អង្ករកម្ពុជានាំចេញដំបូងទៅប្រទេសឥណ្ឌូនេស៊ី (Video Inside)

កម្ពុជាបានចាប់ផ្តើមនាំចេញអង្ករលើកដំបូងទៅកាន់ប្រទេសឥណ្ឌូណេស៊ី ក្នុងបរិមាណ ៣ពាន់ ៥០០តោន។ អង្ករសរបស់កម្ពុជានាំចេញជើងដំបូងទៅឥណ្ឌូនេស៊ីនេះ បានធ្វើនៅថ្ងៃទី២ វិច្ឆិកា ឆ្នាំ២០២៣។

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាឧកញ៉ា ចាន់ សុឃាំង បានឱ្យដឹងថា កម្ពុជានឹងបន្តដឹកជញ្ជូនអង្ករស ចំនួន ២ជើងបន្ថែមទៀតទៅឥណ្ឌូនេស៊ី ក្នុងបរិមាណសរុប ១ម៉ឺនតោន។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់ទុកការនាំចេញនេះ ជាលទ្ធផល នៃកិច្ចខំប្រឹងប្រែងក្នុងការចរចាបើកទីផ្សារដែលជំរុញលើការនាំចេញអង្ករ។

គួរបញ្ជាក់ថាក្នុងជំនួបមួយរវាងប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ ជាមួយនឹងសម្តេចធិបតីនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា នាទីក្រុងហ្សាកាតា, កម្ពុជាបានយល់ព្រមផ្គត់ផ្គង់អង្ករ ប្រមាណ ២៥ម៉ឺនតោនក្នុងមួយឆ្នាំ ដល់ប្រទេសឥណ្ឌូនេស៊ី ដើម្បីរក្សាបាននូវសុវត្ថិភាពស្បៀង និងការប្រើប្រាស់ក្នុងប្រទេស។

ការព្រមព្រៀងនាំចូលអង្ករពីកម្ពុជារបស់ឥណ្ឌូនេស៊ី បានធ្វើឡើងបន្ទាប់ពីឥណ្ឌាបញ្ឈប់ការនាំចេញអង្ករ ទៅកាន់ប្រទេសឥណ្ឌូនេស៊ី។

អ្នកពាក្យក្រសួងពាណិជ្ជកម្មលោក ប៉ែន សុវិជាតិ បានប្រាប់បណ្តាញព័ត៌មាន កាលពីពេលកន្លងទៅនេះថា ការព្រមព្រៀងផ្គត់ផ្គង់អង្ករប្រមាណ ២៥ម៉ឺនតោនក្នុងមួយឆ្នាំដល់ឥណ្ឌនេស៊ី គឺមានរយៈពេល៤ឆ្នាំ៕

ads banner