សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ និងអរគុណចំពោះកីឡាករ ដាវ លឺឌុច ដែលបានសិក្សាស្វែងយល់អំពីប្រវត្តិក្បាច់ គុណបុរាណខ្មែរ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ និងអរគុណចំពោះកីឡាករ ដាវ លឺឌុច ដែលបានសិក្សាស្វែងយល់អំពីប្រវត្តិក្បាច់គុណបុរាណខ្មែរ ខណៈកីឡាករ ដាវ លឺឌុច ថា ការប្រកួតជាមួយកីឡាករ ព្រំ សំណាង គឺជាព្រឹត្តិការណ៍ ដ៏ធំជាលក្ខណៈប្រវត្តិសាស្ត្រនៅក្នុង តំបន់អាស៊ីអាគ្នេយ៍ ដែលប្រជាជនកម្ពុជា និងប្រជាជនភូមា រួមទាំងប្រជាជន នៃបណ្តាប្រទេសផ្សេងៗទៀតនៅលើពិភពលោក កំពុងរង់ចាំទស្សនា ។

ការស្វាគមន៍របសើសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះក្នុងឱកាសអនុញ្ញាតឱ្យកីឡាករ ដាវ លឺដុឌ (Dave Leduc) ចូលជួបសម្តែងការគួរសម និងសំណេះសំណាល នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ។

ក្នុងជំនួបនេះ សម្តេចធិបតី បានស្វាគមន៍វត្តមានរបស់កីឡាករ ដាវ លឺដុឌ និងភរិយា ព្រមទាំងកីឡាករ ព្រំ សំណាង ក៏ដូចជាក្រុមការងារទាំងអស់ និងបានរំឭកអំពីសារឆ្លើយឆ្លងរបស់កីឡាករ ដាវ លឺដុឌ ពាក់ព័ន្ធនឹងបំណងក្នុងការចូលជួបជាមួយសម្តេច ហើយដែលពេលនេះ គឺបានសម្រេចដូចបំណងប្រាថ្នាហើយ ។

សម្តេចធិបតី ក៏សម្តែងនូវការអរគុណចំពោះកីឡាករ ដាវ លឺដុឌ ដែលបានសិក្សាស្វែងយល់អំពីប្រវត្តិក្បាច់គុណបុរាណខ្មែរ និងបានលើកឡើងបន្ថែមថា ពិតមែនតែប្រទេសនីមួយៗមានវប្បធម៌ប្រពៃណីផ្សេងៗគ្នា ប៉ុន្តែព្រឹត្តិការណ៍ប្រកួតនៅកម្ពុជាលើកនេះ គឺជាការបង្ហាញនូវការគោរពគ្នាទៅវិញទៅមក និងជាការចូលរួមចំណែកក្នុងការរឹតចំណងមិត្តភាពរវាងកម្ពុជា-ភូមា លើផ្នែកក្បាច់គុណប្រពៃណីរបស់ប្រទេសទាំងពីរ ហើយមួយវិញទៀត ក៏ជាផ្នែកមួយនៃការលើកកម្ពស់ការយល់ដឹងអំពីគុនខ្មែរនៅក្នុងមជ្ឈដ្ឋានជាតិ និងការផ្សព្វផ្សាយអំពីគុនខ្មែរឱ្យពិភពលោកបានស្គាល់ ។

ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា តែងបានជំរុញ និងលើកកម្ពស់វិស័យកីឡា ជាពិសេស សម្តេចតេជោ លោកតែងបានយកចិត្តទុកដាក់លើការអភិរក្សក្បាច់គុនខ្មែរជាយូរមកហើយ ។ ចំពោះ សម្តេចធិបតី ផ្ទាល់ លោកក៏ជាអ្នកផ្តួចផ្តើមរៀបចំឱ្យមានការសំយោគក្បាច់គុនល្បុក្កតោ, គុនខ្មែរ និងយុទ្ធក្រមខម ឱ្យក្លាយទៅជាក្បាច់គុនកងយោធពលខេមរភូមិន្ទ ដើម្បីឱ្យកងទ័ពរក្សាបាននូវវិន័យ, សុខភាព និងសិល្បៈការពារខ្លួន ក៏ដូចជាការចូលរួមចំណែកអភិរក្សវប្បធម៌ប្រពៃណីជាតិ ដែលជាកេរដំណែលរបស់បុព្វបុរសខ្មែរបានបន្សល់ទុកសម្រាប់អ្នកជំនាន់ក្រោយ ។

ជាការឆ្លើយតប កីឡាករ ដាវ លឺដុឌ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានផ្តល់កិត្តិយសឱ្យមានជំនួបសម្តែងការគួរសម នាឱកាសនេះ និងបានបង្ហាញនូវការភ្ញាក់ផ្អើលប្រកបដោយមោទកភាព ចំពោះការរាក់ទាក់ទទួលស្វាគមន៍វត្តមានរបស់លោក ពីសំណាក់ប្រជាជនកម្ពុជា ហើយលោកបានចាត់ទុកថា ប្រទេសកម្ពុជា គឺជាផ្ទះទីពីររបស់លោក ។

បន្ថែមលើនេះ កីឡាករ ដាវ លឺដុឌ ក៏បានបញ្ជាក់ផងដែរថា ការសម្រេចចិត្តមកប្រកួតនៅក្នុងប្រទេសកម្ពុជាលើកនេះ គឺមិនមានបំណងអ្វីផ្សេងឡើយ ក្រៅតែពីការប្រកួតជាលក្ខណៈមិត្តភាព ហើយដែលនេះ គឺជាព្រឹត្តិការណ៍ដ៏ធំជាលក្ខណៈប្រវត្តិសាស្ត្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលប្រជាជនកម្ពុជា និងប្រជាជនភូមា រួមទាំងប្រជាជននៃបណ្តាប្រទេសផ្សេងៗទៀតនៅលើពិភពលោកកំពុងរង់ចាំទស្សនា ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner