបានជោគជ័យ គឺមានកម្រិតខ្ពស់។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ដកស្រង់ប្រភពពីសេវាស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង ចុះផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រទេសកូរ៉េខាងជើងបានប៉ុនប៉ងចំនួនពីរលើករួចមកហើយ ក្នុងការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ដំបូងរបស់ខ្លួននៅក្នុងឆ្នាំនេះ ដែលបានបញ្ចប់ដោយការបរាជ័យ។ ការបាញ់បង្ហោះផ្កាយរណបនេះ គឺជាផ្នែកមួយនៃការជំរុញរបស់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងការពង្រឹងសមត្ថភាពយោធារបស់ខ្លួន ដែលរួមមានមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ, នាវាមុជទឹកបំពាក់មីស៊ីលផ្លោង និងមីស៊ីលលឿនជាងសំឡេង។

ជាងនេះទៅទៀត កូរ៉េខាងជើងក៏ធ្លាប់បានសន្យាដែរថា នឹងប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបជាលើកទី៣ នៅក្នុងខែតុលា ប៉ុន្តែរហូតមកទល់ពេលនេះ នៅពុំទាន់មានសញ្ញាណាមួយបង្ហាញថា ទីក្រុងព្យុងយ៉ាងនឹងបន្តដំណើរការបាញ់បង្ហោះនោះទេ។

សូមរម្លឹកថា លោក គីម បានជួបលោក ពូទីន កាលពីខែកញ្ញា នៅតំបន់ចុងបូព៌ារបស់ប្រទេសរុស្ស៊ី ជាទីដែលលោក គីម បានទស្សនាស្ថានីយបាញ់បង្ហោះយានអវកាសទំនើបរបស់រុស្ស៊ី ដោយជំរុញឱ្យមានការរំពឹងទុកថា ទីក្រុងមូស្គូនឹងជួយដល់កម្មវិធីអវកាសរបស់កូរ៉េខាងជើង ជាថ្នូរនឹងការផ្គត់ផ្គង់សព្វាវុធ៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner