ជំទាវ ម៉ែន នារីសោភ័គ ៖ កាកបាទក្រហមកម្ពុជា មានកាតព្វកិច្ចចាំបាច់ចូលរួមជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជាជំនួយជូនរាជរដ្ឋាភិបាលក្នុងវិស័យមនុស្សធម៌
ពោធិ៍សាត់៖ ជំទាវ ម៉ែន នារីសោភ័គ មានប្រសាសន៍ថា «ក្នុងនាមជាជំនួយជូនរាជរដ្ឋាភិបាលក្នុងវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជា ពិតជាមានកាតព្វកិច្ចចាំបាច់ណាស់ ក្នុងការរួមកម្លាំងជាមួយក្រសួង/ស្ថាប័ន ភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ ក្នុងការអនុវត្តវិស័យជាអាទិភាពនានា ដែលក្នុងនោះមានការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលមានយន្តការគ្របដណ្តប់ទូទាំងប្រទេស និងជាកិច្ចការមួយដែលតែងតែរាយការណ៍ជូនទៅ អង្គការ យូអិនអេដស៍ និង អង្គការ យូអិន អេហ្វ ភី អេ ជារៀងរាល់ឆ្នាំ»។
លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានមានប្រសាសន៍បែបនេះ
ក្នុងពិធីប្រកាសតែងតាំង លោកជំទាវ អាំង សុជាតា ខូយរីដា ជាអនុប្រធានកិត្តិយសសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ អាណត្តិទី៥ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ចំពោះ អភិបាល/អភិបាលរង និង គណៈបញ្ជាការខេត្តពោធិ៍សាត់ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាកម្លាំងគ្នា ជាធនធានសរុប មធ្យោបាយសរុប គ្រប់គ្រងបានគ្រោះមហន្តរាយទឹកជំនន់ និងដោះស្រាយបាន ការឆ្លើយតប និងការស្តារឡើងវិញ ជាពិសេសខាងផ្នែកជីវភាពប្រជាពលរដ្ឋរងគ្រោះ បានទាន់ពេលវេលា មានប្រសិទ្ធភាព ប្រកបដោយបរិយាប័ន្ន និងបញ្ចៀសបានការបាត់បង់អាយុជីវិត, ការខូចខាតទ្រព្យសម្បត្តិ ស្របតាមឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល និងតាមទិសស្លោករបស់កាកបាទក្រហមកម្ពុជា មិនទុកនរណាម្នាក់ចោល»។
ក្នុងដំណើររួមគ្នាឆ្ពោះទៅរកអនាគតរុងរឿង រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចុះយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះបន្តផ្តល់អាទិភាពខ្ពស់ទៅលើការគ្រប់គ្រងគ្រោះមហន្តរាយ ដោយផ្សារភ្ជាប់ ការគ្រប់គ្រងគ្រោះមហន្តរាយទៅនឹងការអភិវឌ្ឍនៅមូលដ្ឋាន ធ្វើយ៉ាងណាធានាជំរុញលំហូរធនធានឱ្យបានកាន់តែរលូនដល់ការគ្រប់គ្រងគ្រោះមហន្តរាយបង្កដោយធម្មជាតិ និងមនុស្សបង្កឡើង នៅតាមសហគមន៍ឱ្យមាន ភាពធន់មាំ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ជាមួយគ្នានេះ លោកជំទាវ អាំង សុជាតា ខូយរីដា ប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ក៏បានថ្លែងប្ដេជ្ញាចិត្តថា នឹងបន្តបេសកកម្មរបស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសង្គ្រោះអាយុវជីវិតប្រជាជនកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ៕
ដោយ គ្រី សម្បត្តិ