មន្ត្រីជំនាញបង្ក្រាបបានសាច់បង្កកខូចគុណភាព ប្រមាណ ៣.៥០០គីឡូក្រាម រួចយកទៅកម្ទេចចោលភ្លាមៗ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះ នៃអគ្គស្នងការនគរបាលរាជធានីភ្នំពេញ បានឆ្មក់បង្ក្រាប និងរឹបអូសសាច់បង្កកខូចគុណភាព និងហួសកាលបរិច្ឆេទប្រមាណ ៣.៥០០គីឡូក្រាមយកទៅកម្ទេចចោល ភ្លាមៗ ខណៈម្ចាស់ទីតាំងត្រូវបានឃាត់ខ្លួនយកទៅសាកសួរបន្ថែមដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
 
យោងតាមផេកហ្វេសបុកផ្លូវការរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាប ការក្លែងបន្លំ ដែលហៅកាត់ថាCCF នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញបានឲ្យដឹងថា ក្រោយពីមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ និងក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តមផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ លោកអគ្ករង ក.ប.ប. សហការជាមួយមន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ ព្រមជាមួយនគរបាលសេដ្ឋកិច្ច នៃអគ្គស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងចុះឆែកឆេរទីតាំងឃ្លាំងស្ដុក និងចែកចាយសាច់បង្កកមួយកន្លែងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

នៅក្នុងប្រតិបត្តិការត្រួតពិនិត្យនោះមន្រ្តីជំនាញក.ប.ប.បានរកឃើញសាច់បង្កកហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពចំនួន ៣,៥០០ គីឡូក្រាម ក្រោយពីបានរកឃើញមន្រ្តីជំនាញបានធ្វើការដកហូតយកម្ទេចចោលភ្លាមៗនៅទីតាំងចាក់សម្រាមខណ្ឌដង្កោផងដែរ ។ 

តាមប្រភពដដែលបានបញ្ជាក់ថា រីឯម្ចាស់ទីតាំងត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅបំភ្លឺនៅអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕

ដោយ ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner