ស្ថាប័នពាក់ព័ន្ធ កំពុងពិនិត្យនិងសម្រេចផែនជាតិសម្រាប់អនុវត្តកតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៍
ភ្នំពេញ៖ ក្រសួងពាក់ព័ន្ធ និងស្ថាប័នអន្តរជាតិកំពុងពិនិត្យនិងសម្រេចផែនជាតិសម្រាប់អនុវត្តកតិកាសញ្ញាពិភពលោកស្តីពីទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ ដើម្បីធ្វើយ៉ាងណាឱ្យទេសន្តរប្រវេសន៍ទាំងក្នុងប្រទេសកម្ពុជា និងប្រទេសផ្សេងទៀត មិនរងនូវការកេងប្រវ័ញ្ចកម្លាំងពលកម្ម។
មុននឹងអនុវត្តផែនការជាតិនេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស(គ.ជ.ប.ជ.) កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំបច្ចេកទេសថ្នាក់ជាតិ ស្តីពីការពិនិត្យនិងសម្រេចផែនការជាតិសម្រាប់ការអនុវត្តកតិកាសញ្ញាពិភពលោកខាងលើ ដែលមានការចូលរួមពីអង្គការអន្តរជាតិទេសន្តរប្រវេសន៍(IOM) ក្រសួង ស្ថាប័ន អង្គការដៃគូជាតិ និងអន្តរជាតិផងដែរ។
លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ. បានប្រាប់នៅថ្ងៃទី២ ខែវិច្ឆិកានេះថា នៅក្នុងកិច្ចប្រជុំបច្ចេកទេសថ្នាក់ជាតិនេះ មានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន ដើម្បីធ្វើការត្រួតពិនិត្យ ព្រោះកម្ពុជាជាប្រទេសហត្ថលេខីមួយនៅក្នុងចំណោមប្រទេស១៨៣នៅលើពិភពលោក ដែលចូលជាសមាជិកនៃកតិកាសញ្ញាពិភពលោកនេះ។
លោកជំទាវបន្តថា ដូច្នេះដើម្បីអាចអនុវត្តកតិកាសញ្ញាពិភពលោកនេះបាន គឺត្រូវរៀបចំផែនការជាតិសំខាន់ៗក្នុងនោះរួមមាន៖ ១.ប្រមូលនិងប្រើប្រាស់ជាមូលដ្ឋាន នូវទិន្នន័យដែលសុក្រឹតសម្រាប់គោលនយោបាយផ្អែកលើភស្តុតាង,២. គ្រប់គ្រងព្រំដែនរួមគ្នាដោយសុវត្ថិភាព និងស៊ីសង្វាក់គ្នានិងទី៣ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូសកលស្តីពីទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់។
លោកជំទាវបញ្ជាក់ថា៖ «ការអនុវត្តកតិកាសញ្ញាពិភពលោកហ្នឹង គឺវាមានសារៈសំខាន់ណាស់ សម្រាប់ឱ្យយើងជួយគ្នា រៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីធ្វើយ៉ាងណាឱ្យទេសន្តរប្រវេសន៍ទាំងប្រទេសយើង និងប្រទេសគេ ប្រកបដោយសុវត្ថិភាព»។
បើតាមលោកជំទាវ ជូ ប៊ុនអេង នៅក្នុងឆ្នាំ២០២៤ខាងមុខនេះ កម្ពុជានឹងបង្ហាញលទ្ធផលមួយចំនួនដែលខ្លួនអាចធ្វើបាននៅក្នុងគោលបំណងផែនការជាតិសម្រាប់អនុវត្តកតិកាសញ្ញាពិភពលោកនេះ៕
ដោយ៖ ជា សុខនី